អានតួអត្ថបទ

កូរ៉េខាងត្បូង៖ ម្ចាស់​ក្រុមហ៊ុនអេឡិចត្រូនិក សាំសុង មរណភាព ក្នុងវ័យ៧៨ឆ្នាំ

នៅ​កូរ៉េខាងត្បូង  ម្ចាស់​ក្រុមហ៊ុនអេឡិចត្រូនិក សាំសុង បានទទួល​​មរណភាព ក្នុងវ័យ៧៨ឆ្នាំ។ លោក លី គុនហេ (Lee Kun-hee) បាន​ចូល​កាន់កាប់​តំណែង​​អគ្គនាយក​ក្រុមហ៊ុនអេឡិចត្រូនិក សាំសុង នៅឆ្នាំ​១៩៨៧ បន្ត​ពី​បិតា ហើយ​លោកបាន​ដឹកនាំ​ក្រុម​ហ៊ុន​គ្រួសារមួយ​​នេះ ឱ្យ​ល្បីរន្ទឺ​លើក​ពិភពលោក​។ សាំសុង បាន​ចូល​ចំណែកយ៉ាង​សំខាន់​មួយ ក្នុងការ​​ជំរុញ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ឱ្យ​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ ទី​១២ ទៀតផង​។

«យើងត្រូវកែទម្រង់​ ​ផ្លាស់ប្តូរ ប្តូរទាំងអស់ លើកលែង​តែប្រពន្ធ​ និងកូនៗ​» នេះ​ជា​ប្រសាសន៍លោក​ លី គុនហេ នៅឆ្នាំ​១៩៩៣។
«យើងត្រូវកែទម្រង់​ ​ផ្លាស់ប្តូរ ប្តូរទាំងអស់ លើកលែង​តែប្រពន្ធ​ និងកូនៗ​» នេះ​ជា​ប្រសាសន៍លោក​ លី គុនហេ នៅឆ្នាំ​១៩៩៣។ AFP/File
ផ្សាយពាណិជ្ជកម្ម

«យើងត្រូវកែទម្រង់​ ​ផ្លាស់ប្តូរ ប្តូរទាំងអស់ លើកលែង​តែប្រពន្ធ​ និងកូនៗ​» នេះ​ជា​ប្រសាសន៍​ដ៏​ល្បីល្បាញ​របស់​អគ្គនាយក​ លី គុនហេ នៅឆ្នាំ​១៩៩៣ គ្រា​ដែល​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ក្នុង​ក្រុមហ៊ុន​អេឡិចត្រូនិក សាំសុង។ វេលា​នោះ លោក​បញ្ជា​ឱ្យ​កម្ទេច​ដុត​ចោល​ផលិត​ផល​និងទូរសព្ទ​ដៃ​ ប្រមាណ​ ១សែន​៥ម៉ឺន​ គ្រឿង​ដែល​នៅសល់​​ក្នុង​ស្ទុក ហើយ​ចាប់​ផ្តើម​សករាជថ្មី នៃការ​ច្នៃ​ប្រឌិត កែទម្រង់​យុទ្ធសាស្ត្រ​ក្រុម​ហ៊ុន​ និង​អភិវឌ្ឈន៍​​បច្ចេកវិទ្យា ព្រម​ទាំង​ ពង្រី​ក​​ទីផ្សារ​ទៅ​ក្រៅប្រទេស​​។ លោក​ផ្តើម​ឈ្វេង​យល់ទីផ្សារ​​អន្តរជាតិ ​និងបាន​ទាក់ទងរកស៊ី​​ជាមួយ​ក្រុម​ហ៊ុន ចិន ជប៉ុន និងបរទេស​ផ្សេងៗទៀត ដែលទីបំផុត បាន​​ធ្វើ​ឱ្យស្លាក​​យីហោ សាំសុង  ​ឡើង​ល្បី​ លើឆាកអន្តរជាតិ​ យ៉ាង​ឆាប់រហ័ស។ សព្វ​ថ្ងៃ សាំសុង ក្លាយ​ជាក្រុម​ហ៊ុន​យក្ស​ លំដាប់​ពិភព​លោក ខាង​ ទូរសព្ទដៃ ​​កញ្ចក់អេក្រង់​ទូរទស្សន៍ LCD និងគ្រឿង​​អេឡេត្រូនិច។

កាលពី​ក្មេង​វ័យ កុមារ លី គុនហេ បាន​រស់​នៅ​ប្រទេស​ជប៉ុន ហើយ​និងបាន​រៀន​បរិញ្ញាបត្រ​នៅ​ជប៉ុន និង​សិក្សា​ថ្នាក់​អនុបណ្ឌិត នៅសកលវិទ្យាល័យ George Washington នៃ​សហរដ្ឋ​អាមេរិក។​

ក្នុង​ជីវិត​ឯកជន​និង​ជំនួញ លោក លី គុនហេ ​ត្រូវ​គេ​មើលឃើញថា មាន​ទំនាក់ទំនង​ជិត​ដិត​បំផុត ជាមួយ​អ្នក​នយោបាយ និង​មន្ត្រីរដ្ឋាភិបាលកូរ៉េខាង​ត្បូង​​ ដែល​ជាហេតុ​នាំ​ឱ្យ​មានការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់។ សូមជ្រាប​ថា ភរិយា​របស់​លោក គឺជា​កូន​ស្រី​របស់​អតីត​​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ទៀតផង​​។

លោក លី គុនហេ ធ្លាប់​ត្រូវ​តុលាការ​កូរ៉េខាងត្បូង ចោទប្រកាន់​ពី​បទពុករលួយ សូកប៉ាន់ និង​បន្លំ​គេចពន្ធ ហើយ​និងសាលាជម្រះក្តី​ត្រូវ​​កាត់​ទោស​ ជាច្រើន​ដង ដូចជានៅឆ្នាំ១៩៩៦ និង​២០០៨ ជាដើម។ ឆ្នាំ២០១៤ ជា​អកុសល លោក​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺបេះ​ដូង​ ហើយត្រូវ​ផ្ទេរ​កិច្ចការ​ដឹកនាំ​ច្រើន​ទៅកូនប្រុស ឈ្មោះ Lee Jae-Yong ដែល​រូប​គាត់នេះ​​ ក៏​មាន​រឿង​អាស្រូវ​ពុក​រលួយច្រើន​ដែរ និង​ពាក់ព័ន្ធ​ជាមួយ​អតីត​ប្រធានាធិបតី លោកស្រី ប៉ាក់ គុនហេ។ ដំណើរក្តីក្តាំ​នៅតែ​បន្ត​អូស​បន្លាយ​នៅឡើយ​។​

បើទោះបី​ជា សាំសុង ជា​ ក្រុម​ហ៊ុនបន្តត្រកូល​គ្រួសារ តែ​ សាំសុង បាន​អភិវឌ្ឍ​រីកចម្រើន ក្លាយ​​ជា​ក្រុម​ហ៊ុន​យក្ស​ មាន​បុគ្គលិក​រាប់​ម៉ឺននាក់ ហើយ​ជួយ​ជ្រោម​ជ្រែង​សេដ្ឋកិច្ច​ជាតិ យ៉ាង​សម្បើម។​ ថ្ងៃ​លោក​ទទួល​អនិច្ចកម្ម​នេះ​ ​ក្រុម​ហ៊ុនបាន​ចេញសេចក្តីប្រកាស​ដោយ​ចាត់ទុករូប​លោក លី គុនហេ ថា​ជា​សហគ្រិន​ដ៏​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ ហើយជាអ្នក​ដឹក​​នាំឱ្យ សាំសុង ក្លាយ​ជា​សហគ្រាស​ជឿនលឿន ល្បីល្បាញ ​និង​ខ្លាំងក្លា​លំដាប់​សកលលោក៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ