អានតួអត្ថបទ
ជំងឺរាតត្បាត-សកម្មភាពមនុស្ស

អ.ស.ប​៖ រោគ​រាត​ត្បាត​នា​​ពេល​អនាគត​ទំនង​ជា​កាន់​តែ​សាហាវ​និង​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន

សព្វថ្ងៃនេះ​ កូវីដ១៩​ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំងឺ​រាតត្បាត​ដ៏​កាចសាហាវ​ និង​កំពុង​ធ្វើឲ្យ​ពិភព​លោក​ក្រពុល​មុខជាខ្លាំង​។ ក៏ប៉ុន្តែ​ នាពេលអនាគត​ មនុស្ស​លោក​យើង​អាចប្រឈម​ទៅនឹង​មហន្តរាយ​សុខភាព​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​។ ជាក់ស្តែង​នាពេល​ថ្មីៗនេះ​ ក្រុមប្រឹក្សា​ជីវ​ចម្រុះ​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា​ ជំងឺរាតត្បាត​នឹង​កើត​ឡើង​ញឹកញាប់​ជាង​ពេលបច្ចុប្បន្ន​ សម្លាប់​មនុស្ស​កាន់តែច្រើន​ និង​ធ្វើឲ្យ​ខូចខាត​កាន់​តែ​ធ្ងន់​ធ្ងរ​​ដល់​សេដ្ឋកិច្ច​ពិភពលោក​ជាង​ជំងឺកូវីដ​ទៅទៀត​ប្រសិនបើ​គ្មានការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៃ​សកម្មភាព​ដែល​មនុស្ស​ធ្វើ​ចំពោះ​ធម្មជាតិ​ទេនោះ​។

អ.ស.ប បានព្រមានថាមានជំងឺថ្មីចំនួន ៥ កើតឡើងក្នុងចំណោមមនុស្សជារៀងរាល់ឆ្នាំ ហើយគ្រប់ប្រភេទជំងឺទាំងនោះសុទ្ធតែមានសក្តានុពលអាចវិវត្តខ្លួនក្លាយជាជំងឺរាតត្បាតបាន
អ.ស.ប បានព្រមានថាមានជំងឺថ្មីចំនួន ៥ កើតឡើងក្នុងចំណោមមនុស្សជារៀងរាល់ឆ្នាំ ហើយគ្រប់ប្រភេទជំងឺទាំងនោះសុទ្ធតែមានសក្តានុពលអាចវិវត្តខ្លួនក្លាយជាជំងឺរាតត្បាតបាន AP - Jefri Tarigan
ផ្សាយពាណិជ្ជកម្ម

មាន​វីរុស​រហូតដល់​ទៅ​ប្រមាណជា​ ៨សែន​ ៥​ម៉ឺន​ ដែលជា​ប្រភេទ​វីរុស​ស្រដៀង​ទៅនឹង​មេ​រោគកូរ៉ណា​ថ្មី​ដែរ​កំពុងតែ​មានវត្តមាន​នៅក្នុងខ្លួនសត្វ​ និង​អាច​ឆ្លង​ទៅ​មនុស្ស​លោកបាន​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ដោយបន្ថែមថា​ រោគរាត​ត្បាត​តំណាង​ឲ្យ​ការគំរាមកំហែង​ដែល​មានពិត​ចំពោះមនុស្សលោក​យើង​។

ក្រុមអ្នក​និពន្ធនៃ​របាយការណ៍​ពិសេស​ស្តី​ពីជីវចម្រុះ​និង​រោគរាតត្បាត​បាន​មានឲ្យដឹង​ថា​ការ​បំផ្លាញ​ទីជម្រក​និងការកាប់សម្លាប់​ ធ្វើ​អាជីកម្ម​លើ​សត្វ​ បាន​បណ្តាលឲ្យ​កើតជា​ជំងឺ​ផ្សេងៗ​។ នៅពេលអនាគត​ មេរោគ​នៅក្នុង​ខ្លួនសត្វ​ទាំងនោះ​ទំនងជា​បង្កជា​ជំងឺជាច្រើនប្រភេទ​ និង​ចម្លង​ទៅ​ដល់​មនុស្ស​កាន់តែច្រើនឡើងៗ​។

លោក Peter Daszak ប្រធាន​សម្ព័ន្ធ​អេកូ​សុខភាព​ និងជា​អ្នកជំនាញ​របស់​ អ.ស.ប បាន​គូស​បញ្ជាក់ថា​ គ្មាន​អាថ៌កំបាំង​អ្វីបន្តិចសោះទេនៅពីក្រោយ​ការផ្ទុះឡើង​នៃជំងឺកូវីដ​១៩​ ឬជំងឺ​រាត​ត្បាតថ្មី​ផេ្សងទៀត​។ លោក​បាន​បន្តថា​ គឺ​សកម្មភាព​របស់​មនុស្ស​ដដែល​ជាដដែល​ទេដែលជា​កត្តាជំរុញ​ឲ្យមាន​ការប្រែប្រួល​អាកាសធាតុ​ និង​ការបាត់បង់​ជីវចម្រុះ​ ក៏ដូចជា​បង្កជា​ហានិភ័យ​ឲ្យមាន​ការរីករាលដាល​នៃជំងឺរាតត្បាត​។

យោងទៅតាម​អ្នកជំនាញ​របស់​អ.ស.ប ដដែល​ កូវីដ១៩​ គឺជា​ជំងឺរាតត្បាតទី ៦​ហើយ​ រាប់​ចាប់​តាំងពី​ការផ្ទុះឡើងនៃ​ជំងឺផ្តាសាយ​នៅឆ្នាំ​ ១៩១៨​ ដែល​ជំងឺ​ទាំងអស់​នោះ​គឺ​សុទ្ធតែ​ផ្ទុះឡើង​ដោយ​សកម្មភាព​របស់មនុស្ស​។

សកម្មភាព​ទាំងនេះ​រួមមានជាអាទិ៍​ ការធ្វើអាជីវកម្ម​លើ​បរិស្ថាន​ដោយមិន​បាន​គិត​គូរ​ពី​និរន្តរភាព​ តាមរយៈ​ការកាប់បំផ្លាញព្រៃឈើ​ ការពង្រីក​វិស័យ​កសិកម្ម​ ការ​ធ្វើពាណិជ្ជកម្ម​ ឬ​ហូបសាច់​សត្វព្រៃ​។ ចំណុច​ទាំងអស់នេះ​ធ្វើឲ្យ​មនុស្ស​មានទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សត្វព្រៃ​និង​សត្វចិញ្ចឹម​ ហើយ​បន្ទាប់មក​ជំងឺថ្មីៗ​ប្លែកៗ​ក៏ចាប់លេចមុខឡើង​។

ឧទាហរណ៍​ជាក់ស្តែង​ ៧០ %​នៃជំងឺ​ដែល​បាន​ផ្ទុះឡើង​ និង​កំពុងមាន​វត្តមាន​នា​ពេល​បច្ចុប្បន្ន​ ដូចជា​ជំងឺ​អេបូឡា​ ហ្ស៊ីកា​ និងអេដស៍​ (HIV/AIDS) គឺសុទ្ធតែ​មានប្រភព​ចេញពី​ ហ្សូណូទីក (zoonotic)​។ មានន័យថា​ ជំងឺទាំងនោះ​បាន​ចរាចរ​នៅក្នុង​ខ្លួនសត្វ​មុន​នឹង​ចម្លងទៅ​មនុស្ស​។

ពាក់ព័ន្ធបញ្ហានេះ​ អ.ស.ប​ បាន​ព្រមានថា​មាន​ជំងឺ​ថ្មី​ចំនួន​ ៥ ​កើតឡើង​ក្នុង​ចំណោម​មនុស្ស​ជារៀងរាល់ឆ្នាំ​ ហើយ​គ្រប់​ប្រភេទ​ជំងឺទាំងនោះ​សុទ្ធតែ​មាន​សក្តានុពលអាច​វិវត្ត​ខ្លួនក្លាយ​ជា​ជំងឺរាតត្បាត​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ