អានតួអត្ថបទ

រដ្ឋរ៉ាឃីន​រងការ​វាយប្រហារ​ដោយគ្រាប់បែក​៣​គ្រាប់ផ្ទួនៗគ្នា

នាព្រឹកព្រលឹម​ថ្ងៃសៅរ៍ម្សិលមិញ គ្រាប់បែក​ចំនួន៣គ្រាប់បាន​ផ្ទុះឡើង​នៅ៣​កន្លែង​ផ្សេងគ្នា​ក្នុងរដ្ឋរ៉ាឃីន​នៃប្រទេសភូមា។​ ហេតុការណ៍នេះ​បានបណ្តាល​អោយមន្រ្តីប៉ូលីស​ម្នាក់រងរបួស ​ប៉ុន្តែពុំមានជនរងគ្រោះ​ដែលបាត់បង់ជីវិត​នោះទេ។ អាជ្ញាធរ​របស់ភូមា​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បីវែកមុខ​ជនឧក្រិដ្ឋ​ដែលនៅពីក្រោយ​រឿងនេះ។

ទិតាំងមួយកន្លែងដែលហេតុការណ៍ផ្ទុះគ្រាប់បែកបានកើតឡើងក្នុងរដ្ឋរ៉ាឃីន ថ្ងៃទី២៤​ កុម្ផៈ ២០១៨
ទិតាំងមួយកន្លែងដែលហេតុការណ៍ផ្ទុះគ្រាប់បែកបានកើតឡើងក្នុងរដ្ឋរ៉ាឃីន ថ្ងៃទី២៤​ កុម្ផៈ ២០១៨ Ministry of Information Webportal Handout/via REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋរ៉ាឃីននៃប្រទេសភូមា ត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកច្នៃចំនួន៣គ្រាប់នៅទីតាំង៣ផ្សេងគ្នា ដែលមួយក្នុងចំណោមនោះគឺផ្ទុះនៅក្បែរផ្ទះរបស់មន្ត្រីជាន់ខ្ពស់ក្នុងស្រុកមួយរូប ហើយពីរផ្សេងទៀតផ្ទុះនៅខាងមុខការិយាល័យមួយក្នុងទីក្រុងនិងនៅតាមដងផ្លូវទៅកាន់ឆ្នេរសមុទ្រ។ ហេតុការណ៍នេះ បានបណ្តាលអោយមន្រ្តីប៉ូលីសមួយរូបទទួលរងរបួសស្រាល តែពុំបានបង្កអោយមានការបាត់បង់ជីវិតណាមួយនោះទេ។

ក្រៅពីគ្រាប់បែកដែលបានផ្ទុះចំនួន៣គ្រាប់នេះ អាជ្ញាធរភូមាបានរកឃើញនូវគ្រប់បែកចំនួន៣ផ្សេងទៀតដែលមិនទាន់ផ្ទុះនៅក្នុងទីក្រុងផងដែរ។

ការបំផ្ទុះគ្រាប់បែកនេះ គឺជាការវាយប្រហារចុងក្រោយបំផុតទៅលើរដ្ឋរ៉ាឃីនដែលកំពុងពោរពេញទៅដោយភាពតានតឹងនិងភាពជ្រួលច្របល់ដោយសារបញ្ហាអំពើហឹង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

ទោះជាយ៉ាងណាក្តី បើតាមការលើកឡើងរបស់លោក David Mathieson អ្នកវិភាគឯករាជប្រចាំនៅភូមា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនេះ ទំនងជាទង្វើរបស់ក្រុមប្រដាប់អាវុធArakanច្រើនជាងទង្វើរបស់ក្រុមជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ អ្នកវិភាគរូបនេះបានធ្វើការសន្និដ្ឋានបែបនេះដោយហេតុថា តំបន់ដែលបញ្ហាក្រុមរ៉ូហ៊ីងយ៉ាភាគច្រើនកើតឡើង មានទីតាំងស្ថិតនៅឆ្ងាយដល់ទៅប្រមាណ១០០គីឡួម៉ែត្រពីតំបន់កើតហេតុផ្ទុះគ្រាប់បែក ហើយលោកអះអាងថា មានក្រុមជនជាតិអ៊ីស្លាមតិចណាស់ដែលអាចធ្វើការចល័តក្នុងទីក្រុង។

អ្នកវិភាគរូបនេះបានប្រាប់ទៅកាន់សារព័ត៌មានAFPទៀតថា ក្រុមArakanគឺជាក្រុមប្រដាប់អាវុធតែមួយគត់ដែលធ្វើប្រតិបត្តិការនានានៅកណ្តាលរដ្ឋរ៉ាឃីន ហើយលោកជឿថា មានតែក្រុមនេះទេដែលមានលទ្ធភាពក្នុងការដាក់គ្រាប់បែកនេះ។

សូមរំលឹកថា ក្រុមប្រដាប់អាវុធArakan ជាឈ្មោះផ្លូវការរបស់ក្រុមជនជាតិភាគតិចរ៉ាឃីនដែលកាន់ពុទ្ធសាសនាក្នុងរដ្ឋរ៉ាឃីន ហើយក្រុមនេះធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយជាមួយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលភូមា។ ការប៉ះទង្គិចគ្នាលើកចុងក្រោយបំផុតគឺបានកើតមានឡើងកាលពីខែមុន នៅពេលដែលមន្រ្តីប៉ូលីសរដ្ឋាភិបាលបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សរបស់ក្រុមជនជាតិភាគតិចរ៉ាឃីនដែលកំពុងព្យាយាមចូលកាន់កាប់ការិយាល័យរដ្ឋាភិបាលមួយកន្លែងនៅក្នុងទីក្រុង Mrauk U នៃរដ្ឋរ៉ាឃីន ដែលហេតុការណ៍បានបង្កអោយបាត់បង់ជីវិតមនុស្ស៧នាក់និងរបួសជាង១០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ