អានតួអត្ថបទ
សត្វព្រៃ-បរិស្ថាន

ចំនួនសត្វខ្លានៅទូទាំងពិភពលោកចាប់កើនឡើងវិញ តែខ្លានៅអាស៊ីអាគ្នេយ៍នៅតែស្ថិតក្នុងគ្រោះថ្នាក់

អង្គការ WWF បាន​ឲ្យដឹង កាល​ពីថ្ងៃ​ពុធ​ថា ចំនួន​សត្វខ្លា​បាន​​កើនឡើង​វិញ នៅ​ក្នុង​ប្រទេស​ចំនួន ៥ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ គិត​ជា​លក្ខណៈទូទៅ ​ខ្លាំ​ដែល​គេ​ចាត់បញ្ចូល​ជា​ពូជសត្វ​ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ផុតពូជនោះ នៅតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដដែល ជាពិសេស គឺ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

អង្គការ WWF ថា សត្វខ្លា​នៅក្នុង​ប្រទេស​ ចិន រុស្ស៊ី ឥណ្ឌា ប៊ូតង់ និង​នេប៉ាល់ មាន​ចំនួន​កើនឡើង តែ​ខ្លា​​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅតែ​ស្ថិត​ក្នុង​គ្រោះថ្នាក់
អង្គការ WWF ថា សត្វខ្លា​នៅក្នុង​ប្រទេស​ ចិន រុស្ស៊ី ឥណ្ឌា ប៊ូតង់ និង​នេប៉ាល់ មាន​ចំនួន​កើនឡើង តែ​ខ្លា​​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅតែ​ស្ថិត​ក្នុង​គ្រោះថ្នាក់ Crédits : Jonathan & Angela Scot/ Getty Images
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​​បាន​ធ្លាក់ចុះ​​រហូតដល់​កម្រិត​ទាប​បំផុត កាល​ពី​ឆ្នាំ២០១០ ចំនួន​សត្វខ្លា នៅ​ក្នុង​ប្រទេស​ចំនួន ៥ រួមមាន ​ចិន រុស្ស៊ី ប៊ូតង់ នេប៉ាល់ និង​ឥណ្ឌា បាន​ចាប់ផ្តើម​កើនឡើងមកវិញ គួរ​ឲ្យ​កត់សម្គាល់។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ WWF ចេញផ្សាយ កាល​ពីថ្ងៃ​ពុធ។

នេះ​អាច​រាប់ថា​ជា​ដំណឹងល្អ​មួយ សម្រាប់​ពូជសត្វ ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ផុតពូជ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អង្គការ WWF ក៏បាន​បញ្ជាក់​ផងដែរ​ថា ពូជសត្វខ្លា​នៅតែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដដែល ជាពិសេស គឺ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ការ​បរបាញ់​ខុសច្បាប់ និង​ការ​បាត់បង់​ព្រៃឈើ ដែល​ជា​ទីជម្រក។

នៅតាម​តំបន់​ខ្លះ រួមទាំង​ក្នុង​ប្រទេស​ដែល​មាន​ចំនួនសត្វខ្លា​កើនឡើង​នេះផង គេឃើញ​ថា ថ្វីដ្បិតតែ​ព្រៃ​ជា​ជម្រក​ខ្លា​នៅមាន តែ​មាន​ជា​ជម្រក​តូចៗ ហើយ​ពីជម្រកមួយ​ទៅ​ជម្រក​មួយ​ទៀត ត្រូវ​កាត់​ផ្តាច់​ពីគ្នា ដោយសារ​គម្រោង​អភិវឌ្ឍន៍នានា ដូចជា​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើ​អាជីវកម្ម​រ៉ែ ឬ​ការ​កាប់ព្រៃយក​ដី​ធ្វើ​កសិកម្ម ជាដើម។

ការបាត់បង់​ទីជម្រក ឬ​ការ​ស្ថិត​នៅ​ក្នុង​ជម្រក​ជា​តំបន់​តូចៗ​ដាច់ពីគ្នា​បែបនេះហើយ ដែលជា​ឧបសគ្គ​​ចម្បង មិន​អាច​ឲ្យ​ពូជសត្វខ្លា​អាច​រីកលូតលាស់​បាន។ ហើយ​បើ​យោងតាម​អង្គការ WWF ខ្លា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ គួរ​ឲ្យ​បារម្ភខ្លាំង ដោយ​នៅ​ក្នុងនោះ ប្រទេស​ខ្លះ ដូចជា ភូមា ជាដើម ចំនួន​ខ្លា​ធ្លាក់​ចុះ​មក​នៅត្រឹមប្រមាណ​ជា ២០ក្បាល ចំណែក​ឯ​​ប្រទេស​​ខ្លះទៀត រួមមាន ​កម្ពុជា ឡាវ និង​វៀតណាម ខ្លា​ត្រូវ​បាត់មុខ​លែងឃើញ​មាន​ទាំងស្រុង។

គួរបញ្ជាក់ថា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ចំនួន​សត្វខ្លា​ ដែល​​គេ​ប៉ាន់ស្មាន​ថា​មាន​​រហូតដល់​ទៅ​ប្រមាណ​ជា ១០ម៉ឺនក្បាល កាល​ពី​មួយសតវត្សរ៍​មុន បាន​​ធ្លាក់ចុះ​មក​នៅ​មិនដល់ ៤ពាន់ក្បាលផង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ