អានតួអត្ថបទ

អង្គការ​សុខភាព​ពិភពលោក ចាត់ទុក​កូរ៉ូណាវីរុស ជា​សត្រូវ​​លេខ​មួយ​ពិភពលោក

ផ្ទុះ​ឡើង​នៅ​ចិន កូរ៉ូណាវីរុស ដែល​អង្គការ​សុខភាព​ពិភពលោក​ទើប​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ថា “Covid-19” ជា​តំណាង​នៃការ​គំរាម​កំហែង​សុខភាព​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ។ មេរោគ​នេះ គួរ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា សត្រូវ​សាធារណៈ​ដ៏​ធំ​ជាង​គេ​បំផុត​។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​អង្គារទី ១១​កុម្ភៈ ទៅ​កាន់​​អ្នកវិទ្យាសាស្ត្រ​​អន្តរជាតិ​​ជាង​៤០០​នាក់ ដែល​មក​ជួប​ប្រជុំ​គ្នា​ក្នុង​អង្គ​សន្និសីទរយៈ​ពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ហ្សឺណែវ។ ​

លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាពពិភពលោក
លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាពពិភពលោក Fabrice COFFRINI / AFP
ផ្សាយពាណិជ្ជកម្ម

មាន​​ឈ្មោះ​ថ្មី ថា “Covid-19” ​(កូវីត-១៩)កើតផ្តុំ​​ច្រើន​តែ​ក្នុង​ប្រទេស​ចិន ដល់​ទៅ​៩៩%​ ហើយ​កំណើនអ្នក​ឆ្លង​ថ្មី​ចាប់​ធ្លាក់​ចុះមែន ប៉ុន្តែ​មេរោគ​នេះជា​​ការ​គំរាមកំហែងដ៏​ធ្ងន់ធ្ងរ​​ និង​ជា​សត្រូវ​លំដាប់​លេខ​មួយរបស់​​ពិភពលោក។ នេះបើ​តាមការ​គូសបញ្ជាក់​​របស់​លោកនាយក​អង្គការ​សុខភាព​ពិភពលោក ដោយបាន​អំពា​វនាវ​ឱ្យ​ពិភពលោក​ចែក​រំលែក​គំរូ ​Echantillons មេរោគ និង​បង្កើន​ល្បឿន​ស្រាវជ្រាវរក​ថ្នាំ​ព្យាបាល​និង​ថ្នាំ​បង្ការ។ នាយក​អង្គការ​សុខភាពពិភពលោក​ ​សង្ឃឹម​ថា​ ជំនួបប្រជុំនេះ​ នឹង​​​ផ្តល់​លទ្ធផល​មួយ​ នៅ​ពេល​បិទ​បញ្ចប់ គឺការ​​ត្រូវ​រ៉ូវគ្នា​រវាង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​ក្រុម​អ្នក​ផ្តល់​ថវិកា លើ​ផែនការ​គោ​ល​នៃ​​ការ​ស្រាវជ្រាវ​ប្រឆាំង​នឹង​មេរោគកូរ៉ូណា​។

ជា​សរុប​អង្គការ​សុខភាព​ពិភពលោក​បាន ដាក់​ឱ្យ​ដំណើរការ​បណ្តាញ​មន្ទីរពិសោធន៍​បង្គោល​ចំនួន​១៥ និង​​​​មន្ទីរពិសោធន៍​ចំនួន ១៦៨​ផ្សេងទៀត នៅ​លើ​ពិភពលោក​ ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ចាំបាច់​ក្នុង​ការធ្វើ​តេស្តវិភាគ​មេរោគ Covid-19។ ការ​ចែក​រំលែក​ព័ត៌មាន​ វិធានការ​ការពារ​ប្រជាជន ការ​ផ្តល់​ជំនួយជា​​សម្ភារៈសម្រាប់​ការពារ​មេរោគ​ទៅ​ប្រទេស​ងាយ​រងគ្រោះ សុទ្ធសឹង​ជា​សកម្មភាព​សំខាន់ៗ​ទាំង​អស់​ចំពោះ​ក្រសែភ្នែក​អង្គការ​សុខភាព​ពិភពលោក។

បើ​មាន​​សកម្មភាព​ស្របគ្នា នោះ​អ្វី​ៗ​នឹង​ទៅ​លឿន: ហេតុដូច្នេះ ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​យល់ថា ពិភពលោក​ពិត​ជាមានឱកាស​ជាក់ស្តែង​​​យក​ឈ្នះ​មេរោគ​ កូវីត-១៩​បាន។

សូម​បញ្ជាក់​ថា តាមរយៈ​ទិន្នន័យ​ថ្មី គេ​អាច​ចាប់​ផ្តើមគូសវាស​ទម្រង់​នៃ​ការ​រាតត្បាត​របស់​កូវីត-១៩​បាន​ខ្លះៗហើយ បើ​ទោះ​បី​នៅ​មាន​ចំណុច​អាថ៌កំបាំង​ច្រើន​ទៀត​ក៏​ដោយ។ បើ​តាមការសិក្សា របស់​អ្នក​ស្រាវជ្រាវ​អង់គ្លេស អត្រា​ស្លាប់​ដោយ​កូវីត-១៩ មាន​កំរិត​ ១៨% នៅ​ក្នុង​ប្រទេស​ចិន (បើ​ផ្អែក​លើ​តួលេខ​ផ្លូវការ​ចិន) និង​ត្រឹម​តែ​ប្រមាណ​១%​ប៉ុណ្ណោះ បើគិត​កំរិត​ពិភពលោក ពោល​គឺទាប​ជាង​អត្រាមរណៈ​បង្ក​ឡើង​ដោយ​ជំងឺសារស៍ កាលពី​ឆ្នាំ ២០០២-០៣ និង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​ធម្មតា​ទេ។ នៅ​ក្នុង​ចំណោម​អ្នក​ធ្លាក់​ខ្លួន​ឈឺ​រោគ​កូរ៉ូណាវីរុស ៨២% មាន​ទម្រង់​ជា​ជំងឺ​ស្រាល ១៥%​ធ្ងន់ និង​៣%​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ។ ប៉ុន្តែ​កូវីត​-១៩មាន​សមត្ថភាព​ឆ្លង​ខ្លាំង។ ដំបូង​ឡើយ​គេ​គិត​ថា មេរោគ​អាច​សំងំ​នៅ​ក្នុង​ខ្លួនមនុស្ស​​ ពីពីរ​ទៅ ១០​ថ្ងៃ​ មុន​បញ្ចេញ​អាការៈ​រោគ ប៉ុន្តែ​បើ​តាម​ទិន្នន័យ​ថ្មី របស់​អ្នក​ជំនាញ​សុខភាព​ចិន រយៈ​ពេល​សំងំ​អាចឡើងដល់​២៤​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ