អានតួអត្ថបទ
អាមេរិក-ហុងកុង-ចិន

អាមេរិក​និង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​​បារម្ភ​​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ប្រ​ជា​ធិប​តេយ្យ​ហុងកុង

សហរដ្ឋ​អាមេរិក​ អង់គ្លេស​ អូស្ត្រាលី​ និង​កាដាណា​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ៩ មករា​ម្សិលមិញ​ ដោយ​សម្តែង​ពី​ក្តី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ប្រជាធិតេយ្យ​ហុងកុង​ច្រើន​រហូត​ដល់​ជាង ៥០ នាក់​។ ជា​ការ​ចាប់​ខ្លួន​ទ្រង់ទ្រាយ​ធំមិ​ន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​ និង​​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ថ្មី​ដែល​តាក់តែង​ឡើង​ដោយ​ចិន​។

សកម្មជនប្រជាធិបតេយ្យឈ្មោះ Lester Shum ត្រូវបានចាប់ខ្លួនដោយប៉ូលិសបន្ទាប់ពីសកម្មជនហុងកុងជាង ៥០ នាក់ត្រូវបានចាប់ខ្លួនដោយផ្អែកតាមច្បាប់សន្តិសុខជាតិថ្មីកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១។
សកម្មជនប្រជាធិបតេយ្យឈ្មោះ Lester Shum ត្រូវបានចាប់ខ្លួនដោយប៉ូលិសបន្ទាប់ពីសកម្មជនហុងកុងជាង ៥០ នាក់ត្រូវបានចាប់ខ្លួនដោយផ្អែកតាមច្បាប់សន្តិសុខជាតិថ្មីកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១។ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

អ្នក​នយោបាយ​និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​សរុប​ប្រមាណ​ ៥៥ នាក់​ ត្រូវ​បាន​ចាប់​ខ្លួនដោយ​ផ្អែក​លើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​។ ចំណាត់ការ​នេះ​បង្ហាញពី​សកម្មភាព​បង្ក្រាប​ដែល​មាន​សន្ទុះ​ខ្លាំង​ជាងមុន​ពី​សំណាក់​រដ្ឋាភិបាល​ក្រុងប៉េកាំង​។ នេះ​បើ​យោង​​ទៅតាម​សារ​ដែល​មាន​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច​រួមមាន​អង់គ្លេស​ អូស្ត្រាលី​ និង​កាដាណា​។

កាលពី​ថ្ងៃទី​ ៦ មករា​ ប៉ូលិស​ហុងកុង​បាន​ចាប់​ឃុំ​ខ្លួន​ឥស្សរ​ជន​លេច​ធ្លោ​ចំនួន​ ៥៣ នាក់​ ក្នុង​នោះ​រួមមាន​ទាំង​មេធាវី​ជនជាតិ​អាមេរិកាំងម្នាក់ផង​ពីបទ​ “ វិទ្ធង្សនា​” ដែលជា​បទ​ឧក្រិដ្ឋ​សន្តិសុខជាតិ​ថ្មី​មួយ​ និង​ដែលអាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

ការចាប់​ខ្លួន​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​ជួបនេះ​គឺជា​យុទ្ធនាការ​បង្ក្រាប​ចុងក្រោយ​បង្អស់​ របស់​ក្រុង​ប៉េកាំង​ដើម្បី​បោសសម្អាត​សកម្មភាព​ប្រឆាំង​តវ៉ាផ្សេងៗ​នៅក្នុង​ទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​ហុងកុង​ បន្ទាប់ពី​មនុស្ស​រាប់លាននាក់​បាន​នាំ​គ្នា​ចុះផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ឆ្នាំ​ ២០១៩​ ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​។

បណ្តា​ប្រទេស​លោកខាងលិច​ បាន​ចោទ​ប្រកាន់​ចិនដីគោក​ថា​បាន​ប្រើ​សកម្មភាព​បង្ក្រាប​ដើម្បី​បិទ​ខ្ទប់​សិទ្ធិ​សេរីភាព​ដែល​ត្រូវ​បាន​សន្យា​ថែរក្សា​ការពារ​នៅហុងកុង​ក្រោម​លក្ខន្តិកៈ​ “ប្រទេស​មួយ​ប្រព័ន្ធពីរ​” នៅពេលដែល​ប្រទេស​អតីត​អាណានិគម​និយម​អង់គ្លេស​ប្រគល់​កោះហុងកុង​ត្រឡប់ឲ្យ​ចិនវិញក្នុង​ឆ្នាំ ១៩៩៧​។

នៅគ្រា​កន្លងមក​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើមន្ត្រី​ចិន​ និង​ហុងកុង​ជាច្រើន​រូប រួមទាំង​មេដឹកនាំ​ហុងកុង​លោកស្រីការី​ ឡាំ ផងដែរ​។ ចំណែក​នៅសប្តាហ៍នេះ​វិញ​ ប្រមុខ​ការ​បរទេស​អាមេរិក​លោក​ម៉ៃក៏ ប៉ុមប៉េអូ​ បាន​និយាយថា​រដ្ឋ​បាល​លោកត្រាំ​ នឹង​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ ក្រោយពេល​មានការចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ក្នុង​ទ្រង់​ទ្រាយធំ​។

គួរ​រំឭក​ជូនថា​ សកម្មជន​បក្ស​ប្រឆាំង​ដែល​ជា​អ្នក​ស្នេហាលទ្ធិ​ប្រជាធិបតេយ្យជាង​ ៥០​នាក់​ក្នុង​នោះ​មាន​​ពលរដ្ឋ​អាមេរិក​ម្នាក់​ផង​ត្រូវ​បាន​មន្រ្តី​ប៉ូលិស​ហុងកុង​ជាង​ ១ ពាន់​នាក់​ លប​ឆ្មក់​ចាប់​ខ្លួន​កាល​ពីព្រឹក​ថ្ងៃពុធ​ ទី៦​ មករា​ ឆ្នាំ២០២១​នេះ​ ពី​បទ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​។

ក្រុមអ្នក​ប្រជាធិបតេយ្យ​​យល់​ថាការ​ចាប់​ខ្លួន​នេះ​ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹងការ​រៀបចំ​ការ​បោះឆ្នោត​​ផ្ទៃក្នុងមួយ​កាល​ពី​ថ្ងៃទី១១​កក្កដា ២០២០​ របស់​បក្ស​ប្រជាធិប​តេយ្យ​ហុងកុង​ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​សម្រាប់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​សភា​៕​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ