អានតួអត្ថបទ
ចិន-Covid-១៩

លោកហ្សង់ ហ្វីលីប បេហ្សា៖លាក់ការណ៍សម្ងាត់ជាផ្នែកមួយនៃ ADN របស់គណបក្សកុម្មុយនិស្តចិន

សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​រវាង​ប្រទេស​ចិន និង​ក្រុម​ប្រទេស​បស្ចិមលោក​ទាក់ទង​នឹង​ព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ-១៩ ដែល​ផ្ទុះ​ដំបូង​នៅ​ក្នុង​ទីក្រុង​វូហាន។ ក្រុម​ប្រទេស​បស្ចិមលោក​មាន​អាមេរិក បារាំង និង​អង់គ្លេស​បាន​ចោទ​ចិន​ពី​បទ​ខ្វះ​តម្លាភាព និង​បាន​លាក់បាំង​ការ​ពិត​ជុំវិញ​វត្តមាន​មេរោគកូរ៉ូណាថ្មី។ តែ​ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ហ្សាវ លីជាំង​បាន​បញ្ចេញ​ប្រតិកម្ម​បក​វិញ​នា​ថ្ងៃ​សុក្រ ទី១៧ មេសា​ថា ចិន​មិន​បាន​លាក់​ពី​ចំនួន​មនុស្ស​ស្លាប់ ចំនួន​អ្នក​ឆ្លង ឬ​ប្រភព​វត្តមាន​កូវីដ-១៩ ទេ។ ទន្ទឹម​គ្នា​នេះ លោក​លីជាំង​ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​រួម​សាមគ្គី​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ-១៩ ទៀត​ផង។ តើ​ចិន​មាន​បាន​លាក់​ការ​ពិត​ដែរ ឬ​ទេ? តើ​រដ្ឋអំណាច​ថ្នាក់ក្រោម​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ស្តីពី​វត្តមាន​កូវីដ-១៩ ទៅ​ឲ្យ​ថ្នាក់​លើ ឬ យ៉ាង​ណា ឬ​មួយ​ក៏​ថា តើ​ថ្នាក់លើ​ខ្លួន​ឯង​ទេ​ដឹង​ដែល​ចង់​លាក់​ការ​ពិត​ជុំវិញ​ព័ត៌មាន​កូវីដ-១៩?។ លោក​ហ្សង់ ហ្វីលីប បេហ្សា អ្នកឯកទេស​ប្រទេស​ចិន​បាន​លើក​ឡើង​ពី​លាក់ការណ៍សម្ងាត់​ដែល​ជា​ផ្នែក​មួយ​នៃ ADN របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនលោក​ហ្សាវ លីជាំង​
​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនលោក​ហ្សាវ លីជាំង​ AFP - GREG BAKER
ផ្សាយពាណិជ្ជកម្ម

« ស្ថិរភាព​យក​ឈ្នះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​និយាយ​តាំង​ពី​ជំនាន់​ប្រធានាធិបតី​តេង ស៊ាវពីង​ក្នុង​ឆ្នាំ ១៩៨៩ ហើយ​ពិត​ណាស់​ដែល​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ស៊ី ជីនពីង​បាន​ពង្រឹង​ជំហរ​មួយ​នេះ។ លាក់ការណ៍​សម្ងាត់ គឺ​ជា​ផ្នែក​មួយ​នៃ ADN របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ថ្នាក់ដឹកនាំ​ចិន​ទាំង​អស់​ចាំបាច់​ត្រូវ​តែ​មាន​លទ្ធផល​ល្អ​ពី​ការងារ​ដែល​ខ្លួន​បាន​បំពេញ។ ប្រសិន​អស់លោក​មិន​អាច​ទប់​ស្កាត់​ជំងឺ​ឆ្លង និង​ទុក​ឲ្យ​ជំងឺ​មួយ​នេះ​រាលដាល​កាន់​តែ​ខ្លាំង គឺ​លទ្ធផល​អាក្រក់។

ដូច្នេះ គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ព្យាយាម​លាក់បាំង​ការ​ពិត​នោះ​ឡើយ។ អស់​លោក​ដឹង​ទេ លាក់ការណ៍​សម្ងាត់​ជា​ជំងឺ​មួយ​ដែល​មាន​នៅ​ផ្ទៃក្នុង​គណបក្ស​កុម្មុយនិស្ត​ចិន​តាំង​ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់កំពូល។ អ៊ីចឹង​ពិត​ណាស់ ក្រុង​វូហាន​បាន​ព្យាយាម​លាក់បាំង​ការ​ពិត ហើយ​ចៅហ្វាយ​ក្រុង​វូហាន​ខ្លួនឯង​ក៏​បាន​សារភាព​ថា មាន​ច្បាប់​មួយ​បាន​ហាម​រដ្ឋអំណាច​ថ្នាក់​ក្រោម​មិន​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​វត្តមាន​ជំងឺ​ឆ្លង។

មុន​នឹង​ផ្សព្វផ្សាយ គឺ​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់លើ​ជា​មុន​សិន។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​នាយកដ្ឋាន​ផ្នែក​ឃោសនា​ជា​អ្នក​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​អត្ថបទ​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត​ស្តីពី​មេរោគកូរ៉ូណាថ្មី​ពិត​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ក្រែលែង។ ដូច្នេះ ថ្នាក់លើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​រឿង​មេរោគកូរ៉ូណាថ្មី​នេះ ព្រោះ​ថា នៅ​ពេល​ដែល​មាន​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ការបរទេស​របស់​ចិន និង​ជំហរ​របស់​ចិន​នៅ​លើ​ពិភពលោក គឺ​រដ្ឋអំណាចថ្នាក់កំពូល​ជា​អ្នក​សម្រេច ពោល​មិនមែន​រដ្ឋអំណាច​ថ្នាក់ក្រោម​ទេ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ