អានតួអត្ថបទ
ចិន-សិទ្ធិមនុស្ស

ចិនដោះលែងមេធាវីការពារសិទ្ធិមនុស្សដ៏ល្បីម្នាក់ តែឱ្យនៅដាច់ដោយឡែកសិន

ជា​មេធាវី​ដ៏​​ល្បីល្បាញ​ម្នាក់ មាន​ជំនាញ​ខាង​ការពារសិទ្ធិមនុស្ស លោក ​វ៉ាង​ គ័នចាង​ (Wang Quanzhang) ទើប​ត្រូវ​បាន​អាជ្ញាធរ​ចិន ដោះលែងពី​ពន្ធនាគារនៅ​ថ្ងៃ​អាទិត្យ​ទី ៥​មេសា​ ២០២០។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រី លី វេនជួ (Li Wenzu) ជា​ភរិយា។ ប៉ុន្តែ​លោកមេធាវី​ វ៉ាង គ័នចាង មិន​បាន​ត្រលប់​ចូល​ផ្ទះ​ជួប​ជុំ​គ្រួសារ​ភ្លាម​ទេ។ លោកត្រូវ​បាន​គេ​យក​ទៅ​ដាក់​ដោយ​ឡែក​ រយៈពេល​១៤​ថ្ងៃ​សិន ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ទប់ស្កាត់ជំងឺ​កូរ៉ូណាវីរុស​ថ្មី។

អ្នកស្រី Li Wenzuកោរសក់​សម្តែងការ​ប្រឆាំង​នឹងសេចក្តី​សម្រេច​របស់​រដ្ឋាភិបាលដាក់​ទោសលោក Wang Quanzhang ជា​ស្វាមី
អ្នកស្រី Li Wenzuកោរសក់​សម្តែងការ​ប្រឆាំង​នឹងសេចក្តី​សម្រេច​របស់​រដ្ឋាភិបាលដាក់​ទោសលោក Wang Quanzhang ជា​ស្វាមី AFP
ផ្សាយពាណិជ្ជកម្ម

អ្នក​ស្រី លី វេនជូ ជា​ភរិយា ដែល​អាច​ដើរ​ពី​ប៉េកាំង​ដល់ធានជីន ដើម្បី​គាំទ្រ​ស្វាមី កោរសក់​ដើម្បី​សម្តែងការប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ ​ត្រូវ​រង់ចាំ​យូរ​ថ្ងៃទៀត ទើប​អាច​ជួប​ស្វាមី ដែល​អាជ្ញាធរ​បាន​ដោះលែងនៅ​ថ្ងៃ​អាទិត្យ​ទី​៥​មេសា​នេះ។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ លោក វ៉ាង​ គ័នចាង​ ត្រូវដាក់​ឱ្យ​នៅ​ដាច់ដោយ​ឡែកពីគេរយៈ​ពេល​១៤​ថ្ងៃ​សិន។ ចេញ​ពី​​ពន្ធនាគារ ប៉ូលិស​ចិន​បាន​នាំ​ លោក​ វ៉ាង គ័នចាង (អាយុ​​ ៤៤ ឆ្នាំ​) ទៅដាក់​នៅ​ក្នុងផ្ទះមួយ នា​ក្រុង​ ជីណាន នៃ​​ខេត្ត​ ស្ហាងដុង ជាស្រុក​កំណើត។

ប៉ុន្តែ​សម្រាប់​អ្នកស្រី ​ហេតុផល​កូរ៉ូណាវីរុស គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។ អ្នកស្រី​ ព្រមទាំង​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ជា​ច្រើន​ទៀត ព្រួយ​បារម្ភ​ថា លោក វ៉ាង គ័នចាង​ អាច​នឹង​ត្រូវ​បន្ត​ជាប់​ឃុំ​ឃាំង​នៅក្នុង​គេហដ្ឋាន​ទៀត ដោយ​ពុំ​អាច​មានសិទ្ធិ​ជួប​ជុំ​គ្រួសារ​ឡើយ។

សូម​បញ្ជាក់​ថា លោក វ៉ាង គ័នចាង ត្រូវ​អាជ្ញាធរចិន​ចាប់​ខ្លួន នៅ​ឆ្នាំ​២០០៥ ទន្ទឹម​គ្នា​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​២០០​នាក់​ផ្សេង​ទៀត ក្នុង​ប្រតិបត្តិការ​បង្ក្រាប “៧០៩”។ ជាមេធាវីសិទ្ធិមនុស្ស​ដ៏សកម្មម្នាក់ ជំនាញ​ខាង​​ការពារក្តីឲ្យ​សកម្មជន​នយោបាយ​ និង​ ជនរងគ្រោះ​នៃ​ការរំលោភ​យកដីធ្លី​ នៅក្នុង​ប្រទេសចិន​ លោក វ៉ាង គ័នចាង បាន​ជាប់​ឃុំក្នុង​ទី​សម្ងាត់​មួយ និង​គ្មាន​ទំនាក់ទំនង​​ជាមួយ​គ្រួសារ​សោះ ​​​រយៈ​ពេល​ជាង​១០០០​ថ្ងៃ មុន​នឹង​លេច​មុខ​មក​វិញ នៅក្នុង​អង្គ​សវនាការ ដោយ​បិទ​ទ្វារ និង​ដោយ​គ្មាន​មេធាវី។ នៅ​ខែមករា​ឆ្នាំ​២០១៩ តុលាការចិន​​ បានសម្រេច​​កាត់ទោស​ឲ្យលោកជាប់ពន្ធនាគារ​រយៈពេល​៤ ឆ្នាំ កន្លះ​ ពី​បទវិទ្ធង្សនា។ លោកវ៉ាង គ័នចាង បាន​ជួប​មុខ​គ្រួសារ​ជា​លើក​ទី​មួយ នៅ​ខែ​មិថុនា​ឆ្នាំ​២០១៩។

ការ​ដោះលែង​​លោក វ៉ាង គ័នចាង​ ជា​ទង្វើ​​ដ៏​វិជ្ជមានរបស់​រដ្ឋាភិបាល​ចិន។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប ដែល​ទាមទាម​ឱ្យ​អាជ្ញាធរ​ចិន ផ្តល់​សេរីភាព​ដល់​​លោកមេធាវី ដោយ​គ្មានលក្ខខណ្ឌ ពោលគឺ​លោកអាច​ជួប​ជុំ​គ្រួសារ និង​មាន​សិទ្ធិ​ដើរហើរពេញ​លេញ។

តាំង​ពី​លោក​ស៊ីជីនពីង ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​នៅ​ឆ្នាំ​២០១៣មក ចិន​បាន​រឹត​បន្តឹង ​បង្ក្រាប​សំឡេង​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​កាន់​តែ​ខ្លាំង។ នេះ​បើ​តាមការបរិហារ​របស់អង្គការ​សមាគមសិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​ឡាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ