អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តាច់​ខ្លួន​វរសនីយឯក​កូរ៉េខាងជើង​ម្នាក់

នៅ​ថ្ងៃ​ចន្ទ ទី១១ មេសា​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ពី​ការ​ផ្តាច់ខ្លួន​របស់​វរសេនីយឯក​កូរ៉េខាងជើង​ម្នាក់​ចូល​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ។ តែ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​មិន​បាន​បញ្ជាក់​លំអិត​លើ​អត្តសញ្ញាណ​របស់​មន្រ្តីយោធាជាន់ខ្ពស់​កូរ៉េខាងជើង​រូប​នោះ​ទេ។ បើ​ផ្អែក​តាម​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងត្បូង​ឈ្មោះ Yonhap ឲ្យ​ដឹង​ថា វរសេនីយឯក​កូរ៉េខាងជើង​ផ្តាច់ខ្លួន គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ប្រតិបត្តិការ​ចារកម្ម​លើ​កូរ៉េខាងត្បូង។

លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហេ
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហេ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ពលរដ្ឋ​នៅ​កូរ៉េខាងជើង​បាន​រត់ និង​កំពុង​បន្ត​ព្យាយាម​រត់​ទៅ​កាន់​ទឹកដី​កូរ៉េខាងត្បូង។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​បន្តិច​នៅ​ក្នុង​ករណី​រូប​វរសេនីយឯក​ដែល​គេ​មិន​បាន​ស្គាល់​ឈ្មោះ​គឺ​ថា លោក​ជា​មន្រ្តី​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង​មួយ​រូប​ដែល​បាន​ផ្តាច់ខ្លួន​ទៅ​កាន់​ទឹកដី​កូរ៉េខាងត្បូង​ក្បែរ​ខាង។ ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក ៣ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ផ្តាច់​ខ្លួន​របស់​ពលរដ្ឋ​កូរ៉េខាងជើង​ចំនួន ១៣នាក់​ចូល​ទឹកដី​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មេសា​ថ្មីៗ​នេះ។

ពលរដ្ឋ​កូរ៉េខាងជើង​ទាំង ១៣នាក់​ដែល​មាន​ស្រ្តី ១២នាក់​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​របស់​រដ្ឋ​កូរ៉េខាងជើង​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​ចិន។ បុគ្គលិក​ទាំង ១៣នាក់​បាន​រត់​ទៅ​កូរ៉េខាងត្បូង​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ។ កន្លង​មក ក៏​ធ្លាប់​មាន​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​ដដែល​នេះ​ផ្តាច់​ខ្លួន​ចូល​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដែរ តែ​ជា​លក្ខណៈ​បុគ្គល ពោល​មិនមែន​ជា​ក្រុម​ដូច​លើក​នេះ​ទេ។

ជា​ទូទៅ ទីក្រុង​សេអ៊ូល​កម្រ​បញ្ចេញ​ជា​សាធារណៈ​នូវ​​ព័ត៌មាន ឬ​អត្តសញ្ញាណ​របស់​ពលរដ្ឋ​កូរ៉េខាងជើង​ផ្តាច់ខ្លួន​ទៅ​កាន់​ទឹកដី​កូរ៉េខាងត្បូង ពិសេស​រូប​ពលរដ្ឋ​កូរ៉េខាងជើង​ណា​ដែល​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល។ មូលហេតុ គឺ​ចង់​រក្សា​សន្តិសុខ​របស់​ក្រុម​អ្នក​ផ្តាច់ខ្លួន​ទាំង​នោះ និង​ម្យ៉ាង​ទៀត ទីក្រុង​សេអ៊ូល​ក៏​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ការទូត​ជាមួយ​ប្រទេស​អាស៊ី​ផ្សេង​ដែល​អ្នក​ផ្តាច់​ខ្លួន​បាន​រត់ឆ្លង​កាត់ មុន​នឹង​ទៅ​ដល់​ទឹកដី​កូរ៉េខាងត្បូង។

យ៉ាង​ណា​ក៏​ដោយ ដំណឹង​ផ្តាច់ខ្លួន​របស់​វរសេនីយឯក​កូរ៉េខាងជើង​ម្នាក់​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុមប្រឆាំង​នៅ​កូរ៉េខាងត្បូង។ ក្រុមប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ពី​បទ​យក​ដំណឹង​តាំង​ពី​ឆ្នាំ​ទៅ​មក​ប្រកាស​ពេល​នេះ​ដើម្បី​កេងចំណេញ​នយោបាយ ពិសេស​កេង​ចំណេញ​សន្លឹក​ឆ្នោត​នៅ ២ថ្ងៃ មុន​ការ​រៀបចំ​ឆ្នោតសភា។ តែ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការពារជាតិ​បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ