អានតួអត្ថបទ
ជប៉ុន កូវីដ១៩

ជប៉ុនអនុញ្ញាត​ឲ្យ​​ប្រើថ្នាំ​ Remdesivir ទៅលើ​អ្នកជំងឺ​​កូវីដ១៩

បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុនបានក្លាយជាប្រទេសទី២ ដែលបានអនុញ្ញាត ឲ្យ​ប្រើថ្នាំឈ្មោះ Remdesivir ដើម្បីព្យាបាល​អ្នកជំងឺកូវីដ១៩។ បើតាមអាជ្ញាធរសុខាភិបាលជប៉ុន នេះគឺជាការអនុញ្ញាតពិសេស ដោយបន្ទាន់បំផុត ដោយសារបច្ចុប្បន្ន ពុំទាន់មានថ្នាំណាសក្តិសិទ្ធិអាចព្យាបាលជំងឺកូវីដ១៩បានទេ។ គិតត្រឹមថ្ងៃទី​៧ឧសភា​ យោងតាមតួលេខរបស់ទីភ្នាក់ងារព័ត៌មាន​​ Reuters ជប៉ុនមានអ្នកឆ្លងជំងឺកូវីដចំនួនប្រមាណជាង ១៦០០០នាក់ ក្នុងនោះស្លាប់ជិត៨០០នាក់។

ថ្នាំ Remdesivir ដែលមន្ទីរពេទ្យមួយនៅអាល្លឺម៉ង់ កំពុងសាកល្បងប្រើ ទៅលើអ្នកជំងឺកូវីដ១៩។ ក្រុងហំបួរ ថ្ងៃទី​៨ មេសា ២០២០
ថ្នាំ Remdesivir ដែលមន្ទីរពេទ្យមួយនៅអាល្លឺម៉ង់ កំពុងសាកល្បងប្រើ ទៅលើអ្នកជំងឺកូវីដ១៩។ ក្រុងហំបួរ ថ្ងៃទី​៨ មេសា ២០២០ REUTERS - POOL New
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាេមរិក ជប៉ុនបានសម្រេចបើកភ្លើងខៀវ អនុញ្ញាតការប្រើប្រាស់ ថ្នាំ Remdesivir​ ទៅលើអ្នកជំងឺកូវីដ១៩។ មន្ត្រីក្រសួងសុខាភិបាល​ជប៉ុន បានបញ្ជាក់ នៅរសៀលថ្ងៃព្រហស្បតិ៍ទី៧ឧសភាថា បើតាមធម្មតា នីតិវិធីអនុញ្ញាតប្រើឱសថនីមួយៗ គឺត្រូវចំណាយ​ពេលយូរណាស់។ តែនេះជាករណីពិសេស អាជ្ញាធរត្រូវតែពន្លឿន ព្រោះថាកាលៈទេសៈបច្ចុប្បន្ន គ្មានឱសថណា អាចព្យាបាល​ជម្ងឺកូវីដ១៩ បានទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រទី ១ឧសភា សហរដ្ឋអាមេរិក បានសម្រេច​អនុញ្ញាតិឲ្យប្រើថ្នាំ Remdesivir ទៅលើអ្នកជំងឺកូវីដ១៩ ដោយផ្អែកលើលទ្ធផល​នៃការស្ថាវជ្រាវសាកល្បង ធ្វើឡើងដោយក្រុមអ្នកជំនាញអាេមរិក។ យោងតាមលទ្ធផលស្រាវជ្រាវនេះ ថ្នាំ Remdesivir អាចជួយឲ្យអ្នក​ជំងឺ​កូវីដ១៩ បាន​ជា​សះស្បើយ​ឆាប់រហ័ស។

សូមរំលឹកថា ថ្នាំRemdesivir គឺជាថ្នាំផលិតដោយ​មន្ទីរពិសោធន៍អាមេរិក  Gilead ដើម្បី​ប្រើទៅលើ​អ្នក​ជំងឺអេបូឡា។ ក្រៅពីបានប្រើ​សាកល្បងនៅឆ្នាំ២០១៦ ទៅលើអ្នកជំងឺអេបូឡា នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថ្នាំ​Remdesivir មិនដែលធ្លាប់បានសាកប្រើ ក្នុង​ទ្រង់ទ្រាយ​ធំ ទៅលើជំងឺផ្សេងទៀតទេ។ កាលពីថ្ងៃទី​៣០មេសា មន្ទីរពិសោធន៍ Gilead បានប្រកាសថា ថ្នាំ Remdesivir របស់ខ្លួន អាចមានប្រសិទ្ធិភាព​ព្យាបាលអ្នកជំងឺកូវីដ១៩ បើសិនជាគេប្រើវាទៅលើអ្នកជំងឺកូវីដភ្លាមៗក្រោយឆ្លងមេរោគ។

តែយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញខ្លះ ប្រសិទ្ធិភាព​របស់ថ្នាំ Remdesivir ទៅលើ​ជម្ងឺកូវីដ​១៩ គឺមាន​ទំហំស្តួចស្តើងណាស់ ព្រោះវាគ្រាន់តែបានជួយឲ្យអ្នកជំងឺកូវីដ១៩ អាចឆាប់ជាជាង ៤ថ្ងៃប៉ុណ្ណោះ។ ពោលគឺ តាមធម្មតាត្រូវការពេល​១៥ថ្ងៃ ដើម្បីអាចធូរស្បឿយ តែបើប្រើថ្នាំ Remdesivir គឺអាចធូរស្បឿុយ ក្នុងកំឡុងពេល១១ថ្ងៃ។

ដោយឡែក នៅថ្ងៃព្រហស្បត្តិ៍ទី​៧ឧសភាដែរ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាល កំពុងតែពិចារណា សម្រេចអនុញ្ញាត ឲ្យ​ប្រើថ្នាំ​Avigan ដើម្បីព្យាបាលអ្នកជំងឺកូវីដ​១៩។​ ថ្នាំ Avigan ត្រូវបានផលិតដោយសហគ្រាសជប៉ុន Fujifilm និងត្រូវបានអនុញ្ញាតនៅឆ្នាំ២០១៤ ឲ្យ​ប្រើទៅលើអ្នក​ជំងឺផ្តាសាយធំធ្ងន់ធ្ង។ តែដោយយោងលើ​ផលប៉ះពាល់ធ្ងន់ធ្ងរ លើសុខភាពបណ្តាលមកពីថ្នាំនេះ ជាពិសេសទៅ​លើស្ត្រីមានផ្ទៃពោះ ជប៉ុនបានហាមឃាត់ថ្នាំ ​Avigan។ ប៉ុន្តែក្រុមអ្នកជំនាញចិន បានអះអាងដោយយោងលើលទ្ធផល​សិក្សាសាកល្បង ថាថ្នាំ​Avigan អាច​មានប្រសិទ្ធិភាពគួរជាទីសង្ឃឹម ក្នុងការ​​ព្យាបាលអ្នកជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ