អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

ផ្ទុះអំពើ​ហិង្សាដល់​ស្លាប់​នៅ​ប៉ាឡេស្ទីន ខណៈ​អាមេរិក​នាំ​ផែនការ​សន្តិភាព​ទៅ​អង្គការ​សហប្រជាជាតិ

នៅថ្ងៃព្រហស្បតិ៍​នេះ ហ្សារ៉េដ គូស្នែរ (Jared Kushner) កូនប្រសារ​របស់​លោក​ដូណាល់ ត្រាំ បាន​អញ្ជើញ​ទៅ​អង្គការសហប្រជាជាតិ​ ដើម្បី​បង្ហាញ​ផែនការ​សន្តិភាព​ អ៊ីស្រាអែល-ប៉ាឡេស្ទីន ដល់​ក្រុមប្រឹក្សា​សន្តិសុខ​។ ចំណែក​លោក​ ម៉ះមូដ អាបាស់ ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​វិញ ក៏​​នឹង​អញ្ជើញ​ទៅដល់​​អង្គការ​សហប្រជាជាតិ​ នៅសប្តាហ៍ក្រោយ​ ជាមួយ​នឹង​ផែនការ​សន្តិភាពរបស់​លោក​​ដែរ។ ប៉ុន្តែ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​វិញ អំពើ​ហិង្សាប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី។

ពលរដ្ឋ​ប៉ាឡេស្ទីន​ឈរ​គ្រវី​ទង់ជាតិ
ពលរដ្ឋ​ប៉ាឡេស្ទីន​ឈរ​គ្រវី​ទង់ជាតិ ABBAS MOMANI / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ មាន​យុវជន​ប៉ាឡេស្ទីន​ម្នាក់បាន​ស្លាប់ ​នៅ​ភាគ​ខាង​ត្បូង​ស៊ីហ្សក​ដានី។ ​ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី ៦កុម្ភៈ​នេះ មាន​ស្លាប់​​ម្នាក់​ទៀត និង​៧​នាក់​​ រង​របួស នៅ​ភាគ​ខាង​ជើង​តំបន់​ស៊ីហ្សកដានីម្តង នៅ​ក្នុង​ការ​ប៉ះទង្គិចដូចគ្នា​​ជាមួយទាហាន​អ៊ីស្រាអែល។​ បើតាម​សាក្សី ក្រុម​យុវជន​ប៉ាឡេស្ទីន បាននាំគ្នា​គប់​ដុំ​ថ្ម លើ​​ទាហាន​អ៊ីស្រាអែល ​ឯ​ទាហាន​អ៊ីស្រាអែល​បាញ់​តប​វិញ​ដើម្បី​បង្ក្រាប។ ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដដែល ទាហាន​អ៊ីស្រាអែល ​បាន​បើក​ប្រតិបត្តិការ​បាញ់​លើទី​តាំង​​របស់​ចលនា​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា ក្រោយ​ពី​ក្រុម​នេះ​បាន​បង្ហោះ​ប៉េងប៉ោង​ភ្លើង​និង​បាញ់កាំភ្លើង​ត្បាល់​ចេញ​ពី​ទឹកដី​ប៉ាឡេស្ទីន​សំដៅ​អ៊ីស្រាអែល។

ចំណែក​នៅ​ទីក្រុង​ហ្សេរុយសាឡិមវិញ មាន​ការ​វាយប្រហារ​បែប​ភេរវកម្ម ដោយបើក​ឡាន​សំដៅ​បុក​មនុស្ស។​ ​១៤​នាក់​រងរបួស ក្នុង​នោះ​១២​នាក់​ជា​ទាហាន​អ៊ីស្រាអែល។ សម្រាប់​ចលនា​ហាម៉ាសប៉ាឡេស្ទីន ដែល​កំពុង​កាន់​អំណាច​នៅ​តំបន់​ហ្កាហ្សា នេះ​ជា “សកម្មភាព​តស៊ូ” ប្រឆាំង​នឹង​អ្វី​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​នៅ​ភាគ​ខាង​ជើងនិង​ខាង​ត្បូង​ស៊ីហ្សកដានី និង​ជា​ចម្លើយ​តប​ទៅ​នឹង​ផែនការ​សន្តិភាព​របស់​លោក​ដូណាល់ ត្រាំ​។

តាំង​ពី​មួយ​សប្តាហ៍​មក​នេះ ពលរដ្ឋ​ប៉ាឡេស្ទីន ខឹង​សម្បារ​ខ្លាំង​ណាស់​នឹង​ផែនការ​សន្តិភាព​អាមេរិក​ ដែល​អារកាត់​ឱ្យ​ក្រុង​ហ្សេរុយសាឡិម​ជា​រដ្ឋ​ធានី​​របស់​អ៊ីស្រាអែល​ដាច់​តែ​ឯង។ ផែនការ​នេះ ត្រូវ​បាន​លោក ហ្សារ៉េដ គូស្នែរ ជា​កូន​ប្រសារ​របស់​លោកដូណាល់ ត្រាំ លើក​យក​ទៅ​បង្ហាញ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទាំង​១៥​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦កុម្ភៈ​២០២០​។ ជា​ជំនួប​ក្រៅផ្លូវការមែន ប៉ុន្តែ​ជា​ទង្វើ​ប្រកប​ដោយ​ឥទ្ធិពល​ណាស់។

នៅក្នុង​សំណុំ​រឿង​អ៊ីស្រាអែល-ប៉ាឡេស្ទីន សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ១៤​ផ្សេង​ទៀត បាន​គាំទ្រ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​រស់​ក្បែរ​គ្នា។ ប៉ុន្តែ​ថ្ងៃ​នេះ កូនប្រសារ​លោក​ត្រាំ ចង់​ទៅ​រៀប​ចំ​​ស្ថានការណ៍ មុន​ពេល​ក្រុមប្រឹក្សា​សន្តិសុខ​​ទទួល​ជួប​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ះមូដ អាប៉ាស់ នៅ​ថ្ងៃអង្គារ​ទី ១១កុម្ភៈ។ លោក​ អាប៉ាស់ នឹង​កាន់​ទៅ​ជាមួយ​នូវ​សេចក្តី​សម្រេច​ចិត្ត​បដិសេធ​ផែនការ​អាមេរិក។ ប៉ាឡេស្ទីន​បាន​ទទួល​ជំនួយ​ពីឥណ្ឌូណេស៊ី និង​ទុយនីស៊ី​ ដែល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​​អង្គការ​ប្រជាជាតិ។

នៅ​ថ្ងៃអង្គារ​ខាង​មុខ​នេះ បើ​មាន​សមាជិក​ណា​ បោះឆ្នោត​អនុប្បវាទលើ​ផែនការ​របស់​លោក​អាប៉ាស់ នោះ​ជា​ជោគជ័យ​សម្រាប់​អាមេរិក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ