អានតួអត្ថបទ
កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក-កូរ៉េខាងជើង

កូរ៉េខាងត្បូង​​និង​អាមេរិក​​បើក​​សមយុទ្ធ​យោធា​រួមគ្នា​​តាម​​​​ការ​គ្រោងទុក​​

នៅ​កូរ៉េខាងត្បូង ​ថ្ងៃចន្ទ​នេះ កងទ័ព​កូរ៉េខាងត្បូង​និង​អាមេរិ​កបាន​បើក​សមយុទ្ធ​រួមគ្នា ​​តាម​ការគ្រោងទុក ទោះ​ជា​មានការថ្កោលទោស​​​ពី​កូរ៉េខាងជើង​ក៏ដោយ។ ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​បាន​ប្រាប់​អោយ​លោក​គឹម​ ជុងអ៊ុន កុំ​​យកសមយុទ្ធ​យោធា​នេះ ធ្វើជា​លេសបន្ត​​ផ្គើន ​​បន្ថែមភាពតានតឹង​ក្នុងតំបន់។ ​​

ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក​មូន ចែអ៊ីន ចាប់ដៃ​មេបញ្ជាការ​យោធា​អាមេរិក ​លោក ​​Joseph Dunford នៅ​សេអ៊ូល ថ្ងៃ១៤សីហា
ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក​មូន ចែអ៊ីន ចាប់ដៃ​មេបញ្ជាការ​យោធា​អាមេរិក ​លោក ​​Joseph Dunford នៅ​សេអ៊ូល ថ្ងៃ១៤សីហា Bae Jae-man/Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​យោធាប្រចាំឆ្នាំ ​​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ដំណើរការ​ដូច​​គ្រោងទុក នៅ​ថ្ងៃចន្ទ​នេះ។ ទាហាន​ទាំង២ប្រទេស​ត្រូវ​ធ្វើសមយុទ្ធ​នេះ​ រយៈពេល​២សប្តាហ៍។ លោក​មូន ចែអ៊ីន បាន​ព្រមាន​កូរ៉េខាងជើង​​ ថា ​​កូរ៉េខាងជើង​ត្រូវដឺងថា គឺការផ្គើន​ដដែលៗ​របស់​​កូរ៉េខាងជើង​ខ្លួនឯង​ហ្នឹងហើយ​ ដែល​បង្ខំ​អោយ​កូរ៉េខាងត្បូង​និង​អាមេរិក​ធ្វើសមយុទ្ធ​យោធា​រួមគ្នាដូច្នេះ។ ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ព្រមាន​កូរ៉េខាងជើង កុំអោយ​​​​យក សមយុទ្ធ​​នេះ​ជាលេស​ ដើម្បី​បន្ត​​បន្ថែម​ភាព​តានតឹង​តទៅទៀត។ ម្សិលមិញនេះ ​ក្រុងព្យុងយ៉ាង​បាន​ចាត់ទុក​សមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក ​​ថាជា​ការយកសាំង​មក​ជះលើភ្លើង។ ​ ​​

សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា រវាង​កូរ៉េខាងត្បូង និង​អាមេរិក គឺ​មាន​តាំងពី​ឆ្នាំ១៩៧៦​មក គេអោយ​ឈ្មោះថា ​អ៊ុលឈី ហ្វ្រ៊ីដុម ហ្កាដៀន Ulchi Freedom Guardian ឧទ្ទិសដល់​​មេបញ្ជាការ​យោធា​មួយរូប ដែល​បាន​ការពារ​ទឹកដី​កូរ៉េ​ ប្រឈម​នឹង​ការឈ្លានពាន​របស់​ចិន។ សមយុទ្ធ​យោធា​​​​កូរ៉េខាងត្បូង​-​អាមេរិក​ឆ្នាំ​២០១៧នេះ មា​នទាហាន​ចូលរួម​រាប់ម៉ឺននាក់ គឺមាន​៥ម៉ឺននាក់​នៅ​ខាងកូរ៉េខាងត្បូង និង​១ម៉ឺន៧ពាន់៥រយនាក់​ ខាង​សហរដ្ឋ​អាមេរិក។ គិតជា​តួលេខ​គឺតិចជាងសមយុទ្ធ​ ​​ឆ្នាំ២០១៦មុននេះ​។ ​

សារព័ត៌មាន​កូរ៉េខាងត្បូង​លើកឡើង​ថា ​អាមេរិក​គ្រោង​មិនប្រើ​​នាវា​ផ្ទុកយន្តហោះ ​ក្នុង​សមយុទ្ធ​នេះទេ។ គេមើលឃើញថា អាមេរិក​ប្រហែល​ជា​ចង់​បន្ថយភាពតានតឹង​ជាមួយ​កូរ៉េខាងជើង ទើបបាន​ជា​កាត់បន្ថយ​ចំនួន​ទាហាន និង​មិនប្រើ​នាវាផ្ទុកយន្តហោះ ក្នុង​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង។ ​ប៉ុន្តែ ម្សិលមិញ​នេះ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ ចេម ម៉ាទីស បាន​បដិសេធ​ថា មិនបាន​ព្យាយាម​បន្ថយ​ភាពតានតឹង​ជាមួយ​ក្រុងព្យុងយ៉ាងទេ។ លោក​ម៉ាទីស​លើកឡើង​ថា អាមេរិក​​មានចេតនា​​បន្ថយ​ចំនួន​ទាហាន​គឺដើម្បី​​​បំពេញទិសដៅ​សមយុទ្ធ​​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ