អានតួអត្ថបទ

អាជ្ញាធរ​ថៃ​កំពុង​ពិនិត្យ​បំណែក​ដែល​សង្ស័យថា​មកពី​យន្តហោះ​ម៉ាឡេស៊ី ​MH370

អាជ្ញាធរ​ថៃ​បាន​ឲ្យដឹង​នៅថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​កំពុងតែ​ធ្វើការ​សិក្សា​វិភាគ​ទៅលើ​បំណែក​មួយ ដែល​គេ​រកឃើញ​នៅ​ថៃ ហើយ​ដែល​គេ​សង្ស័យ​ថា មក​ពី​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរលេខ ៣៧០ ដែល​បាត់​ដំណឺង​តាំង​ពី​ជិតពីរ​ឆ្នាំមុន។ តាមការ​សង្កេតមើល​ពី​សម្បកក្រៅ អ្នក​ជំនាញ​ថៃ​បាន​ធ្វើការ​សន្និដ្ឋាន​ជា​បឋម​ថា​​បំណែក​នេះ មាន​សណ្ឋាន​​ជា​បំណែក​យន្តហោះ ក៏ប៉ុន្តែ មិនទាន់​អាច​ដឹងច្បាស់​​ថា​មក​ពី​យន្តហោះ​ណាមួយ​នៅឡើយនោះទេ។

ទាហានថៃ​កំពុងពិនិត្យ​មើល​បំណែក​យន្តហោះ ដែល​គេសង្ស័យ​ថា​មក​ពី​យន្តហោះ​ម៉ាឡេស៊ី MH370
ទាហានថៃ​កំពុងពិនិត្យ​មើល​បំណែក​យន្តហោះ ដែល​គេសង្ស័យ​ថា​មក​ពី​យន្តហោះ​ម៉ាឡេស៊ី MH370 REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

បំណែកលោហៈ​ដែល​មាន​បណ្តោយ ៣ម៉ែត្រ និង​ទទឹង ២ម៉ែត្រ ត្រូវ​បាន​អ្នក​នេសាទ​រកឃើញ​ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​លើ​ឆ្នេរសមុទ្រ​ក្នុងខេត្ត​ណាខន​ស៊ីថាមរ៉ាត់ ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ។

មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន​មួយរូប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា ក្រុម​អ្នក​ជំនាញ​ខាង​យន្តហោះ​មក​ពី​កងទ័ព​អាកាសថៃ​​បាន​ធ្វើការ​សន្និដ្ឋាន​ជា​បឋម​ថា បំណែក​ដែល​មាន​រាងកោង និង​មាន​ខ្សែភ្លើង​ជាប់ជាមួយ​ផង​​នេះ គឺ​​ទំនង​ជា​មក​ពី​ផ្នែក​ខាងមុខ​យន្តហោះ ក៏ប៉ុន្តែថា គេ​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​លម្អិត​ជាច្រើន​ទៀត ទើបអាច​ធ្វើ​សេចក្តីស​ន្និដ្ឋាន​ជាផ្លូវការ​មួយបាន។

ទោះជាយ៉ាងនេះ​ក៏ដោយ គិតមក​ត្រឹមពេលនេះ បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថៃ​បាន​នាំគ្នា​​លើកឡើង​ថា បំណែក​ដែល​គេ​រកឃើញ​នេះ អាច​ជា​បំណែក​មក​ពី​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​លេខ ៣៧០។

គួររំឭកឡើងវិញ​ថា យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​លេខ ៣៧០ ដែល​ដឹកអ្នក​ដំណើរ​ចំនួន ២៣៩នាក់ បាន​​បាត់ដំណឹង​សូន្យឈឹង ​ចាប់តាំង​ពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៤ គឺ​នៅពេល​កំពុងហោះហើរ​ពី​ទីក្រុង​គួឡាឡាំពួ ទៅកាន់​ទីក្រុង​ប៉េកាំង។ បំណែក​ស្លាប​យន្តហោះ​ ត្រូវ​បាន​គេ​រកឃើញ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅមិញ នៅលើ​កោះ​មួយ​របស់​បារាំង ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ក្បែរ​ប្រទេស​ម៉ាដាហ្កាស្កា ហើយ​អ្នក​ជំនាញ​យន្តហោះ​បារាំង​បាន​សន្និដ្ឋាន​ថា​ជា​បំណែកមក​ពី​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់។

ចាប់តាំង​ពីពេលនោះ​មក គេ​មិន​បានរកឃើញ​តម្រ៉ុយអ្វី​ផ្សេងទៀតនោះទេ​​ ទាក់ទង​នឹង​ការបាត់យន្តហោះ​ដ៏​អាថ៌កំបាំង​នេះ។ ទោះជាយ៉ាងណា ការ​រកឃើញ​បំណែក​ស្លាប​យន្តហោះ កាល​ពី​ខែកក្កដា​បាន​​ធ្វើ​ឲ្យ​អ្នក​ជំនាញ​​ធ្វើការ​សន្និដ្ឋាន​ថា យន្តហោះ​នេះ​គឺ​​ពិត​ជា​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ពិតមែន ហើយ​ផាត់ចេញ​នូវ​សម្មតិកម្ម​ខ្លះ ដែល​ថា​យន្តហោះ​នេះ​ទំនង​ជា​ត្រូវ​បាន​គេ​ចាប់ពង្វាង​យក​ទៅ​ចុះចត​លាក់​ទុក​នៅ​កន្លែង​សម្ងាត់​ណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ