អានតួអត្ថបទ
អង្គការសហប្រជាជាតិ

អង្គការ​សហប្រជាជាតិ​បើក​មហាសន្និបាទ​ប្រចាំ​ឆ្នាំ

បណ្តា​មេដឹក​នាំ​ និង​ប្រមុខ​ការ​ទូត​មក​ពី​១៩៣​ប្រទេស​ជុំ​វិញ​ពិភព​លោក​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ ​ម្សិល​ម៉ិញ​ក្នុង​ឱកាស​បើក​មហា​សន្និ​បាទ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជា​ជាតិ នាទី​ក្រុង​ញូវយ៉ក​។ ​ប្រធាន​បទ​សំខាន់​ៗ​ដែល​ពិភព​លោក​កំពុង​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​លោក​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ គី​មូន​ ប្រកាស​ឡើង។

លោក​បាន​ គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ​ នាឱកាស​បើក​មហាសន្និបាទ​ប្រចាំឆ្នាំ​ កាលពី​ថ្ងៃ​ពុធ ទី​២៤ កញ្ញា​ ២០១៤
លោក​បាន​ គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ​ នាឱកាស​បើក​មហាសន្និបាទ​ប្រចាំឆ្នាំ​ កាលពី​ថ្ងៃ​ពុធ ទី​២៤ កញ្ញា​ ២០១៤ REUTERS/Andrew Burton/Pool
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គ​លេខា​ធិការ​អង្គ​ការសហ​ប្រជា​ជាតិ​ បាន​ គីមូន​បាន​ស្នើ​សុំ​អោយ​បណ្តា​មេ​ដឹក​នាំ​លើ​ពិភព​លោក​ស្វែង​រក​បណ្តុះ​ «គ្រាប់​ពូជ​នៃ​ក្តី​សង្ឃឹម»​ ក្នុង​ពេល​ដែល​ពិភព​លោក​ហាក់​ដូច​ជា​​បែក​បាក់​ជា​ចំណែក​តូចៗ​ដោយ​សារ​អំពើ​ហឹង្សា​ និង​ភ្លើង​សង្គ្រាម​ដែល​កំពុង​ឆាប​ឆេះ​ស្ទើរ​គ្រប់​ទី​កន្លែង​។

 
នៅ​ក្នុង​សុន្ទ​រកថា​បើក​មហា​សន្និ​បាទ​ប្រចាំ​ឆ្នាំ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក បាន​ គី​មូន​ បាន​រំលឹក​ពី​បញ្ហា​ធំៗ​មួយ​ចំនួន​ដូច​ជា​ វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ ការ​គំរាម​កំហែង​របស់​ពួក​ជី​ហាត​នៅ​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​ ការ​វាយ​ប្រហារ​របស់​អ៊ី​ស្រា​អ៊ែល​មក​លើ​តំបន់​ហ្គាហ្សា និង​អំពើ​ហឹង្សា​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ Boko Haram នៅ​ប្រទេស​នីហ្សេរីយ៉ា​ជា​ដើម។​ក្រៅ​ពី​នោះ​ផង​ដែរ​ លោក​ បាន​ គី​មូន​ បាន​លើក​យក​ប្រធាន​បទ​ផ្សេង​ទៀត​ដូច​ជា​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​ Ebola ​នៅ​ទី្វប​អាហ្វ្រិក​ ការ​លេច​ចេញ​ឡើង​វិញ​នៃ​សញ្ញា​សង្គ្រាម​ត្រជាក់​រវាង​ប្រទេស​មហា​អំណាច​ និង​អំពើ​ហឹង្សា​ដែល​កើត​ចេញ​ពី​បដិ​វត្ត​ផ្កា​ម្លិះ​នៅ​តាម​បណ្តា​ប្រទេស​អារ៉ាប់​ ភាព​ក្រី​ក្រ​ជុំ​វិញ​ពិភព​លោក​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​ដើម។​

សង្គ្រាម​ប្រឆាំង​នឹង​ពួក​ជីហាត​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​សំណុំ​រឿង​ដ៏​ក្តៅ​គគុក​ជាង​គេ​នៅ​ក្នុង​ជំនួប​នេះ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​អារ៉ាប់​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

បណ្តា​អ្នក​ការ​ទូត​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​មហា​សន្និ​បាទ​នេះ​បាន​យល់​ឃើញ​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​ ដែល​ពិភព​លោក​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ប្រឈម​ចំពោះ​ចំនួន​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។​នៅ​ក្នុង​នោះ​យើង​ឃើញ​មាន​ជំលោះ​នៅ​ប្រទេស​ស៊ីរី​ ប្រទេស​អ៊ីរ៉ាក់​ សាធា​រណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​។ គួរ​កត់​សំគាល់​ផង​ដែរ​ថា​ គ្រាន់​តែ​ជំលោះ​នៅ​ប្រទេស​ស៊ីរី​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្ករ​អោយ​មាន​ការ​បាត់​បង់​អាយុ​ជីវិត​មនុស្ស​១៩ ម៉ឺន​នាក់​។

នៅ​ក្នុង​ឱកាស​នោះ​ លោក​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាមា​បាន​ឡើង​ថ្លែង​សុន្ទ​រកថា​ដោយ​សង្កត់​ធ្ងន់​ថា​ពិភព​លោក​កំពុង​ស្ថិត​នៅ​រវាង​សង្គ្រាម​ និង​សន្តិ​ភាព​ ហើយ​សហ​រដ្ឋ​អាមេរិចក​សន្យា​ដឹក​នាំ​សម្ព័ន្ធ​ភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ «បណ្តាញ​មរណៈ»​ ​របស់​ពួក​ជ្រុល​និយម​ជីហាត​ ដែល​កំពុង​បង្ករ​ភាព​ភ័យ​ខ្លាច​នៅ​តំបន់​មជ្ឈឹម​បូព៌ា​។ លោក​ អូ​បា​ម៉ា ក៏​បាន​ទទូច​សុំ​អោយ​បណ្តា​ប្រទេស​នៅ​មជ្ឈឹម​បូព៌ា​ជួយ​កាត់​បន្ថយ​ចលនា​ជ្រុល​និយម​របស់​ពួក​ជីហាត​ ជា​ពិសេស​ទប់​ស្កាត់​ការ​ឧប​ត្ថម្ភ​ថវិការ​ដល់​ពួក​ភេរ​វករ​។​សូម​បញ្ជាក់​ផង​ដែរ​ថា​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​នឹង​ត្រូវ​បិទ​បញ្ជប់​នៅ​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ខាង​មុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ