អានតួអត្ថបទ

រដ្ឋមន្រ្តីការបរទេស និង​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​ធ្វើដំណើរ​ទៅពង្រឹងសម្ព័ន្ធភាពជាមួយ​ឥណ្ឌា

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​Mark Esper បានប្រកាស​ កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ធ្វើដំណើរ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស Mike Pompeo ​ទៅ​ប្រទេស​ឥណ្ឌា នៅ​សប្តាហ៍ក្រោយ។ តាម​ប្រមុខ ការពារជាតិ​អាមេរិក ទស្សនកិច្ច​ទៅឥណ្ឌា​លើកនេះ គឺ​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព ជាមួយ​ទីក្រុង​ញូវដេលី នៅចំពោះមុខ​មហិច្ឆតា​ពង្រីកដែន​ឥទ្ធិពល​របស់​ចិន នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក Mark Esper ថ្លែង​ក្នុង​សន្និសីទ​កាសែត ជាមួយ​សមភាគី​ឥណ្ឌា​នៅ​ទីក្រុង​វ៉ាស៊ីនតោន ខែ​កញ្ញា​ឆ្នាំ ២០១៩
រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក Mark Esper ថ្លែង​ក្នុង​សន្និសីទ​កាសែត ជាមួយ​សមភាគី​ឥណ្ឌា​នៅ​ទីក្រុង​វ៉ាស៊ីនតោន ខែ​កញ្ញា​ឆ្នាំ ២០១៩ AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

នេះជាលើកទី៣ ដែល​អាមេរិក និង​ឥណ្ឌា បើកកិច្ចប្រជុំ​២ បូក ២ ថ្នាក់​រដ្ឋមន្រ្តីបរទេស និង​រដ្ឋមន្រ្តី​ការពារ​ជាតិ។ បន្ទាប់​ពី​អាមេរិក ធ្វើ​ជាម្ចាស់ផ្ទះ ទទួលរដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តីការពារ​ជាតិឥណ្ឌា នៅ​ខែ​កញ្ញា​ឆ្នាំមុន ដល់​វេន​រដ្ឋមន្រ្តី​អាមេរិក ដែល​ត្រូវទៅ​ធ្វើ​ជួប​សមភាគីឥណ្ឌា​នៅទីក្រុង​ញូវដេលី នៅ​សប្តាហ៍ក្រោយ។ ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​អាមេរិក​នៅ​ឥណ្ឌា លើកនេះ​ជា​ផ្នែក​មួយ​នៃ​គំនិតផ្តួចផ្តើម​របស់​អាមេរិក ដែល​ចង់​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សម្ព័ន្ធមិត្ត​ចាស់ៗ ហើយ​និង​អភិវឌ្ឍ​ចំណងមិត្តភាពថ្មី​ជាមួយ​ប្រទេស​ដទៃទៀត ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​រុស្ស៊ី និង​ចិន នៅក្នុង​ពិភពលោក។

ថ្លែង​នៅ​មជ្ឈមណ្ឌល​ត្រិះរិះ Atlantic Council រដ្ឋមន្រ្តី​ការពារ​ជាតិ អាមេរិក លោក​Mark Esper បាន​ថ្លែង​ ដោយ​មិន​លាក់លៀម​ថា ឥណ្ឌា ជា​ប្រទេសដៃគូ ដ៏ជាក់ច្បាស់​មួយ​របស់​អាមេរិក។ សម្រាប់​ប្រមុខការពារ​ជាតិ​អាមេរិក ឥណ្ឌា ដែល​ជា​បិតា​ប្រជាធិបតេយ្យ នៅក្នុង​លោក​ជា​ប្រទេស​ដែល​មាន​សមត្ថភាព និង​សំបូរ​ដោយ​ប្រជាជន​មាន​ទេពកោសល្យ។ ប៉ុន្តែ ឥណ្ឌា ត្រូវ​ប្រឈម​រាល់ថ្ងៃ នឹង​ការរំលោភបំពាន​ពីចិន នៅ តំបន់​ភ្នំហិមាល័យ។

នៅក្រោយ ការប៉ះទង្គិចគ្នា នៅ​ព្រំដែន ត្រង់​តំបន់​ហិមាល័យ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា ២០នាក់ កាលពី ខែ​មិថុនា រដ្ឋមន្រ្តី​ការពារ​ជាតិ អាមេរិក​ធ្លាប់​បាន​ថ្លែង ហើយ​ថា អាមេរិក​តាមដាន​ជាប់ជានិច្ច​ស្ថានការណ៍ជម្លោះ នៅ​ព្រំដែន​ចិន និង​ឥណ្ឌា។

ប្រតិកម្ម​នឹង​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា វា​ជា​កំហុសឆ្គង​មួយ ក្នុង​យុទ្ធសាស្រ្ត របស់​អាមេរិក​ដែល​ចាត់ទុក​ចិន​ជា​សត្រូវ។

ដោយ​ទាត់​ចោល​ការចោទប្រកាន់​ដែល​ថា ចិន​កំពុង​ធ្វើ​នយោបាយ​វាតទីនិយម អ្នកនាំពាក្យ​ចិន​អះអាងថា ចិន​គ្មាន​បំណង ចង់​ប្រជែង ឬ​ដណ្តើម​កន្លែង​របស់​ប្រទេស​ណាទេ។ អាទិភាព​របស់​ចិន គឺចង់​លើក​កម្រិត​ជីវភាព​របស់​ប្រជាជន​ខ្លួន​តែ​ប៉ុណ្ណោះ។

រហូតមក ឥណ្ឌា មិនដែល​សប្បាយចិត្ត និង​មិនទុកចិត្ត​ចិន ដែល​កាន់តែ​ពង្រីក​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី។ ចិន​ដែល​បាន​ប្រើ​នយោបាយ​ទឹកលុយ ដើម្បី ចងសម្ព័ន្ធភាព ជាមួយ ប្រទេស នៅ​ជុំវិញ ឥណ្ឌា ដែល​មាន​តាំង ពី ភូមា បង់ក្លាដែស ស្រីលង្កា ហើយ​និង​ប៉ាគីស្ថាន ដែល​ជា​បងប្អូន​សត្រូវ​របស់​ឥណ្ឌា។ ការប៉ះទង្គិច​នៅ​ព្រំដែន​បាន​ធ្វើ​ឲ្យ​ភាពតានតឹង រវាង​ចិន និង​ឥណ្ឌា កើនឡើង​មួយ​កម្រិត​ថែមទៀត។ នៅ​ខែ​កក្កដា​កន្លងទៅ ពោល​គឺ​នៅ​១​ខែ​ក្រោយ ការប៉ះទង្គិច​នៅ​ព្រំដែន​ជាមួយ​ចិន កងទ័ព​ជើងទឹក​ឥណ្ឌា​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​នាវា​ដឹកយន្តហោះ​ចម្បាំង​របស់​អាមេរិក Nimitz។ នៅខែ កញ្ញា​កន្លងទៅ ប្រទេស​ទាំងពីរ​នៅ​បាន​សហការ​គ្នា​ក្នុង​ផ្នែក​ព័ត៌មានវិទ្យា​យោធាថែមទៀត។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ