អានតួអត្ថបទ
ហុងកុង

ហុងកុង៖ ជិត​៣០០​នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​លើកពេល​បោះឆ្នោត​សភា

កាលពីថ្ងៃអាទិត្យ​ទី​៦កញ្ញា ប្រជាជនហុងកុង ជាច្រើនម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម ដើម្បី​ប្រឆាំងនឹងច្បាប់​សន្តិជាតិចិនផង ព្រមទាំងប្រឆាំងនឹងការ​លើក​ពេល​បោះឆ្នោតសភា ដែលតាមធម្មតា គឺត្រូវធ្វើនៅថ្ងៃទី​៦កញ្ញានេះតែម្តង។ ដោយសំអាងលើ​ការបង្ការការឆ្លងរាលដាល ជំងឺកូវីដ​១៩ ការជួបជុំបាតុកម្ម មិនត្រូវបាន​អាជ្ញាធរហុងកុងអនុញ្ញាតទេ។ យ៉ាងហោចណាស់ មានមនុស្ស​ជិត​៣០០នាក់ ត្រូវបាន​សមត្ថកិច្ចចាប់ឃាត់ខ្លួន។

សមត្ថកិច្ច​ហុងកុង ឃាត់ខ្លួនបាតុករ ជាយុវជនហុងកុង នៅសង្កាត់កូវលន់ ថ្ងៃទី​៦ កញ្ញា ២០២០
សមត្ថកិច្ច​ហុងកុង ឃាត់ខ្លួនបាតុករ ជាយុវជនហុងកុង នៅសង្កាត់កូវលន់ ថ្ងៃទី​៦ កញ្ញា ២០២០ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

ជម្ងឺកូវីដ១៩ ហាក់មិនបានធ្វើឲ្យ​ប្រជាជនហុងកុង​ មានការភ័យខ្លាចនោះទេ។ សេចក្តីស្រេកឃ្លាន​ចង់បានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ មានទំហំធំក្រៃ ដែលធ្វើឲ្យ​ប្រជាជនហុងកុងជាច្រើនម៉ឺននាក់ បានចេញធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ​ទី​៦កញ្ញា បើទោះបីជា​ដឹង ថាត្រូវប្រឈមនឹងការរារាំង​របស់​​នគរបាល​ក្តី។

ថ្ងៃទី៦កញ្ញាដែលតាមធម្មតា គឺជាថ្ងៃបោះឆ្នោតសភាហុងកុង អាណត្តិថ្មី។ ក៏ប៉ុន្តែ​ កាលពីថ្ងៃទី​៣១ កក្កដា លោកស្រី ការីឡាំ ប្រមុខដឹកនាំហុងកុង បាន​ប្រកាសថា ការបោះឆ្នោតនេះ នឹងលើកទៅឆ្នាំក្រោយ ដោយសារតែមូលហេតុជំងឺឆ្លង កូវីដ១៩។ ការសម្រេចនេះ​ បាន​ធ្វើឲ្យ​ប្រជាជនហុងកុង កាន់តែខឹងក្រេវក្រោធ ដោយពួកគេយល់ថា ប៉េកាំងព្រមទាំង​បក្សពួក កំពុងតែចង់​បំបិទ មិនឲ្យ​ប្រជាជន​ហុងកុង​ អាចសម្តែងមតិ​តាមការបោះឆ្នោតបាន។

នៅពេញមួយរសៀលថ្ងៃអាទិត្យ ទី​៦កញ្ញា បាតុករហុងកុង បានស្រែកតវ៉ា នៅម្តុំសង្កាត់ កូវលុន មានអ្នកខ្លះ លើកបដាសរសេរទាមទារថា ត្រូវតែសងសន្លឹកឆ្នោត មកឲ្យ​ប្រជាជនហុងកុងវិញ ហើយអ្នកខ្លះទៀត សរសេរថា នគរបាលហុងកុងពុករលួយ​។

លើទំព័រ Facebook នគរបាលហុងកុង បានប្រកាសថា បានចាប់ឃាត់ខ្លួន មនុស្សចំនួន ២៨៩នាក់ ពីបទធ្វើសកម្មភាពបាតុកម្មហិង្សា ដោយគ្មានការអនុញ្ញាត។ ក្នុងនោះ មានស្ត្រីម្នាក់​ដែលបានស្រែកទាម​ទារឯករាជ្យ ត្រូវជាប់ឃុំបណ្តោះអាសន្ន ដោយយោងលើច្បាប់សន្តិសុខជាតិ។ យោងតាម​វីដេអូ ផ្សាយផ្ទាល់តាមបណ្តាញសង្គម គេឃើញសមត្ថកិច្ច បានចាប់ឃាត់ខ្លួន សកម្មជន​ប្រជាធិបតេយ្យសំខាន់ៗ​ ចំនួន៣នាក់ គឺលោក Leung Kwok-hung Figo Chan និង Raphael Wong។

អ្នកនាំពាក្យ​រដ្ឋបាលហុងកុង បានលើកឡើង​ថា កម្មវត្ថុរបស់​អាជ្ញាធរ គឺធ្វើយ៉ាងណា ការពារសុខភាព​​ប្រជាជន ពីការឆ្លងរាលដកូវីដ១៩ តែផ្ទុយទៅវិញ ក្រុមបាតុករ​បែរជាធ្វើ​អំពើអត្មានិយម គ្មានការទទួលខុសត្រូវ។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី​៦កញ្ញា មុននឹងបាតុកម្មបានចាប់ផ្តើម សមត្ថកិច្ចហុងកុង បានចាប់ឃាត់ខ្លួនសកម្មជនប្រជាធិបតេយ្យ និងជាពិធីករវិទ្យុម្នាក់ ឈ្មោះ តាំ តាក់ជី ពីបទប្រើប្រាស់ពាក្យសំដី​បំបាក់បំបែកសង្គមជាតិ។ ចំណែកកាលពីថ្ងៃសុក្រ កន្លងទៅ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ​ បាន​លើកឡើងថា ច្បាប់សន្តិសុខជាតិចិន គឺជាគ្រោះមហន្តរាយ ដល់សិទ្ធិសេរីភាព នៃដែនដីស្វ័យយត្នហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ