អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖ លោក​​ស៊ិនហ្សូ អាបេ ​សម្រេច​លាលែង​ពី​តំណែង ដោយសារ​​មាន​ជំងឺ​ប្រចាំកាយ

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានប្រកាសនៅថ្ងៃទី​២៨សីហា ថាលោកបានសម្រេចចិត្ត លាលែងចេញពីតំណែង ដោយសារតែលោក មិនអាចបំពេញមុខងារនេះ ឲ្យ​បាន​ពេញលេញបានទេ ព្រោះលោកមានជំងឺប្រចាំកាយ។ ការប្រកាសរបស់លោក ស៊ិនហ្សូ អាបេ នេះ បានបង្កឲ្យ​មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលអំឡុងពេលនេះ ជប៉ុនកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច   ព្រមទាំងវិបត្តិសុខភាពសាធារណៈ បណ្តាលមកពីជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងពេលប្រកាស​លាឈប់ពីតំណែង ចំពោះមុខ​អ្នកកាសែត។ តូក្យូ ថ្ងៃទី​២៨ សីហា ២០២០
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងពេលប្រកាស​លាឈប់ពីតំណែង ចំពោះមុខ​អ្នកកាសែត។ តូក្យូ ថ្ងៃទី​២៨ សីហា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ក្រោយពីចប់ការប្រជុំបន្ទាន់ នៃថ្នាក់ដឹកនាំគណបក្ស​ប្រជាធិបតេយ្យសេរី លោកស៊ិនហ្សូ អាបេ បានចេញមកថ្លែងប្រាប់អ្នកកាសែត នៅល្ងាចថ្ងៃសុក្រទី២៨សីហា​ថា លោកបានសម្រេចចិត្ត លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី។ លោកបានលើកឡើងថា បញ្ហាសុខភាព ជំងឺប្រចាំកាយរបស់លោក គឺវាបានធ្វើឲ្យ​លោកគិតថា លោកមិនអាចបំពេញនាទីការងារដ៏ធំនេះ ឲ្យ​ពេញលេញបានទេ។

លោកបានថ្លែងសុំទោស ចំពោះប្រជាជនជប៉ុន ដែលលោកបានសម្រេចចិត្តលាឈប់​ពីតំណែង មុនចប់អាណត្តិបែបនេះ ទាំងដែល​កាលៈទេសៈពេលនេះ ប្រទេសជាតិ កំពុងតែជួបវិបត្តិធ្ងន់ធ្ងរ ដោយសារ កូវីដ១៩។ តែលោកអះអាងថា លោកនឹងប្រឹងប្រែង បន្តការងារនេះឲ្យ​អស់ពីសមត្ថភាព ទំរាំដល់ថ្ងៃ ដែលនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវតែងតាំងជាផ្លូវការ។

គួររំលឹកដែរ កាលពីសប្តាហ៍មុន លោកស៊ិនហ្សូ អាបេ បានចូលមន្ទីរពេទ្យចំនួន​​២ដង ដោយគេសង្កេតឃើញ រូបលោក​មានអការៈស្គម ស្លេកស្លាំង។ លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល បានព្យាយាម​រំងាប់ពាក្យចចាមអារ៉ាម ដោយអះអាងថាលោកអាបេ ទៅពេទ្យដើម្បី​ ធ្វើ​តេស្តពិនិត្យសុខភាព ធម្មតាប៉ុណ្ណោះ។

សូមបញ្ជាក់ថា យោងតាមការផ្សាយរបស់បណ្តាញទូរទស្សន៍ NHK គឺលោក​ស៊ិនហ្សូ អាបេ មានជំងឺ​រលាកពោះវៀនធ្ងន់ធ្ងរ ដែលតម្រូវឲ្យ​លោកទទួលការព្យាបាល និងសម្រាកឲ្យ​បានច្រើន​បំផុត។​ វាគឺជាជំងឺចាស់ ដែល​លោកធ្លាប់បានឈឺធ្ងន់ម្តងរួចមកហើយ កាលពីឆ្នាំ២០០៧ ដែលកាលនោះ លោកក៏បាន សម្រេចចិត្ត​លាលែងពីតំណែងនាយករដ្ឋមន្ត្រីដែរ បន្ទាប់ពីបានឈ្នះឆ្នោតបាន១ឆ្នាំ។

គួរកត់សំគាល់ថា លោកស៊ិនហ្សូ អាបេ បច្ចុប្បន្នអាយុ៦៥ឆ្នាំ គឺជានាយករដ្ឋមន្ត្រីដែលបាន​កាន់តំណែងនេះជាប់ពីឆ្នាំ២០១២មក ហើយជារយៈពេលយូរជាងគេ។ ក៏ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះខ្លាំងណាស់។ យ៉ាងណាក៏ដោយ ការប្រកាសលាលែងចេញពីតំណែងនាពេលនេះ បានបង្កការភ្ញាក់ផ្អើលខ្លាំង នៅ​ក្នុង​ចំណោមប្រជាជនសាមញ្ញ ក៏ដូចជាអ្នកនយោបាយជប៉ុន។ លោកស្រី Tomomi Inada សាមជិកបក្សប្រជាធិបតេយ្យសេរី​ បានថ្លែង​ថាលោកស្រី មិននឹកស្មានថា លោកអាបេ សម្រេចលាឈប់ យ៉ាងតក់ក្រហល់បែបនេះទេ។

លោក Shinichi Nashikawa សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យម៉ីជីតូក្យូ បានលើកឡើងថា ដំណឹងដ៏ភ្ញាក់​ផ្អើលនេះ នឹងធ្វើឲ្យ​រញ្ជួយឆាកនយោបាយជប៉ុន ខណៈដែលពេលនេះ ជប៉ុនកំពុងឆ្លងកាត់​វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តាមការគ្រោងទុក គណបក្សប្រជាធិបតេយ្យសេរី នឹងត្រូវប្រជុំគ្នា បោះឆ្នោតរើសមនុស្សថ្មីមកជំនួស​លោកអាបេ។ តាមការវិភាគ លោក តារ៉ូ អាសូ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ និងជាមនុស្សស្និទនឹងលោកអាបេ អាចនឹងត្រូវគេតែងតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ