អានតួអត្ថបទ
ហុងកុង

ក្រោមឥទ្ធិពល​ច្បាប់​​សន្តិសុខជាតិ ពលរដ្ឋ​ហុងកុង​នាំគ្នា​ប្រុងប្រយ័ត្ន​ពាក្យសំដី លើ​បណ្តាញ​សង្គម

ក្រោយការចូលជាធរមាន នូវច្បាប់ស្តីពីសន្តិសុខជាតិ ដែលប៉េកាំង បានដាក់មកលើ​ដែនដីហុងកុង ប្រជាពលរដ្ឋហុងកុង មួយចំនួនធំ បានចាប់ផ្តើម បង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅតាមបណ្តាញសង្គមរៀងៗខ្លួន  ដោយត្រូវ​ចៀសវាងនិយាយអ្វី ដែលអាចធ្វើឲ្យ​គេចាប់កំហុសបាន។ អ្នកខ្លះបានលុប​នូវអ្វីដែលខ្លួន​បានសរសេរពីមុនមក ឬអ្នកខ្លះបានលប់គណនីបណ្តាញសង្គមចោលតែម្តង។

នគរបាលហុងកុង កំពុងឃាត់យុវជនហុងកុង ដែលមកចូលរួមធ្វើបាតុកម្ម ថ្ងៃទី​១កក្កដា ២០២០។
នគរបាលហុងកុង កំពុងឃាត់យុវជនហុងកុង ដែលមកចូលរួមធ្វើបាតុកម្ម ថ្ងៃទី​១កក្កដា ២០២០។ REUTERS - Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ឥទ្ធិពល​នៃច្បាប់សន្តិសុខជាតិ ក្នុងការបំភ័យប្រជាពលរដ្ឋហុងកុង ឲ្យ​ឈប់និយាយអ្វីប៉ះពាល់ដល់ការដឹកនាំ​របស់បក្សកុម្មុយនីស្តចិន កំពុងតែហុចផ្លែផ្កាហើយ។ ប្រជាពលរដ្ឋហុងកុង ទាំងសកម្មជនប្រឆាំងចេញមុខ ទាំងអ្នកមិនចេញមុខ ភាគច្រើនបានអះអាងថាចាប់ពីពេលនេះទៅ ពួកគេត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន នៅតាមបណ្តាញសង្គម ដើម្បីកុំឲ្យ​គេចាប់កំហុសបាន។

អ្នកខ្លះបានប្តូរឈ្មោះគណនី អ្នកខ្លះបានលុបសារចាស់ៗចោលទាំងអស់​ អ្នកខ្លះទៀត បានលប់គណនីចោលតែម្តង មិនថានៅលើ បណ្តាញ​Twitter WhatsApp ឬTelegram។ ចំណែក​មនុស្សមួយចំនួន​ បានផ្ទេរគណនីខ្លួន ទៅកាន់​​បណ្តាញ Signal ដែលគេល្បីថារឹងមាំល្អ ឬប្រើប្រាស់ប្រព័ន្ធ​ឯកជនបិទជិត VPN។ បុគ្គលិក្រុមហ៊ុនហុងកុងម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បាន​លើកឡើងថា ខ្លួនត្រូវតែប្រុងប្រយ័ត្នចាប់ពីពេលនេះទៅ មុននឹងនិយាយឬសរសេរអ្វីលើបណ្តាញសង្គម ព្រោះថាបុគ្គលិគផ្សេងទៀត មិត្តភ័ក្ត្រ និងក្រុមហ៊ុនផង អាចរាយការណ៍ទៅនគរបាល ដើម្បីចាប់កំហុស។

នៅលើបណ្តាញ Telegram អ្នកចាត់ចែងក្រុមជជែកគ្នា​ជាច្រើន បានផ្ញើសារទៅប្រាប់សមាជិកដ៏ទៃ ឲ្យ​ប្រុងប្រយ័ត្នចំពោះសំណេរពាក្យសំដី។​ អ្នកខ្លះបានសម្រេចលុប​ក្រុមជជែក Telegram ចោលតែម្តង។ សកម្មជនប្រជាធិបតេយ្យម្នាក់ ដែលតែងទាក់ទងសារឆ្លងឆ្លើយ ជាមួយអ្នកកាសែត​បារាំង AFP បានផ្ញើសារសុំឲ្យសុំឲ្យ​ លប់សារឆ្លងឆ្លើយពីមុនមកចោលឲ្យ​អស់។

Billie យុវជនហុងកុង​ អាយុ២៤ឆ្នាំម្នាក់ បានលើកឡើងថា លោកខ្មាសខ្លួនឯងណាស់ ដែលត្រូវ​លាក់​អត្តសញ្ញាណខ្លួនឯង​ និង​ត្រូវ​លប់ចោលនូវអ្វីដែលខ្លួនបានសរសេរពីមុនមក នៅលើបណ្តាញសង្គម តែលោក​គ្មានជម្រើសទេ ព្រោះនេះជារឿងស្លាប់រស់ ចាប់ពីពេលនេះទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២កក្កដា គណៈមេធាវីហុងកុង បានចេញលិខិតមួយ ថ្លែងការព្រួយបារម្ភ ទាក់ទិននឹងខ្លឹមសារធំទូលាយជ្រុល នៃច្បាប់​ស្តីពីសន្តិសុខជាតិ។ ភាពទូលំទូលាយជ្រុលនេះ​ នឹងធ្វើឲ្យ​ពលរដ្ឋហុងកុង មានការខ្លបខ្លាច បិទមាត់លែងហ៊ានបញ្ចេញមតិយោបល់ នៅតាមបណ្តាញសង្គម ព្រោះគេអាចយកទៅបកស្រាយ​ ចាប់កំហុសដាក់ទោស​បានយ៉ាងងាយ។

គួរកត់សំគាល់ដែរថា ក្រោយការចូលជាធរមាននូវច្បាប់ថ្មីនេះ មិនត្រឹមតែ​នៅលើបណ្តាញសង្គមទេ ដែលប្រជាជនហុងកុង មានការភ័យបារម្ភ និងប្រុងប្រយ័ត្ន សូម្បីតែនៅក្នុងជីវភាពជាក់ស្តែងប្រចាំថ្ងៃ ក៏មានការប្រែប្រួលដែរ។ លោក Gordon Lam សកម្មជនប្រជាធិបតេយ្យម្នាក់ បានអះអាងថា ភោជនីយដ្ឋាន ហាងទំនិញនៅហុងកុង បានចាប់ផ្តើម ដោះបោះ​ចោលនូវ​បដា ឬខិតបណ្ណដែលមានសរសេរ​សារគាំទ្រប្រជាធិបតេយ្យ ដែលគេ​បិទនៅលើ​ជញ្ជាំង មិនថា​ក្នុង ឬក្រៅ​​ហាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ