អានតួអត្ថបទ
ហុងកុង

ហុងកុង៖ សកម្មជន​ប្រជាធិបតេយ្យ​ម្នាក់ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន មុន​ពេល​​បាតុកម្មធំ

សកម្មជនប្រជាធិបតេយ្យហុងកុង ដ៏សំខាន់ម្នាក់ទៀត ឈ្មោះ តាំ តាក់ជី ត្រូវបាន​សមត្ថកិច្ចហុងកុង  ចុះទៅចាប់ឃាត់ខ្លួនដល់ផ្ទះ​ នៅថ្ងៃអាទិត្យទី​៦កញ្ញានេះ ដោយចោទ​ពីបទ​ ប្រើប្រាស់ពាក្យសំដីបំបែកបំបាក់សង្គម និងសាមគ្គីជាតិ។ ការចាប់ខ្លួន សកម្មជនប្រជាធិបតេយ្យ​ហុងកុងនេះ គឺធ្វើឡើងប៉ុន្មានម៉ោង មុននឹងមានការធ្វើបាតុកម្មធំនៅហុងកុង ដែលធម្មតាថ្ងៃនេះ គឺជាថ្ងៃបោះឆ្នោតសភា​ហុងកុងអាណត្តិថ្មី តែត្រូវលើកពេល ដោយសារតែបញ្ហាជំងឺ​កូវីដ១៩។

សមត្ថកិច្ចហុងកុង ចុះដេញបំបែកក្រុមបាតុករ ដែលជួបជុំគ្នា នៅកណ្តាលក្រុងហុងកុង ថ្ងៃទី​៦កញ្ញា ២០២០
សមត្ថកិច្ចហុងកុង ចុះដេញបំបែកក្រុមបាតុករ ដែលជួបជុំគ្នា នៅកណ្តាលក្រុងហុងកុង ថ្ងៃទី​៦កញ្ញា ២០២០ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

លោក តាំ តាក់ជី អនុប្រធាន​គណបក្សអំណាចប្រជាជន និងដែលជាអតីតពិធីករនិយាយវិទ្យុដ៏ល្បីម្នាក់ផង ត្រូវបាន​សមត្ថកិច្ចហុងកុង ចាប់ឃាតខ្លួននៅគេហដ្ឋាន ស្ថិតនៅភាគឥសានកោះហុងកុង។ ផ្អែកតាមការអះអាង​ របស់​លោក Li Kwai Wah នាយនគរបាល​ហុងកុង គឺលោក តាំ តាក់ជី មិនត្រូវបាន​គេដាក់ឃុំ​បណ្តោះអាសន្ន​ទេ។

មន្ត្រីនគរបាល​ហុងកុងម្នាក់នេះ បញ្ជាក់ថា លោក តាំ តាក់ជី ត្រូវជាប់ចោទពីបទ ប្រើប្រាស់ពាក្យសំដីញុះញង់ឲ្យ​មានការស្អប់ ខឹងមកលើរដ្ឋបាលហុងកុង និងសំដី​ពន្យុះកំហឹងរបស់ប្រជាជន ដែលវា​ធ្វើ​ឲ្យ​មានការ​បែកបាក់សង្គមនិងសាមគ្គីជាតិ។ លោក​ពន្យល់ថា នគរបាល​ទទួលបន្ទុកច្បាប់សន្តិសុខជាតិ បានចុះទៅចាប់ខ្លួនលោក តាំ តាក់ជី ព្រោះថាពីដំបូងគឺអាជ្ញាធរ មានការសង្ស័យចោទពីបទញុះញង់ ឲ្យ​មានការបះបោរបំបែកទឹកដី យោងទៅលើច្បាប់សន្តិសុខជាតិថ្មី។ តែក្រោយការពិនិត្យល្អិតល្អន់ សមត្ថកិច្ច បានសម្រេច​ចោទ ដោយ​យោងលើជំពូកទី១០ នៃច្បាប់ព្រហ្មទណ្ឌហុងកុងវិញ។

គួរកត់សំគាល់ថា ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ដ៏សំខាន់ម្នាក់ទៀតនេះ គឺវាធ្វើឡើង នៅប៉ុន្មានម៉ោង មុនមានបាតុកម្មធំ នៅហុងកុង ដើម្បីប្រឆាំងនឹង​ច្បាប់សន្តិសុខជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃ៦​កញ្ញា​នេះ​ តាមធម្មតាគឺជាថ្ងៃបោះឆ្នោតសភាហុងកុង អាណត្តិថ្មី។ ក៏ប៉ុន្តែការបោះឆ្នោតត្រូវលើកពេល ដោយគ្មានកាលបរិច្ឆេទកំណត់ ដោយសារតែបញ្ហាកូវីដ១៩។ ប្រជាជនហុងកុង ក៏បានធ្វើការតវ៉ាផងដែរ ទាក់ទិននឹងប្រតិបត្តិការ​ធ្វើតេស្តកូវីដ១៩ ដែល​អាជ្ញាធរហុងកុង បើកដៃផ្តល់​ទីផ្សារឲ្យ​យ៉ាងទូលាយ ទៅឲ្យ​ក្រុមហ៊ុនចិន។ បើទោះបីជាមិនត្រូវបានអាជ្ញាធរហុងកុងអនុញ្ញាតក្តី តែការអំពាវនាវ ចូលរួមបាតុកម្មនៅថ្ងៃនេះ ត្រូវបានទទួលការគាំទ្រ ពី​​មនុស្ស​យ៉ាងហោច ១ម៉ឺននាក់ ​នៅលើបណ្តាញសង្គម។

សូមរំលឹកដែរថា ចាប់តាំងពី​ច្បាប់សន្តិសុខជាតិចិន ចូលជាធរមាននៅចុងខែមិថុនា មានមនុស្ស​២១នាក់ហើយ ដែលត្រូវបាន​គេចាប់ខ្លួននៅហុងកុង ដោយ​សំអាងលើច្បាប់ថ្មីនេះ។ ក្នុងនោះមាន​ដូចជា​លោក Jimmy Lai និងកញ្ញា Anges Chow ដែលត្រូវជាប់ចោទពី​បទញុះញង់ ឲ្យ​មានការ​បះបោរបំបែកទឹកដី និងសហការបម្រើផលប្រយោជន៍ឲ្យ​បរទេស។ សកម្មជនប្រជាធិបតេយ្យ និងប្រជាជនហុងកុងពីគ្រប់មជ្ឈដ្ឋាន បានបរិហារថា ច្បាប់នេះគឺជាច្បាប់ ដែលមកសម្លាប់សិទ្ធិសេរីភាព​របស់​ប្រជាជនហុងកុង។ តែយ៉ាងណា អាជ្ញាធរហុងកុង អះអាងថា ច្បាប់សន្តិសុខជាតិនេះ គ្មាន​កម្មវត្ថុមករារាំងសិទ្ធិសេរីភាព​ ក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពជួបជុំទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ