អានតួអត្ថបទ
កូរ៉េខាងត្បូង អាមេរិក

កូរ៉េខាងត្បូង និងអាមេរិកផ្តើមសមយុទ្ធយោធា ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើង

នៅ​ថ្ងៃ​អង្គារ ទី១៨ សីហា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ចាប់​ផ្តើម​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួម​គ្នា និង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី២៨ សីហា។ តាម​គម្រោង សមយុទ្ធ​នេះ​ត្រូវ​រៀបចំ​ធ្វើ​តាំង​ពី​ថ្ងៃ​អាទិត្យ ទី១៦ សីហា តែ​ត្រូវ​បាន​លើក​ពេល​ដោយសារ​តែ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​ស្ទុះ​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ កូរ៉េខាងជើង​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​ទេ តែ​កន្លង​មក ក្រុង​ព្យុងយ៉ាង​តែង​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​សមយុទ្ធ​របៀប​នេះ​ដែល​ខ្លួន​ចាត់​ទុក​ជា​ការ​រៀបចំ​ជើងព្រួល​ដើម្បី​វាយលុក​ចូល​ទឹកដី​កូរ៉េខាងជើង។

កូរ៉េខាងត្បូង និងអាមេរិកផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើង
កូរ៉េខាងត្បូង និងអាមេរិកផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើង AFP - JUNG YEON-JE
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​យោធា​រវាង​សហអាមេរិក និង​កូរ៉េខាងត្បូង​ជា​សមយុទ្ធ​មួយ​ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​តែង​រៀប​ចំ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ និង​តែង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្តៅក្រហាយ​គ្រប់​ពេល។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​សម្រាប់​សមយុទ្ធ​ឆ្នាំ ២០២០ នេះ ទី១ វា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង​បាន​កម្ទេច​នាវា​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ខែ​មិថុនា​កន្លង​ទៅ និង​ទី២ វា​បាន​រៀបចំ​ឡើង​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ស្គាល់​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុង​ព្យុងយ៉ាង សមយុទ្ធ​នេះ​ជា​ការ​ហ្វឹកហាត់ ត្រៀម​កម្លាំង​ដើម្បី​ចូល​ឈ្លានពាន​ទឹកដី​កូរ៉េខាងជើង។

តែ​អគ្គសេនាធិការ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា សមយុទ្ធ​ដែល​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី២៨ សីហា​មាន​កម្មវត្ថុ​រក្សា​ប្រព័ន្ធ​ការពារ​អន្តរកងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ តាម​រូប​អគ្គសេនាធិការ​អាមេរិក​ដដែល ការ​សម្រេច​រៀបចំ​សមយុទ្ធ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​គិតគូរ ពិចារណា​លើ​បញ្ហា​ជាក់ស្តែង​មួយ​ចំនួន ដូច​យ៉ាង​ស្ថានភាព​ទាក់ទង​នឹង​ករណី​ជំងឺ​កូវីដ-១៩។ តាម​ពិត​ទៅ ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន​គ្រោង​រៀបចំ​សមយុទ្ធ​រួម​គ្នា​តាំង​ពី​ថ្ងៃទី១៦ សីហា តែ​បាន​លើក​ពេល​មក​ដល់​ពេល​នេះ បន្ទាប់​ពី​មាន​ផ្ទុះ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្មី​ច្រើន​ជាង ១០០នាក់​ក្នុង​រយៈពេល ៥ថ្ងៃ​ជាប់​គ្នា។ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៨ សីហា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៤៦ករណី ហើយ​បើ​គិត​សរុប​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក គឺ​មាន​អ្នក​ឆ្លង​កូវីដ--១៩ ចំនួន ១៥ ៧៦១នាក់។

គួរ​រម្លឹក​ថា តាំង​ពី​បរាជ័យ​នៃ​ជំនួបកំពូល​លើកទី២ រវាង​មេដឹកនាំ​កូរ៉េខាជើង​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​នា​ខែ​កុម្ភៈ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​មក ទំនាក់ទំនង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​កូរ៉េខាងជើង និង​ខាងត្បូង​ហាក់​កំពុង​ស្គាល់​ភាព​តានតឹង​មក​ដល់​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ