អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្វហ្កានីស្ថាន

យន្តហោះទាហាន​អាមេរិក ធ្លាក់នៅ​អាហ្វហ្កានីស្ថាន ​ក្នុង​តំប​ន់​របស់​​​ក្រុម​​តាលីបង់

នៅថ្ងៃទី២៧មករា មានយន្តហោះមួយគ្រឿងរបស់កងទ័ពអាមេរិក បានធ្លាក់នៅអាហ្វហ្កានីស្ថាន ក្នុងតំបន់ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមតាលីបង់។ មូលហេតុនៃការធ្លាក់នេះ ស្ថិតនៅក្នុង​ភាពស្រពេចស្រពិលនៅឡើយ។ ក្រុមតាលីបង់ អះអាងថា គឺពួកខ្លួនដែលជាអ្នកបាញ់ទំលាក់។ ក៏ប៉ុន្តែ ក្រសួងការពារជាតិអាមេរិក អះអាងថា ពុំមាន​សញ្ញាណាមួយ ថាយន្តហោះកងទ័ពអាមេរិកដែលធ្លាក់នោះ ត្រូវបានគេបាញ់ទំលាក់ឡើយ។

បំណែកតួយន្តហោះ មាន​ស្លាក​សញ្ញា​កងទ័ព​អាកាស​អាមេរិក ដែល​ធ្លាក់នៅតំបន់ Deh Yak ខេត្ត Ghazni ភាគ​ខាងកើត​​អាហ្វហ្កានីស្ថាន ថ្ងៃទី​​២៧ មករា ២០២០។​
បំណែកតួយន្តហោះ មាន​ស្លាក​សញ្ញា​កងទ័ព​អាកាស​អាមេរិក ដែល​ធ្លាក់នៅតំបន់ Deh Yak ខេត្ត Ghazni ភាគ​ខាងកើត​​អាហ្វហ្កានីស្ថាន ថ្ងៃទី​​២៧ មករា ២០២០។​ Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រុមតាលីបង់ បានអះអាងប្រាប់ អ្នកយកព័ត៌មានបារាំង AFP ថា យន្តហោះប្រតិបត្តិការ​ពិសេសមួយ ដែលមានជនជាតិអាមេរិកនៅក្នុងនោះ បានធ្លាក់កាលពីថ្ងៃទី២៧មករា នៅក្នុងខេត្ត Ghazni ភាគខាងកើតអាហ្វហ្កានីស្ថាន។ មនុស្សដែលនៅក្នុងយន្តហោះនោះ បានស្លាប់ទាំងអស់​ នេះបើតាមការអះអាង របស់ក្រុមតាលីបង់ដដែល។​ ក្រុមនេះអះអាងទៀត ថាយន្តហោះបានធ្លាក់ ដោយសារបាញ់ទំលាក់​។

ប៉ុន្មានម៉ោងក្រោយមក មន្ទីរប៉ង់តាហ្គោនអាមេរិក បានបញ្ជាក់ថា យន្តហោះយោធាអាមេរិកមួយគ្រឿង​ពិតជាបានធ្លាក់មែន នៅភាគខាងកើតអាហ្វហ្កានីស្ថាន តែគេមិនមានសញ្ញាណាមួយបញ្ជាក់ថា យន្តហោះនោះ បានធ្លាក់ដោយការបាញ់ទំលាក់ពីសត្រូវឡើយ។ នៅក្នុងសារTwitter របស់អ្នកនាំពាក្យបញ្ជាការ​កងទ័ព​អាមេរិក ប្រចាំ​អាហ្វហ្កានីស្ថាន បានឲ្យដឹងថា យន្តហោះដែល​ធ្លាក់ គឺជាយន្តហោះ​ទំលាក់​គ្រាប់បែក ប្រភេទE-11A ដែលយន្តហោះនេះ ជាទូទៅបំពាក់ដោយគ្រឿងឧបករណ៍ បច្ចេកវិទ្យាទំនើបមានតម្លៃ ដើម្បីហោះឈ្លបយកការណ៍។ អ្នកនាំពាក្យដដែល បានអះអាងថា កងទ័ពអាមេរិក កំពុងតែស្រាវជ្រាវ ស្វែងយល់មូលហេតុនៃការធ្លាក់យន្តហោះនេះ។

នៅតាមបណ្តាញសង្គម គេឃើញមានការបង្ហោះរូបថត និងវីដេអូ ដែលមិនអាចស្គាល់ប្រភពច្បាស់លាស់ ហើយក្នុងរូបទាំងនោះ គេឃើញបំណែកយន្តហោះដែលធ្លាក់ នៅទីតាំងមួយដែលក្រាលដោយព្រឹលទឹកកក​។ នៅលើតួបំណែកយន្តហោះ គេឃើញមានស្លាកសញ្ញា បញ្ជាក់ថា ជាយន្តហោះរបស់កងទ័ពអាមេរិក ប្រភេទ E-11A។

គួរកត់សំគាល់ថា មានករណីគ្រោះថ្នាក់ផ្លូវអាកាស ជាញឹកញាប់នៅអាហ្វហ្កានីស្ថាន ដោយសារតែស្ថានភាព​ភូមិសាស្ត្រ​តំបន់ភ្នំ ពិបាក​ក្នុងការហោះឡើង ឬចុះចត ជាពិសេសសម្រាប់ឧត្ថម្ភាគចក្រ។ កត្តាអាកាសធាតុ ខ្យស់ខ្លាំង ធ្លាក់ព្រិលខ្លាំង និងអព្វក្រាស ក៏ជាមូលហេតុនៃគ្រោះថ្នាក់ផងដែរ។ តែយ៉ាងណា ជាទូទៅ គឺកងទ័ព​អាហ្វហ្កានីស្ថាន ដែលជួបគ្រោះថ្នាក់របៀបនេះច្រើន។ ចំណែកកងទ័ពអាមេរិកវិញ​មានជំនាញច្បាស់ក្នុងការបញ្ជា ព្រមទាំងមានឧបករណ៍ទំនើបផង កម្រជួបគ្រោះថ្នាក់ណាស់។

តែយ៉ាងណា ការអះអាងរបស់ក្រុមតាលីបង់ ថាបានបាញ់យន្តហោះទំលាក់ គឺជារឿងមួយពិបាកជឿ ដោយសារក្រុមនេះ ត្រូវគេដឹងថា ពុំមាន​ប្រព័ន្ធវាយប្រហារ ឬការពារផ្លូវអាកាសឡើយ។ មួយវិញទៀត ការអង្កេតស្រាវជ្រាវពីមូលហេតុពិត ពិតជាមានឧបសគ្គ ព្រោះ​តំបន់កើតហេតុ គឺជា​តំបន់គ្រប់គ្រងដោយពួកតាលីបង់។

គួររំលឹកផងដែរថា ករណីធ្លាក់យន្តហោះកងទ័ពអាមេរិក នៅក្នុងតំបន់កាន់កាប់ដោយ​កក្រុម​តាលីបង់នេះ គឺវាជួនចំពេល ដែលអាមេរិក​កំពុងតែចរចាសន្តិភាព​ ជាមួយក្រុមតាលីបង់។ ជាថ្នូរនឹងការដកទ័ពចេញ អាមេរិក បានសុំឲ្យក្រុមតាលីបង់ធានាឲ្យបាន ​ថាត្រូវតែកាត់បន្ថយសកម្មភាពវាយប្រហារ ឬភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ