អានតួអត្ថបទ
ហ្វ៊ីលីពីន-ខ្យល់ព្យុះ

មួយសប្តាហ៍​​ក្រោយ​ព្យុះ​ទីហ្វុង​​ម៉ូឡាវ ហ្វ៊ីលីពីន​កំពុងរងគ្រោះ​​ដោយ​ព្យុះ​ទីហ្វុង​ហ្គោនី

ខ្យល់ព្យុះទីហ្វុងមួយ​ទៀត ឈ្មោះ ហ្គោនី (Goni) កំពុងតែបោកបក់នៅប្រទេសហ្វ៊ីលីពីន។ មានមនុស្ស​យ៉ាង​ហោច ៤នាក់បានស្លាប់ និង​ប្រជាជន​ប្រមាណ​ជាង​៣សែននាក់ ត្រូវបានអាជ្ញាធរជន្លៀសចេញពីផ្ទះសម្បែង។ កាលពីសប្តាហ៍មុន ហ្វ៊ីលីពីនក៏បានរងគ្រោះគ្រោះដោយ​ខ្យល់ព្យុះទីហ្វុង មួយរួចទៅហើយ គឺខ្យល់ព្យុះ ម៉ូឡាវ (Molave) ដែលបានបណ្តាលឲ្យ​ស្លាប់មនុស្ស​ចំនួន​២២នាក់។

បរុសម្នាក់បាន​ត្រឹមតែ​អង្គុយ​សម្លឹងមើលផ្ទះ ដែលត្រូវ​ជនលិចដោយទឹកជំនន់ បង្កឡើង​ខ្យល់ព្យុះ Goni នៅខេត្ត​ Albay ថ្ងៃទី​១ វិច្ឆិកា ២០២០
បរុសម្នាក់បាន​ត្រឹមតែ​អង្គុយ​សម្លឹងមើលផ្ទះ ដែលត្រូវ​ជនលិចដោយទឹកជំនន់ បង្កឡើង​ខ្យល់ព្យុះ Goni នៅខេត្ត​ Albay ថ្ងៃទី​១ វិច្ឆិកា ២០២០ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

បើតាមអាជ្ញាធរឧត្តុនិយម​ហ្វ៊ីលីពីន ខ្យល់ព្យុះទីហ្វុង ហ្គោនី (Goni) ដែលកំពុងតែបោកបក់លើ​ប្រទេសហ្វ៊ីលីពីន​​នាពេលនេះ ទំនងជាព្យុះទីហ្វុង ដែលមានកម្លាំងខ្លាំងជាងគេបំផុត ក្នុងឆ្នាំនេះ។ នៅម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃអាទិត្យ ព្យុះហ្គោនី បានចាប់ផ្តើម​បោកបក់ លើកោះ​ ​Catandouanes ភាគឥសានហ្វ៊ីលីពីន ជាមួយ​នឹងល្បឿនខ្យល់ ប្រមាណ២២៥គីឡូម៉ែត្រក្នុងមួយ​ម៉ោង អមដោយទឹកភ្លៀងដ៏ជោគជាំ។

កម្លាំងខ្យល់កន្ត្រាក់ បានបោកគួចយកដំបូល និងផ្ទះសម្បែងប្រជាជនរាប់ម៉ឺនខ្នង។ ទឹកភ្លៀង​ បានជន់លិច​យ៉ាងខ្លាំង នឹងបានផ្តាច់ផ្លូវ ក្នុងខេត្ត Albay។ នាយក​ក្រុមការងារ​ការពារប្រជាជនស៊ីវីល បានអះអាងថា យ៉ាងហោចណាស់ មានមនុស្ស​ប្រមាណ​៣៤៥០០០នាក់ ត្រូវបាន​បញ្ជូនរំដោះចេញ ពី​តំបន់​ប្រឈមខ្លាំង។

តាមការប្រកាសរបស់​ អាជ្ញាធរឧត្តុនិយមហ្វ៊ីលីពីន ព្យុះទីហ្វុង ហ្គោនី​ កំពុងរំកិលខ្លួន ខិតទៅលើ​​តំបន់​កោះ Luçon ដែលស្ថិតនៅភាគខាងជើង ហើយ​ដែល​ស្ថិតនៅក្បែរទីក្រុង​ម៉ានីល។ ប្រជាជន​មួយ​ចំនួន​ ដែលរស់​នៅ​ក្នុង​សង្កាត់សំណង់អាណាធិបតេយ្យ ជាយក្រុង​ម៉ានីល បាននាំគ្នាភៀសខ្លួន ទៅរកទីទួលមានសុវត្ថិភាព។ ព្រលានយន្តហោះអន្តរជាតិទីក្រុងម៉ានីល ក៏ត្រូវបិទទ្វារផងដែរ ដោយខ្លាច​​​ក្រែងមានទឹកជំនន់។

អាជ្ញាធរឧត្តុនិយមហ្វ៊ីលីពីន អះអាងថា ព្យុះទីហ្វុង ហ្គោនី នឹងថយកម្លាំងបន្តិចម្តងៗ ពេលដែលវារំកិលខ្លួន​ទៅកាន់សមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ នៅខាងលើ​មហាសមុទ្រប៉ាស៊ីហ្វិកឯនោះវិញ ខ្យល់ព្យុះទីហ្វុងមួយទៀត កំពុង​តែប្រមូលផ្តុំកម្លាំង ហើយ​នឹងរំកិល​មកឆ្លងកាត់​ ប្រជុំកោះប្រទេសហ្វ៊ីលីពីន ក្នុង​រវាងប៉ុន្មានថ្ងៃខាងមុខទៀត។

សូមបញ្ជាក់ ហ្វ៊ីលីពីន តែងតែរងគ្រោះ ដោយ​ខ្យល់ព្យុះត្រូពិក និងព្យុះទីហ្វុង ចំនួន​ជាង​២០ដង​ ជារៀងរាល់ឆ្នាំ។ គ្រោះធម្មជាតិ​ជាប្រចាំនេះ បាន​ធ្វើឲ្យ​ខូចខាតផ្ទះសម្បែងប្រជាជន បំផ្លាញ​ផលដំណាំ បំផ្លាញ​ហេដ្ឋរចនាសម្ព័ន្ធ និងបានធ្វើឲ្យ​ប្រជាជនក្នុងតំបន់នេះ រស់នៅក្នុងភាពក្រីក្រ ឥត​ស្រាកស្រាន្ត។ កាលពីឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan ដ៏មានកម្លាំងខ្លាំងបំផុត បានសម្លាប់ជីវិត​ប្រជាជន​ហ្វ៊ីលីពីន ចំនួន​៧៣០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ