អានតួអត្ថបទ
សេដ្ឋកិច្ចវៀតណាម-កូវីដ១៩

វិបត្តិ​​កូវីដ​​បណ្តាល​​ឲ្យ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន

នៅ​វៀតណាម​ រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៧​ ធ្នូ​ អំពី​កំណើន​សេដ្ឋកិច្ច​ចំនួន ២,៩១ % នៅ​ក្នុង​ឆ្នាំ​ ២០២០​នេះ។ អត្រា​កំណើន​ ២,៩១ % ​ មាន​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​នោះទេ​ក្នុង​រយៈពេល​ជាង​ ៣០​ឆ្នាំ​កន្លង​មក​នេះ​ ដោយសារ​តែ​ផល​ប៉ះពាល់​ពី​វិបត្តិ​កូវីដ១៩​។

កំណើនសេដ្ឋកិច្ចវៀតណាមផ្លូវការ ២,៩១ % មានលើសពីចំនួនដែលបានព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ២,៤%។
កំណើនសេដ្ឋកិច្ចវៀតណាមផ្លូវការ ២,៩១ % មានលើសពីចំនួនដែលបានព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ២,៤%។ Manan VATSYAYANA AFP/File
ផ្សាយពាណិជ្ជកម្ម

ជា​រដ្ឋ​កុម្មុយនិស្ត​ វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​អាស៊ី​។ ហើយ​អត្រា​កំណើន​ឆ្នាំ​ ២០២០​នេះ​ ក្នុង​ចំនួន​ ២,៩១ %​ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​កម្រ​មាន​សម្រាប់​ទីក្រុង​ហាណូយ​។

អត្រា​កំណើន​ ២,៩១ %​  គឺ​ជា​អត្រា​មួយ​ទាប​បើធៀប​ទៅ​នឹងអត្រា​កំណើន​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​ទៅមិញ​ ដែល​មាន​ចំនួន​ ៧​%។ ក៏ប៉ុន្តែ ​វា​គឺ​ជា​អត្រា​កំណើន​ល្អ​បំផុត​មួយ​ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បណ្តាលមក​ពី​ជំងឺ​រាតត្បាត​កូវីដ១៩​។

មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ បាន​ចាត់ទុកអត្រា​កំណើននេះ​ជា​ជោគជ័យ​ដ៏ធំធេង​មួយ​។ ការិយាល័យ​ស្ថិតិ​ទូទៅ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ​ (GSO) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នាថ្ងៃអាទិត្យ​ ទី២៧​ ធ្នូ​ថា​ កំណើន​សេដ្ឋកិច្ច​នៅត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​ មាន​ចំនួន​ ៤,៤៨%​ ដែលនេះ​ជា​កត្តា​រួម​ចំណែក​រុញ​ឲ្យ​អត្រា​ប្រចាំ​ឆ្នាំ​កើន​ឡើង​ដល់​ ២,៩១%​។

"នៅ​ក្នុង​បរិបទ​នៃ​ការឆ្លងរាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​ ដែល​បង្ក​ជា​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ អត្រា​កណើន​សេដ្ឋកិច្ច​នេះ​គឺជា​ជោគជ័យ​ដ៏ធំធេង​ណាស់​សម្រាប់​ប្រទេស​វៀតណាម​"។ នេះ​គឺជា​ខ្លឹមសារ​ដែល​ GSO បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខាងលើ​។

ខណៈ​ដែល​ប្រទេស​ជាច្រើន​ទទួល​រង​គ្រោះខ្លាំង​ពី​ករណី​ឆ្លង​ និង​អត្រា​ស្លាប់​ខ្ពស់​ដោយ​សារ​កូវីដ​ ប្រទេស​វៀតណាម​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​រហូតដល់​ទៅ​ប្រមាណ​ ៩៧ លាន​នាក់​ មាន​អត្រា​អ្នកឆ្លង​កូវីដ​នៅទូទាំងប្រទេស​តិចជាង​ ១ ៥០០​នាក់​ និង​អ្នក​ស្លាប់ត្រឹម​តែ​ ៣៥នាក់​ប៉ុណ្ណោះ​។

វៀតណាម ​ទទួល​បាន​ការ​កោត​សរសើរ​ពី​ពិភពលោក​ចំពោះ​ការ​ចាត់​វិធានការ​តឹងរ៉ឹង​ភ្លាម​ៗ​ និង​ប្រកប​ដោយ​ជោគជ័យ​គួរឲ្យ​កត់សម្គាល់ ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដើម្បី​ការពារ​កុំឲ្យ​វា​អាច​ចម្លង​មេរោគ​បាន​លឿន​ ហើយ​អាច​បើក​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ចាប់​ដំណើរការ​ឡើង​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។

គួរជម្រាបជូនថា​ កំណើន​សេដ្ឋកិច្ច​វៀតណាម​ផ្លូវការ​មាន​លើសពី​ចំនួន​ដែល​បាន​ព្យាករ​ដោយ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​ ដែលថា​ សេដ្ឋកិច្ច​វៀតណាម​ នៅ​ក្នុង​ឆ្នាំ២០២០​នេះ អាច​មាន​កំណើន​ ២,៤%​។

ចំណែក​ ធនាគារ​ពិភពលោក​វិញ​បាន​លើកឡើងថា ​វៀតណាម​ទំនងជា​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ ២០២១​ ខាងមុខ​ដោយ​អាច​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន​ ៦,៨%​ឯណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ