អានតួអត្ថបទ

ម៉ាឡេស៊ី​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ករណី​បាត់​យន្តហោះ MH370 តែ​គ្មាន​តម្រ៉ុយ​អ្វីថ្មី

របាយការណ៍​ផ្លូវការ​ចុងក្រោយ ស្តីពី​ការ​ស៊ើបអង្កេត​លើ​ករណី​បាត់យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH370 ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចេញផ្សាយ​ជា​សាធារណៈ នៅថ្ងៃ​ចន្ទ​នេះ។ ក៏ប៉ុន្តែ ការ​ចេញផ្សាយ​របាយការណ៍​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរមកហើយ​នេះ មិន​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​​ស្កប់ចិត្ត​នោះទេ ដោយសារ​តែ​ពួកគេ​យល់ថា នៅ​ក្នុងរបាយការណ៍​នេះ គ្មាន​អ្វីថ្មី​ដែល​គេ​មិនទាន់​ដឹង​រួចហើយ​នោះទេ។

MH370 safety investigator-in-charge Kok Soo Chon shows the MH370 safety investigation report booklet to the media after a news conference in Putrajaya, Malaysia July 30, 2018.
MH370 safety investigator-in-charge Kok Soo Chon shows the MH370 safety investigation report booklet to the media after a news conference in Putrajaya, Malaysia July 30, 2018. REUTERS/Sadiq Asyraf
ផ្សាយពាណិជ្ជកម្ម

ជាងបួនឆ្នាំមកហើយ ដែល​យន្តហោះ​ MH370 ដឹកអ្ន​កដំណើរ​ និង​អាកាសយានិក ២៣៩នាក់​បាន​បាត់ស្រមោល​ឈឹង។ ជាង​បួនឆ្នាំ​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ពី​អូស្រ្តាលី បាន​បើក​​​ប្រតិបត្តិការ​រុករក​យន្តហោះ និង​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​នៃ​ការ​បាត់យន្តហោះ​។ ជាងបួនឆ្នាំ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេតនេះ។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​របាយការណ៍​ស៊ើបអង្កេត​ជា​ស្ថាពរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅថ្ងៃ​ចន្ទ​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​ខ្លះ​បាន​បង្ហាញ​នូវ​ការ​ខកចិត្ត ខ្លះ​ចោទ​ជា​សំណួរ ហើយ​ខ្លះ​ទៀត​ខឹងសម្បារ រហូត​ដើរចេញ​ពី​កិច្ចប្រជុំ​បង្ហាញ​របាយការណ៍ ដោយសារ​តែ​ពួកគេ​យល់ថា នៅ​ក្នុង​របាយការណ៍​នេះ គ្មាន​អ្វី​ថ្មី ក្រៅតែ​ពី​ការ​រៀបរាប់​យ៉ាងវែងអន្លាយ​ពី​ការ​បាត់យន្តហោះ និង​អំពី​ប្រតិបត្តិការ​តាម​រុក​បំណែក​យន្តហោះ​នោះទេ ពោលគឺ គ្មាន​អ្វី​ថ្មី ដែល​ជា​តម្រ៉ុយ​អាច​ឲ្យ​គេ​ដឹងអំពី​ទីតាំង​យន្តហោះ​ដែល​បាត់ ឬ​ក៏​មូលហេតុ​នៃ​ការ​បាត់យន្តហោះ​នេះ។

ក្រុមគ្រួសារ​ជនរងគ្រោះ​ខ្លះ​បង្ហាញ​នូវ​ការ​មិន​សប្បាយចិត្ត ដែល​ការ​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយ​មន្រ្តី​មក​ពី​ក្រសួងដឹកជញ្ជូន​ម៉ាឡេស៊ី ้ហើយ​​មិន​អាច​ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន ដោយសារ​តែ​​​ពួកគេ​មិនមែន​ជា​អ្នក​សរសេរ​របាយការណ៍។

គួររំឭកឡើងវិញ​ថា យន្តហោះ​ MH370 បាន​បាត់ស្រមោល​ពី​រ៉ាដា កាល​ពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ក្នុងអំឡុងពេល​ហោះហើរ​ពី​ទីក្រុង​គួឡាឡាំពួរ ទៅកាន់​ទីក្រុង​ប៉េកាំង។ ប្រតិបត្តិការ​រុករក​បំណែក​យន្តហោះ​ត្រូវ​បាន​គេ​ធ្វើឡើង ទាំង​លើ​ផ្ទៃសមុទ្រ និង​នៅ​បាតសមុត្រ ក្នុង​ផ្ទៃ​ក្រឡា​ប្រមាណ​ជា ១២ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ក្នុង​មហាសមុទ្រ​ឥណ្ឌា ក៏ប៉ុន្តែ គ្មាន​លទ្ធផល​អ្វី​ទាំងអស់។ រហូតមកទល់​នឹង​ពេលនេះ គេ​នៅតែ​មិនដឹង​ថា តើ​យន្តហោះ​នេះ​នៅទីណា​ពិតប្រាកដ ហើយ​តើ​មូលហេតុអ្វី​ដែល​ធ្វើ​ឲ្យ​យន្តហោះនេះ​បាត់​សម្រោល​ឈឹងបែបនេះ។

សម្រាប់​គ្រួសារ​ជនរងគ្រោះ ការ​មិនដឹង​អំពី​មូលហេតុ និង​ដំណើររឿង​ពិតប្រាកដ​នៃ​ការ​បាត់យន្តហោះ​នេះហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​បើកទំព័រ​ថ្មី​នៅ​ក្នុង​ដំណើរជីវិត​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ