អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

លោកដូណាល់ ត្រាំ៖ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីគួរត្រូវបានសម្លាប់តាំងពីច្រើនឆ្នាំមកហើយ

ការ​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៣ មករា​ដោយ​កងទ័ពអាមេរិក​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ ពលរដ្ឋ​អ៊ីរ៉ង់​ជា​ច្រើន​ពាន់នាក់​បាន​ធ្វើ​បាតុកម្ម​បរិហារ​លើ​ឧក្រិដ្ឋកម្ម​របស់​អាមេរិក ហើយ​រដ្ឋាបាល​អ៊ីរ៉ង់​បាន​គំរាម​ធ្វើ​ការ​សងសឹក​ប្រឆាំង​នឹង​អាមេរិក​វិញ។ ពី​អាមេរិក ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ​ហាក់​បាន​ប្រើ​សម្លេង​ទន់​ដោយ​ធានា​ថា អាមេរិក​មិន​ចង់​មាន​ការ​ប្រឈម​មុខ​ទេ។ ចំណែក​លោក​ដូណាល់ ត្រាំ​ហាក់​បាន​បន្ថែម​សាំង​លើ​អណ្តាតភ្លើង​ដោយ​បញ្ជាក់​ថា ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​គួរ​ត្រូវ​បាន​សម្លាប់​តាំង​ពី​ច្រើន​ឆ្នាំ​​មកហើយ រួច​បន្ថែម​ថា អ៊ីរ៉ង់​មិន​ដែល​ឈ្នះ​សង្រ្គាម តែ​មិន​ដែល​ចាញ់​ការ​ចរចា។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ និង​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បណ្តាញសង្គម Tweeter ក្នុង​ថ្ងៃ​សុក្រ ទី៣ មករា ពោល​ប៉ុន្មាន​ក្រោយ​ពី​ទ័ពអាមេរិក​បាន​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ នៅ​ក្នុង​បណ្តាញសង្គម Tweeter លោក​ប៉ុមប៉េអូ​បាន​ប្រាប់​ពី​មាន​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​ចិន អង់គ្លេស និង​អាល្លឺម៉ង់​ដើម្បី​បញ្ជាក់​ពី​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុង​ការ​សម្លាប់​ឧត្តមសេនីយ​សូឡីម៉ានី។ តាម​លោក​ប៉ុមប៉េអូ សម្ព័ន្ធមិត្ត​អាមេរិក​ទាំង​អស់ មិន​ថា​អង់គ្លេស ឬ​អាល្លឺម៉ង់​សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ដូច​គ្នា​ពី​ការ​គំរាមកំហែង​អចិន្ត្រៃយ៍​របស់​កម្លាំង​អាល់កូដ​នៃ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។

ដោយឡែក​ក្នុង​ថ្ងៃ​សុក្រ ទី៣ មករា​ដដែល លោក​ប៉ុមប៉េអូ​បាន​ការពារ​សេចក្តីសម្រេច​របស់​លោក​ត្រាំ​ដោយ​បញ្ជាក់​ប្រាប់​ទូរទស្សន៍ CNN ថា ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​បាន​រៀបចំ​ផែនការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​ដែល​គំរាម​ដល់​ជីវិត​ពលរដ្ឋ​អាមរិកាំង​ជា​ច្រើន​រយនាក់។ « ការ​សម្រេចចិត្ត​របស់​យើង​បាន​ផ្អែកលើ​មូលដ្ឋាន​នៃ​ការ​វាយតម្លៃ​ពី​សេវា​ស៊ើបការណ៍សម្ងាត់​របស់​យើង » នេះ​ជា​សម្តី​របស់​លោក​ប៉ុមប៉េអូ។ ចំណែក​លោក​ដូណាល់ ត្រាំ​បាន​សរសេរ​ថា ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​គួរ​ត្រូវ​បាន​សម្លាប់​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ។ តាម​លោក​ត្រាំ លោក​សូឡីម៉ានី​បាន​សម្លាប់ ឬ​ធ្វើ​ឲ្យ​របួស​ពលរដ្ឋ​អាមេរិក​ជា​ច្រើន​ពាន់នាក់ និង​បាន​រៀបចំ​ផែនការ​យ៉ាង​សម្ងាត់​ដើម្បី​សម្លាប់​បន្ថែម​ទៀត។

នៅ​អ៊ីរ៉ង់ ពលរដ្ឋ​ជា​ច្រើន​ពាន់នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​បរិហារ​លើ​ឧក្រិដ្ឋកម្ម​របស់​អាមេរិក។ ​ក្រោម​ភ្នែក ច្រមុះ​របស់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​គ្រប់​ជាន់ថ្នាក់ ទង្វើ​របស់​អាមេរិក​ពេល​នេះ​នឹង​មិន​អាច​ស្ថិត​នៅ​ដោយ​គ្មាន​ការវាយ​បក​វិញ​យ៉ាង​ចាស់​ដៃ​ទេ។ តែ​សួរ​ថា តើ​មាន​វិធានការ​អ្វី​ខ្លះ​ដែល​អ៊ីរ៉ង់​អាច​សងសឹក​ពី​ការ​ស្លាប់​ឧត្តមសេនីយ​សូឡីម៉ានី​ក្រោម​គ្រាប់​កំាំភ្លើងអាមេរិកាំង?។ លោក Didier Billion ដែល​ជា​អ្នកជំនាញ​មើល​ឃើញ​ថា មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​អាច​ជា​ផ្ទាំងស៊ីប​ដែល​អ៊ីរ៉ង់​វាយប្រហារ​មុន​គេ។ តែ​លោក Didier គិត​ថា ការ​សងសឹក​របស់​អ៊ីរ៉ង់​នឹង​មិន​ធ្វើ​ឡើង​ភ្លាម​ទេ ព្រោះ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ជា​មនុស្ស​មិន​ឆេវឆាវ ហើយ​ពេល​នេះ ជា​វេលា​កាន់ទុក្ខ​គោរពវិញ្ញាក្ខន្ធ​សព​ឧត្តមសេនីយ​សូឡីម៉ានី។

យ៉ាង​ណា​ក៏​ដោយ ប្រតិកម្ម​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​មាន​ប្រទេស​ខ្លះ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ដើមបូព៌ា​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង និង​ឲ្យ​លើក​ពេល​ធ្វើ​ដំណើរ​ចំពោះ​អ្នក​ដែល​គ្រោង​ធ្វើដំណើរទៅ​កាន់​ប្រទេស​ទាំង​នោះ។ ជាក់ស្តែង បារាំង​បាន​ស្នើ​ពលរដ្ឋ​ខ្លួន​ឲ្យ​ផ្អាក​ដំណើរ​ទៅ​កាន់​អ៊ីរ៉ង់ ឬ​អ៊ីរ៉ាក់ ហើយ​អ្នក​ដែល​កំពុង​មាន​វត្តមាន​នៅ​លើ​ទឹកដី​អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល ឬ​ដែនដី​ប៉ាឡេស្ទីន​ត្រូវ​​ប្រុងប្រយ័ត្ន និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ជួបជុំ ឬ​បាតុកម្ម​ផ្សេងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ