អានតួអត្ថបទ

បាតុកម្ម​នៅ​ហុងកុង​ប្រឆាំង​នឹង​ការ​រឹតត្បឹត​សិទ្ធិសេរីភាព​ពី​សំណាក់​ក្រុង​ប៉េកាំង

បណ្តាជនហុងកុង​រាប់ពាន់នាក់ បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​​​ពួក​គេ​យល់ថា ជា​ការ​រឹតត្បឹត​កាន់តែ​ខ្លាំងឡើង នូវ​សិទ្ធិសេរីភាព​​ និង​ស្វយ័តភាព​នៃ​ដែនដី​ហុងកុង។ បាតុកម្ម​នេះ​បាន​កើតឡើង តែ​មួយសប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​អាជ្ញាធរ​ហុងកុង​បាន​ប្រកាស​បិទ​គណបក្សមួយ​ដែល​មា​ន​និន្នាការ​ឯករាជ្យនិយម។

បាតុកម្ម​នៅ​ហុងកុង ថ្ងៃចន្ទ ទី១ តុលា ២០១៨
បាតុកម្ម​នៅ​ហុងកុង ថ្ងៃចន្ទ ទី១ តុលា ២០១៨ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម នៅថ្ងៃ​ចន្ទ​ទី១តុលា​នេះ គឺ​ចំ​នឹង​ថ្ងៃ​បុណ្យជាតិ​ចិន ដែល​បក្ស​កុម្មុយនិស្ត​ចិន​កំណត់​យក​ជា​ថ្ងៃ​រំឭក​ខួប​នៃ​ការ​ចាប់កំណើត​របបសាធារណរដ្ឋ​ប្រជាមានិតចិន ក៏ប៉ុន្តែ ជារៀងរាល់​ឆ្នាំ ​សកម្មជន​ប្រជាធិបតេយ្យ​នៅ​​ហុងកុងតែងតែ​នាំគ្នា​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ធ្វើ​បាតុកម្ម​​​តវ៉ា​ជំទាស់​នឹង​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មក​លើ​កិច្ចការ​របស់​ហុងកុង​ដែល​ជា​ដែន​ដី​ស្វយ័ត និង​ជាពិសេស គឺ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹតត្បឹត​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង។

ការព្រួយបារម្ភ​ពី​ការ​រឹតត្បឹត​សិទ្ធិសេរីភាព​​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​កំពុងតែ​កើតមាន​កាន់តែ​ខ្លាំងឡើង ក្រោយ​ពី​អាជ្ញាធរ​ទើប​នឹង​បាន​ចេញ​បម្រាម​លែង​ឲ្យ​គណបក្ស​ឯករាជ្យ​និយម​មួយ​ធ្វើ​សកម្មភាព​នៅ​ហុងកុង​តទៅទៀត ដោយ​លើក​យក​ហេតុផល​សន្តិសុខជាតិ​មក​ធ្វើ​ជា​សំអាង។

មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យហុងកុង គឺ Joshua Wong ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​ នៅថ្ងៃ​ចន្ទ​នេះ​ដែរ បាន​លើកឡើង​ពី​ក្តីបារម្ភ​ថា គណបក្ស​របស់​លោកក៏​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​​ដូចគ្នា​នេះដែរ ដោយសារ​តែ​គណបក្ស​នេះតែងតែ​​ធ្វើការ​តស៊ូមតិ​ការពារ​ស្វយ័តភាព​ដែនដី​​ហុងកុង ទល់​នឹង​ការ​លូកដៃជ្រៀតជ្រែក​ពី​សំណាក់​បក្ស​កុម្មុយនិស្តចិន។

ក៏ប៉ុន្តែ អ្វី​ដែល​ជា​ការ​កត់សម្គាល់ ប្រឈមមុខ​នឹង​ក្តីបារម្ភ​​អំពី​ការ​កើនឡើង​នៃ​នយោបាយ​រឹតត្បឹត​សិទ្ធិសេរីភាព​ពី​សំណាក់​ក្រុងប៉េកាំង​នេះ ចំនួន​អ្នក​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ បែរជា​មាន​ចំនួន​ធ្លាក់​ចុះ​ទៅវិញ បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ។ យោងតាម​តួលេខ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ បាតុកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ១៥០០នាក់​ប៉ុណ្ណោះ។ រីឯ អ្នក​យកការណ៍​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​​ដែល​ស្ថិត​នៅ​ទីតាំង​បាតុកម្ម​បាន​សង្កេតឃើញ​ថា ចំនួន​បាតុករ​ទំនងជា​​មាន​ច្រើន​ជាង​តួលេខ​របស់​អាជ្ញាធរ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​តិចជាង​យ៉ាង​ដាច់ឆ្ងាយ ពី​បាតុកម្ម កាល​ពី​ឆ្នាំ២០១៧​កន្លងទៅ ដែល​កាលណោះ មាន​មនុស្ស​ចូលរួម​រហូតដល់​ទៅ​រាប់ម៉ឺននាក់។

យោងតាម​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ការធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ចូលរួម​បាតុកម្ម​នេះ គឺ​ដោយសារ​តែ​ប្រជាជន ជាពិសេស យុវជន​ហុងកុង​​មួយ​ចំនួន​មាន​ការ​ធ្លាក់ទឹកចិត្ត ក្រោយ​ពី​​ការ​តវ៉ា​ប្រឆាំង​យ៉ាងខ្លាំងក្លា​​អស់រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ជាពិសេស គឺ​ចាប់ពី​ឆ្នាំ២០១៤មក ហាក់​ដូចជា​មិន​បាន​ទទួល​ផលអ្វី ក្នុងពេល​ដែល​ឥទ្ធិពល​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅ​ហុងកុង ចេះតែ​បន្ត​កើនឡើង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ