អានតួអត្ថបទ
ចិន-មេរោគ-សុខភាព​

មេរោគ​ថ្មី​មួយ​​បង្ក​ជំងឺ​ផ្លូវដង្ហើម ​ស្រដៀង​មេរោគ​SRAS​ ត្រូវ​បាន​​​គេរក​ឃើញ​​នៅ​​ភាគ​​កណ្តាល​​​ប្រទេស​​ចិន

នៅភាគ​កណ្តាល​ប្រទេស​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ ​មាន​មេរោគ​ថ្មីមួយ​ ដែល​បាន​ឆ្លង​ទៅកាន់​មនុស្ស​ចំនួន​៥៩នាក់ ​បង្ក​ឲ្យមាន​ជំងឺ​ផ្លូវដង្ហើម។ យោង​តាម​អាជ្ញាធរ​សុខាភិបាល​ចិន ​មេរោគ​ថ្មី​នេះ ​ជា​ប្រភេទ​ស្ថិត​ក្នុង​​អំបូរ​មេរោគ ​កូរ៉ូណាវីរុស ​ដូច​មេរោគ​SRAS។ ដំណឹង​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ ដោយ​គេ​នឹក​ទៅ​ដល់​ ករណី​មេរោគ ​SRAS​ ដែល​បាន​ឆ្លង​រាលដាល ​និង​បាន​សម្លាប់​មនុស្ស​ អស់​ប្រមាណ​៦០០​នាក់​ នៅ​ចិន ​កាល​ពីឆ្នាំ​២០០២ ​២០០៣។

មេរោគ​អំបូរ ​Coronavirus​ នៅក្នុងម៉ាស៊ីន​មីក្រូ​ទស្សន៍
មេរោគ​អំបូរ ​Coronavirus​ នៅក្នុងម៉ាស៊ីន​មីក្រូ​ទស្សន៍ Creative commons
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​វូហាន ភាគ​កណ្តាល​ប្រទេសចិន ​នៅ​ចន្លោះ​ពី​ថ្ងៃទី​១២ ដល់ថ្ងៃ​ទី​២៩ធ្នូ ​ឆ្នាំ​២០១៩​ មាន​មនុស្ស​យ៉ាងហោច​ណាស់ ​៥៩​នាក់ ​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ ​ផ្ទួនៗគ្នា។ ៧នាក់​ស្ថិត​ក្នុង​អការៈ​ធ្ងន់ធ្ងរ​ និង​អ្នកផ្សេង​ទៀត ​ស្ថានភាព​ជំងឺ ​ហាក់​មាន​ភាព​នឹងនរ។ គេសង្ស័យ​ថា ពួកគេ​បាន​ឆ្លង​មេរោគថ្មី​ម្យ៉ាង។ យោង​តាម​អាជ្ញាធរ​សុខាភិបាល​ចិន ​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​នេះ ​ភាគច្រើន ​គឺ​ជា​អ្នកលក់ដូរ ​នៅ​ផ្សារ​លក់ត្រី​ និង​គ្រឿង​សមុទ្រ ​មួយ​កន្លែង ​នៅ​ក្នុង​ទីក្រុង​វូហាន។

លោក ​Xu Jianguo​ អ្នកស្រាវជ្រាវ​នៅ ​បណ្ឌិតសភា​វិស្វកម្ម ​និង​វិទ្យាសាស្ត្រចិន ​បាន​លើកឡើង​ នៅក្នុង​កាសែត​ចិន​ថ្មី​ថា​ ក្រុម​ការងារ​ជំនាញ ​ទើបតែ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ​អ្នក​ជំងឺ​ទាំង​នោះ ​អាច​​​បាន​ឆ្លង​មេរោគថ្មី​មួយ ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ​មេរោគ ​Coronavirus។ មាន​ករណី​ផ្ទុក​មេរោគ​នេះ ​ចំនួន​១៥​ករណី ​ដែល​ត្រូវបាន​គេ​រកឃើញ​ហើយ ​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​៥៩​នាក់។

អ្នកជំនាញ​ដដែល​អះអាង​ថា ​មេរោគ​អំបូរ​ Coronavirus ​គឺ​ជា​ប្រភេទ​មេរោគ ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អការៈ​ ​ក្តៅខ្លួន ​ផ្តាសាយ ​ឈឺក្បាល​ជាដើម។ អាការៈ​ជំងឺ​យ៉ាង​សាមញ្ញ​បែប​នេះ​ គឺ​ជា​គ្រោះថ្នាក់ ​ព្រោះថា​អ្នក​ជំងឺ​មិនបាន​ចាប់​ភ្លឹក​ដល់​ការ​ឆ្លង​មេរោគ ​ខណៈ​ដែល​ពួកគេ​អាច​ប្រឈម​នឹង​ការ​ស្លាប់ ​នៅ​ពេល​មេរោគ​នេះ ​បំផ្លាញ​ប្រព័ន្ធ​ផ្លូវដង្ហើម។

តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ក្រុង​ប៉េកាំង ​ក៏បាន​បញ្ជាក់​ផងដែរ ​ថាខ្លួន​ ​ទើប​តែបាន​ទទួល​លទ្ធផល​សន្និដ្ឋាន ​របស់​ក្រុម​អ្នកជំនាញ​ចិន។ សម្រាប់​ពេល​នេះ ​អ្នកជំនាញ​​ នៃ​អង្គការ​សុខភាព​ពិភព​លោក​ កំពុង​តែ​ស្រាវជ្រាវ​បន្ត ​ដើម្បី​ស្វែងយល់​ពី​ប្រភព​ មធ្យោបាយ​ចម្លង​ និង​ទំហំគ្រោះថ្នាក់​ នៃ​មេរោគ​ថ្មីនេះ។

គណកម្មការ​សុខភាព​សាធារណៈ​ ប្រចាំ​ក្រុង​វូហាន ​បាន​អះអាង​ថា ​គេបាន​ដាក់ឲ្យ​អ្នក​ផ្ទុក​មេរោគ​នេះ ​នៅ​ដាច់​ដោយឡែក ​ដើម្បី​ចៀសវៀង​ការ​ឆ្លង​រាលដាល។ ចំណែក​ទីតាំង​ ផ្សារត្រី ​និង​គ្រឿង​សមុទ្រ​ ដែល​អ្នក​ជំងឺ​ភាគច្រើន​ធ្វើការ​នៅ​ទីនោះ ​ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្តោះអាសន្ន។ អ្វីដែល​ជា​ការ​ព្រួយបារម្ភ ​គឺ​ពិធីបុណ្យ​ចូលឆ្នាំចិន​កាន់តែ​ខិត​ជិត​មក​ដល់​ ដែល​ការ​នេះ ​នឹង​ធ្វើ​ឲ្យមាន​ចរាចរណ៍​មនុស្ស​ចុះឡើង​ច្រើន ​ហើយ​​ដែល​អាច​ចម្លង​មេរោគ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មេរោគថ្មី​នេះ ​បានធ្វើ​ឲ្យ​គេ​នឹក​ឃើញ ​ទៅដល់​ករណី​មេរោគ ​SRAS ​ដែល​ស្ថិត​ក្នុង​អំបូរ​មេរោគ ​Coronavirus ​ដែរ។ មេរោគ​SRAS ​បាន​សម្លាប់​មនុស្ស​ ​ប្រមាណ​​៦០០នាក់​ កាល​ពី​ឆ្នាំ​ ២០០២-២០០៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ