អានតួអត្ថបទ
វ៉ាក់សាំងចិន

ទីភ្នាក់ងារ​ឱសថ​ចិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិតក្នុងស្រុក

អាជ្ញាធរសុខភាព​ចិន បាន​ប្រកាស នៅ​ថ្ងៃ​ប្រហស្បតិ៍នេះ ថា ខ្លួន​បាន​ផ្តល់ភ្លើងខៀវ ​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការជំងឺកូវីដ ដែល​ផលិតឡើង​ដោយ​មន្ទីរពិសោធន៍ក្នុង​ស្រុកចិន ឈ្មោះ Sinopharm។ មន្ទីពិសោធន៍​ Sinopharm ទើបតែ​បាន​ប្រកាស កាលពី​ថ្ងៃ​ពុធថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធិភាព ដល់​ទៅ ៧៩,៣៤%។ 

គំរូវ៉ាក់សាំង​របស់​ក្រុមហ៊ុន​Sinopharm តាំងនៅទីក្រុង​ប៉េកាំងនៅខែ​កញ្ញា ឆ្នាំ ២០២០
គំរូវ៉ាក់សាំង​របស់​ក្រុមហ៊ុន​Sinopharm តាំងនៅទីក្រុង​ប៉េកាំងនៅខែ​កញ្ញា ឆ្នាំ ២០២០ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្នីសិទ​កាសែត នៅទីក្រុង​ប៉េកាំង អនុប្រធាន​របស់​ទីភ្នាក់ងារ​ឱសថ​ជាតិ​ចិន បាន​ប្រកាស​ថា ទីភ្នាក់ងារ​បាន​អនុញ្ញាត ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ ឲ្យ​គេ​អាច​ប្រើប្រាស់​វ៉ាក់សាំង​Sinopharm សម្រាប់​ចាក់បង្ការ​ជំងឺកូវីដ​១៩។

ទីភ្នាក់ងារ​ឱសថ​ចិន​បាន​ប្រើ​ពាក្យ អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ ព្រោះថា វ៉ាក់សាំង​Sinopharm នៅមិនទាន់ បញ្ចប់​ការសាកល្បង នៅ​ដំណាក់កាល​ទី​៣​ជា​ស្ថាពរ ទៅតាម​ស្តង់ដារ អន្តរជាតិ នៅឡើយទេ ប៉ុន្តែ លទ្ធផល​តេស្ត សាកល្បង បាន​បង្ហាញ​ហើយថា វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព។

នៅក្នុង​សន្នីសិទ​ដដែល អនុរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ចិន លោក​Zeng Yixin បានបញ្ជាក់ថា ការអនុញ្ញាតិ​របស់​ទីភ្នាក់ងារ​ឱសថ​ចិន នឹង​ធ្វើ ឲ្យ​គេ​អាច​ពង្រីក ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជាសាធារណៈ ទៅដល់​ក្រុម​ដែល​ប្រឈមខ្លាំង​ដូចជា​មនុស្ស​ចាស់ និង​អ្នកដែលមាន​សុខភាព​ទន់ខ្សោយ​ជាដើម។ បើតាម​អនុរដ្ឋមន្រ្តី​ចិន គេ​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង ដល់​ប្រជាជន ប្រមាណ ៦០% ទៅ ៧០% នៃ​ប្រជាជន​ចិន​សរុប ដើម្បី អាច​ធានា​ការពារ​ទាំងស្រុង​ប្រជាជន​ពី​ជំងឺកូវីដ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​ចិន​បានអះអាងដែរថា គិត​មក​រហូតមកដល់​ថ្ងៃ​នេះ គេ​បាន​ប្រើប្រាស់​បេក្ខជន​វ៉ាក់សាំង របស់​ចិន សម្រាប់​ចាក់​ទៅលើ​មនុស្ស​៤លាន ៥សែននាក់ ដែលនៅក្នុង​នោះ មួយចំនួន​ជា​បុគ្គលិក​ពេទ្យ និងពលករ និស្សិត ចិន​ដែល​ត្រូវ​ធ្វើដំណើរ​ទៅបរទេស។

តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ BBC នៅ​មុន​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ វ៉ាក់សាំង​Sinopharm​ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចិន យក​ទៅ​ចាក់លើ​ជនជាតិ​ចិន ១លាននាក់ កាលពីរដូវក្តៅ កន្លងទៅ នៅក្នុង​ក្របខ័ណ្ឌ កម្មវិធីបន្ទាន់ ដ៏ចម្រូងចម្រាស​មួយ។ ទោះស្ថិតក្នុង​ដំណាក់កាល​សាកល្បង វ៉ាក់សាំង ​Sinopharm ត្រូវ​បាន​ចុះបញ្ជី​ដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ នៅ ប្រទេស​អេមីរ៉ា អារ៉ាប់រួម នៅ​ដើម​ខែ​ធ្នូនេះ បន្ទាប់​ពីការធ្វើតេស្ត សាកល្បង​បង្ហាញ​ថា វ៉ាក់សាំង ​Sinopharm មាន​ប្រសិទ្ធិភាព​ដល់ ៨៦%។ សម្រាប់​អ្នកជំនាញ​សុខភាព ការបើកភ្លើងខៀវ​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ​វ៉ាក់សាំង ដែល​នៅមិនទាន់​បិទបញ្ចប់​ដំណាក់កាល​សាកល្បង ទី​៣ ដូចក្នុង​ករណី​វ៉ាក់សាំង​Sinopharm ​របស់​ចិន គឺ​ជារឿង​ដែល​មិនអាច​ទទួល​យកបាន​នោះទេ ជាពិសេស នៅក្នុង​បណ្តា​ប្រទេស​លោកខាងលិច។

មួយវិញទៀត បើប្រៀបធៀប​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក Pfizer និង​Moderna ដែល​មាន​ប្រសិទ្ធិភាព ដល់​ទៅ ៩០% វ៉ាក់សាំង​Sinopharm​មាន​ប្រសិទ្ធិភាព តិចជាង (៧៩%) ប៉ុន្តែ ដោយសារ​លក់ក្នុង​តម្លៃថោក វា​ងាយនឹង​ប្រកួតប្រជែងជាង ជាពិសេស នៅទីផ្សារ​អាស៊ី និងអាហ្វ្រិក។ កន្លងទៅ ចិន​ដែល​ចង់​ដឹកនាំមុខ គេ ខាងជួយសង្រ្គោះ ពិភពលោក​ពីជំងឺរាតត្បាតកូវីដ បាន​ប្រកាស​ហើយថា ខ្លួន​នឹង​ចែករំលែក ដោយ​ឥតគិតថ្លៃ ឬ​លក់​វ៉ាក់សាំង​ក្នុង​តម្លៃថោក សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ