អានតួអត្ថបទ
សេដ្ឋកិច្ចចិន-កូវីដ១៩

ចិន​ចាក់បញ្ចូល​លុយ​ចំនួន​ ៧​ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច

នៅចិន គិតត្រឹមថ្ងៃអាទិត្យ ទី២៩ មីនា ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ មានចំនួន ៣១ ករណី ដែលក្នុងចំណោមនោះ មានមួយករណីជាករណីឆ្លងក្នុងស្រុក។ ទោះបីជា ករណីឆ្លង​នៅ​ក្នុងប្រទេស​ មានចំនួនថយចុះយ៉ាងណាក្តី ក៏សេដ្ឋកិច្ចចិន នៅតែប្រឈមនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ដែរ។ ដូច្នោះហើយ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច កុំឲ្យ​រង​ផលប៉ះពាល់ខ្លាំង នៅថ្ងៃចន្ទនេះ រដ្ឋអំណាចចិន បានសម្រេចកាត់បន្ថយអត្រា​ការប្រាក់ ដោយការចាក់បញ្ចូលលុយចំនួន ៧ ពាន់លានដុល្លារ ចូលក្នុងទីផ្សារ​។

ធនាគារប្រជាជនចិន (PBoC) ។
ធនាគារប្រជាជនចិន (PBoC) ។ © (AFP)
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតបទៅនឹងវិធានការទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅថ្ងៃចន្ទ ទី៣០ មីនានេះ​ធនាគារប្រជាជនចិន (PBoC) បានចាប់ផ្តើមចាក់បញ្ចូលសាច់ប្រាក់ចំនួន ៥០ ពាន់លានយ័ន ឬស្មើនឹង ៧ពាន់លានដុល្លារ ទៅក្នុងទីផ្សារ។ បន្ថែមលើនេះ ចិនក៏បាន ទម្លាក់ផងដែរនូវអត្រាការប្រាក់ពីចំនួន ២,៤% មកត្រឹម ២,២ % ដែលនេះ គឺជាទំហំដ៏ធំមួយ ក្នុងរយៈពេល៥ ឆ្នាំ ចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ ២០១៥មក។  

ចំណាត់ការថ្មីចុងក្រោយរបស់ចិននេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល​នៃប្រទេស​ផ្សេងៗទៀតមានដូចជាអាមេរិក ជប៉ុន បារាំង​ និងអាល្លឺម៉ង់ជាដើម បានដាក់ចេញនូវការ​បន្ធូរបន្ថ​​យ​គោល​នយោយបាយផ្នែករូបិយវត្ថុ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច។  

បើតាមអ្នកជំនាញខាងផ្នែកសដ្ឋកិច្ច ក្នុងកាលៈទេសៈដែលប្រទេស កំពុងរងគ្រោះខ្លាំង ពីជងឺរាតត្បាតសកល-កូវីដ១៩ ប្រសិនណាបើរដ្ឋាភិបាលនៃប្រទេសណាមួយ មិនចាត់វិធានការអ្វី ឬក៏ត្រៀមកញ្ចប់ថវិកាជំនួយនោះទេ សេដ្ឋកិច្ចរបស់ប្រទេសពួកគេនឹងរងផលប៉ះពាល់ខ្លាំងជាក់ជាមិនខាន។

គួរគូសបញ្ជាក់ជូនថា រហូតមកទល់នឹងពេលនេះ វីរុសកូវីដ១៩ ដ៏កាចសាហាវ បានសម្លាប់​ជីវិតមនុស្សចំនួនជិត ៤ម៉ឺននាក់ នៅទូទាំងពិភពលោក និងបានធ្វើឲ្យប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម និងដំណើររីកច្រើនទៅមុខនៃសេដ្ឋកិច្ចក្នុងប្រទេសជាច្រើន។

មួយវិញទៀត ការរីករាលដាលនៃជំងឺកូវីដ១៩ ឥតឈប់ ក៏បានកាត់ផ្តាច់ក្តី​សង្ឃឹម​របស់ចិន ក្នុងការនាំចេញមុខទំនិញទៅលក់នៅបរទេស ឲ្យច្រើនដូចពីមុនដែរ។ ដោយសារតែ កូវីដ១៩ នៅតែបន្តវាយប្រហារលើសដ្ឋកិច្ចពិភពលោកដូច្នោះហើយ ទើបក្រុមអ្នកវិភាគ​មួយចំនួន បានព្យាករពីការថយចុះនៃកំណើនសេដ្ឋកិច្ចចិន។

ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក  S&P Global Ratings ប៉ាន់ស្មានថា អត្រាកំណើន​សេដ្ឋកិច្ចរបស់ចិន ទំនងជាថយចុះពាក់កណ្តាលខុសពីការព្យាការណ៍​មុនមាន​ការផ្ទុះជំងឺ​ដែល​មានចំនួនប្រមាណ ៥,៧ %។ នេះ មានន័យថា ដោយសារតែវិបត្តិកូវីដ១៩ កំណើន​សេដ្ឋកិច្ចចិន អាចនឹងធ្លាក់ចុះមកត្រឹម ២,៨៥ % តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ