អានតួអត្ថបទ
ភូមា

បោះឆ្នោតភូមា៖ គណបក្ស​លោកស្រី​​អ៊ុងសាន ​ស៊ូជី ប្រកាសថា​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី

កាលពីថ្ងៃអាទិត្យ​ទី​៨វិច្ឆិកា ប្រជាជនភូមា បានចូលរួមបោះឆ្នោតសភាអាណត្តិថ្មី ដែលនេះ​គឺ ជាលើកទី​២ហើយ បន្ទាប់​ពី​របបសិក បាន​បិទបញ្ចប់ជាផ្លូវការ។ គណបក្សសម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ ​របស់លោកស្រីអ៊ុងសាន ស៊ូជី បានប្រកាសថាលើកនេះ ខ្លួនបានទទួលជ័យជំនះភ្លូកទឹកភ្លូកដី លើសកាល​ពីលើកមុនទៅទៀត។ តែយ៉ាងណា អង្គការសិទ្ធិមនុស្សខ្លះបានលើកឡើងថា ការបោះឆ្នោត​នេះ​ ពុំមាន​ភាព​​សេរីនិងសកល​ទេ។

សកម្មជនគណបក្ស​សម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ​ (NLD) កាន់រូបថត​លោកស្រី​អ៊ុងសាន ស៊ូជី ដើម្បីអបអរ​ជ័យជំនះ​ក្នុងការ​បើឆ្នោត​អាណត្តិ​ថ្មី។ ក្រុងរង់ហ្គូន ថ្ងៃទី​៩ វិច្ឆិកា ២០២០
សកម្មជនគណបក្ស​សម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ​ (NLD) កាន់រូបថត​លោកស្រី​អ៊ុងសាន ស៊ូជី ដើម្បីអបអរ​ជ័យជំនះ​ក្នុងការ​បើឆ្នោត​អាណត្តិ​ថ្មី។ ក្រុងរង់ហ្គូន ថ្ងៃទី​៩ វិច្ឆិកា ២០២០ REUTERS - SHWE PAW MYA TIN
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង AFP លោក Myo Nyunt អ្នកនាំពាក្យគណបក្ស​​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានអះអាងថា ថ្វីបើលទ្ធផល​ផ្លូវការ នឹងត្រូវប្រកាសក្នុងរវាងប៉ុន្មានថ្ងៃខាងមុខក្តី​ ក៏ប៉ុន្តែគណបក្ស​​លោកជឿទុកចិត្តថា លើកនេះ ប្រជាជនភូមាបានបោះឆ្នោត ជូបបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ យ៉ាងភ្លូកទឹកភ្លូកដី។ លោកបន្ថែមថា​ លើកនេះ គណបក្សលោក​ប្រហែលជាបានបំបែកឯកត្តកម្មចំនួនអាសនៈ លើសកាលពីការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៥។

គួរកត់សំគាល់ថា ថ្វីបើ​ស្ថិតក្នុងស្ថានភាពឆ្លងរាលដាលជំងឺកូវីដ​១៩ គួរឲ្យ​បារម្ភ តែប្រជាជនភូមា បាន​ទៅចូលរួមបោះឆ្នោតសភា អាណត្តិថ្មី កាលពីថ្ងៃអាទិត្យទី​៨វិច្ឆិកា យ៉ាងច្រើនកុះករ។ នៅយប់ថ្ងៃអាទិត្យ ក្រុម​សកម្មជន និងអ្នកគាំទ្រ គណបក្ស​សម្ព័ន្ធ​ជាតិដើម្បីប្រជាធិបតេយ្យ បានធ្វើការជួបជុំគ្នា ដើម្បីអបអរជ័យជំនះ ថែម​ទៀតផង។

តែយ៉ាងណាក៏ដោយ មានអង្គការសិទ្ធិមនុស្ស​មួយច​ំនួន​ធំ បាន​បរិហារការបោះឆ្នោតនៅភូមានេះ ថាមិនឆ្លើយ​តបទៅនឹងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យទេ។ ការបោះឆ្នោតលើក​នេះ​ បានប្រព្រឹត្តិធ្វើទៅ ​តែនៅតាមរដ្ឋ ឬតំបន់ដែលមាន​ជនជាតិភូមារស់នៅច្រើនបំផុត។ ចំណែក​រដ្ឋមួយចំនួន​ ដែលម​ាន​ជនជាតិ​​ភាគតិច​រស់នៅច្រើន គេមិនបានរៀបចំការបោះឆ្នោតទេ ដោយសំអាងថាមានបញ្ហា​អសន្តិសុខ​។ ក្នុងន័យនេះ គណបក្សផ្សេងៗ ដែល​តំណាងឲ្យ​សម្លេងជនជាតិភាគតិច គឺ​ត្រូវគេធីបចោល។ យ៉ាងណាមិញ ប្រជាជនរ៉ូហ៊ីងយ៉ាងប្រមាណ៦សែននាក់​ ដែលរស់នៅ​ភាគខាងលិចភូមា គឺ​ពួកគេគ្មានសិទ្ធិបើឆ្នោតឡើយ។ លោក Ismail Wolff តំណាងអង្គការ​ Fortify Rights បានលើកឡើងថា ការ​បោះឆ្នោត​នៅ​ភូមានេះ មិនមានលក្ខណៈសេរី និងសកល ដូចមានចែងក្នុងគោលការណ៍គ្រិះនៃច្បាប់អន្តរជាតិទេ។

គួររំលឹកថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី បានឈ្នះឆ្នោតកាលពីឆ្នាំ២០១៥។ ក៏ប៉ុន្តែ​បក្សនេះ បាន​សុខចិត្តបែងចែកអំណាច គ្រប់គ្រងប្រទេសជាមួយនឹងក្រុមយោធា ដែលកាន់កាប់អាសន្នៈសភា ចំនួន​២០%។ ក្រសួងធំៗ៣ គឺក្រសួង​មហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួង​កិច្ចការព្រំដែន ត្រូវបានប្រគល់ទៅឲ្យ​ក្រុមយោធា។ ចំណែក​លោកស្រី អ៊ុងសាន ស៊ូជី បានត្រឹមទទួលតំណែងជា​ទីប្រឹក្សាពិសេសរបស់រដ្ឋប៉ុណ្ណោះ ដោយ​សាររដ្ឋធម្មនុញ្ញសរសេរដោយ​ក្រុមយោធា បាន​ដាក់រនាំង មិន​ឲ្យ​អ្នកដែលមានប្តី ឬប្រពន្ធជាជនជាតិបរទេស ឡើងកាន់តំណែងជាប្រធានាធិបតី។

គួរកត់សំគាល់ដែរថា ថ្វីបើ​លោក​ស្រីអ៊ុងសាន ស៊ូជី នៅតែត្រូវបានប្រជាជនភូមា គោរពស្រលាញ់ក្នុងស្រុក ក៏ប៉ុន្តែនៅលើឆាកអន្តរជាតិឯនោះវិញ កិត្តិយសរបស់​លោកស្រីអ៊ុងសាន ស៊ូជី បានធ្លាក់ចុះជាខ្លាំង។ គេបានរិះគន់ពីភាពកំសាក និងភាព​អសកម្មរបស់លោកស្រី ដែល​បណ្តោយឲ្យ​មានការកាប់សម្លាប់ ធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ