អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

ភេរវកម្ម ១១ កញ្ញា ២០០១៖​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់​ឲ្យ​ប្តឹង​អារ៉ាប៊ីសាអូឌីត

នៅ​សហរដ្ឋអាមេរិក ព្រឹទ្ធសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ប្តឹង​ពលរដ្ឋ និង​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​មហាភេរវកម្ម​ដែល​មិន​ធ្លាប់​កើត​មាន​លើ​ទឹកដី​អាមេរិកាំង។ បន្ទាប់​ព្រឹទ្ធសភា ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​សភា​ដែល​គណបក្សប្រឆាំង គឺ​គណបក្ស​សាធារណរដ្ឋ​ក៏​កំពុង​មាន​សម្លេង​ភាគ​ច្រើន​ដូច​នៅ​ព្រឹទ្ធសភា​ដែរ។ តែ​លោក​ប្រធានាធិបតី​អូបាម៉ា​ធ្លាប់​បាន​ព្រមាន​ប្រើ​សិទ្ធិវេតូ​ដើម្បី​ប្រឆាំង។

ភេរវកម្ម ១១ កញ្ញា ២០០១៖​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់​ឲ្យ​ប្តឹង​អារ៉ាប៊ីសាអូឌីត
ភេរវកម្ម ១១ កញ្ញា ២០០១៖​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់​ឲ្យ​ប្តឹង​អារ៉ាប៊ីសាអូឌីត REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ឡើង​នៅ​ក្រោយ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​ញូយ៉ក។ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ថ្ងៃ​ផ្ទុះ​ភេរវកម្ម ១១ កញ្ញា ២០០១ សភា​អាមេរិក​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ទឹកដី​អាមេរិកាំង និង​និង​នៅ​បរទេស​ដែល​ជាប់ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នៅ​ក្នុង​អំពើភេរវកម្ម។ នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ ២០០៤ គណៈកម្មការ​ស៊ើបអង្កេត​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​មួយ​ដែល​មាន​កម្រាស់ ៨៣៨ទំព័រ​ដោយ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ជា​ស្នាដៃ​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​មាន​មេកើយ​ឈ្មោះ​អ៊ូសាម៉ា បិនឡាដិន​ជ្រកកោណ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

នៅ​ពេល​នោះ គណៈកម្មការ​ស៊ើបអង្កេត​ក៏​បាន​ដក​ការ​ចោទ​ប្រកាន់​ចេញ​ពី​អ៊ីរ៉ាក់ និង​ពី​អ៊ីរ៉ង់​វិញ។ ទាក់ទង​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត គណៈកម្មការ​ស៊ើបអង្កេត​ក៏​បាន​អះអាង​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ឬ​មេដឹកនាំជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ទេ។ តែ​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ គណៈកម្មការ​ស៊ើបអង្កេត​បាន​រក្សា​ទុក​មិន​ផ្សព្វផ្សាយ​នូវ​ជំពូក១ មាន​កម្រាស់ ២៨ទំព័រ និង​ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​បរទេស។
 
ក្រុម​អ្នកតំណាងរាស្រ្ត និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បន្ត​សង្ស័យ​លើ​អារ៉ាប៊ីសាអូឌីត
 
ក្រុម​អ្នកតំណាងរាស្រ្ត និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ភាគ​ច្រើន​បាន​យល់​ឃើញ​ថា តិច ឬ​ច្រើន និង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល អារ៉ាប៊ីសាអូឌីត​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​លើ​ហេតុផល​ចំនួន ៣ ទី១ នៅ​ក្នុង​ចំណោម​ភេរវជន​អត្តឃាត​ទំាង ១៩នាក់​ដែល​បាន​បើក​យន្តហោះ​ទៅ​ទម្លាក់​ខ្លួន​កម្ទេច​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ទៅ​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក « World Trade Center » ទាំង​ពីរ​ក្នុង​ទីក្រុង​ញូយ៉ក មាន ១៥នាក់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត។
 
ទី២ ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Zacarias Moussaoui ដែល​តុលាការ​អាមរិក​កាន់ទោស​ពី​បទ​ជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម ១១ កញ្ញា​បាន​និយាយ​ប្រាប់​ក្រុម​មេធាវី​អាមេរិក​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​ថា ក្រុម​គ្រួសារ​រាជវង្ស​អារ៉ាប៊ីសាអូឌីត​បាន​ផ្តល់​លុយ​រាប់សិបលាន​ដុល្លារ​ឲ្យ​អង្គការ​ភេរវនិយម​អាល់កៃដា​ក្នុង​ទសវត្ស​ឆ្នាំ ៩០ និង​ហេតុផល​ទី៣ គឺ​ការ​ដែល​គណៈកម្មការ​ស៊ើបអង្កេត​អាមេរិក​បន្ត​លាក់​ទុក​មិន​ព្រម​បញ្ចេញ​ឯកសារ​ទាំង ២៨ទំព័រ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាមទារ​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ។
 
លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ព្រមាន​ប្រើ​សិទ្ធិវេតូ
 
បន្ទាប់​ពី​ការ​អនុម័ត​របស់​ព្រឹទ្ធសភា ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ប្តឹង​ពលរដ្ឋ និង​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​សភា​នា​ពេល​ខាង​មុខ។ តែ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ព្រមាន​ប្រើ​សិទ្ធិវេតូ។ លោក​អូបាម៉ា​បាន​បញ្ជាក់​ដូច​នេះ​កាល​ពី​ថ្ងៃទី១៧ មេសា​កន្លង​ទៅ មុន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ថ្ងៃទី១៨ មេសា។
 
នៅ​ថ្ងៃ​អង្គារ ទី១៧ ឧសភា​ចំ​ថ្ងៃ​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​នៅ​ព្រឹទ្ធសភា អ្នកនាំពាក្យ​សេតវិមាន​លោក Josh Earnest បាន​រម្លឹក​ប្រាប់​ជា​ថ្មី​ថា លោក​អូបាម៉ា​នឹង​ប្រើ​សិទ្ធិវេតូ​ប្រឆាំង​ច្បាប់​នេះ​ដើម្បី​បញ្ជៀស​ការ​ប្តឹងប្រឆាំង​បក​នឹង​រដ្ឋបាល​អាមេរិកាំង​វិញ។ នៅ​ក្នុង​ន័យ​នេះ អ្នកនាំពាក្យ​សេតវិមាន​បាន​សង្កត់​ធ្ងន់​ពី​គោលការណ៍​នៃ​ច្បាប់អន្តរជាតិ​ដែល​លោក​ហៅ​ថា « អភ័យឯកសិទ្ធិ​រដ្ឋ »« អភ័យឯកសិទ្ធិ​រដ្ឋ » ដែល​រដ្ឋ និង​រដ្ឋ​ត្រូវ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវទូត ពោល​មិនមែន​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​តុលាការ​ទេ។
 
លោក Josh Earnest បាន​ធ្វើ​ការ​ពន្យល់​បក​ស្រាយ​ថា អាមេរិក​ក្នុង​នាម​ជា​មហាអំណាច​មួយ​ក្នុង​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​ពិភពលោក ពិសេស​នៅ​ក្នុង​បេសកកម្ម​មនុស្សធម៌ និង​រក្សាសន្តិភាព។ តែ​បើ​អាមេរិក​រំលោភបំពាន​លើ​គោលការណ៍ « អភ័យឯកសិទ្ធិ​រដ្ឋ » នោះ​ដែល​អាមេរិក​ខ្លួន​ឯង រួម​ទាំង​ប្រទេស​សម្ព័ន្ធមិត្ត​អាច​នឹង​ទទួល​ការ​ប្តឹងផ្តល់​ពី​ពលរដ្ឋ​របស់​ប្រទេស​ផ្សេង​ដែរ ហើយ​អ្នក​ដែល​ប្រឈម​នឹង​គ្រោះហានិភ័យ​ខ្លាំង គឺ​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​បរទេស។
 
អារ៉ាប៊ីសាអូឌីត​មិន​អាច​ទប់កំហឹង និង​ព្រមាន​សងសឹក
 
ទោះ​បី​ជា​ដឹង​ថា ច្បាប់​ដែល​បើក​ផ្លូវ​ឲ្យ​ប្តឹង​​ពលរដ្ឋ និង​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត​ទៅ​តុលាការ​អាមេរិក​ពី​បទ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ១១កញ្ញា​នឹង​ត្រូវ​ច្រាន​ចោល​ដោយ​លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​ដោយ ក៏​អារ៉ាប៊ីសាអូឌីត​មិន​បាន​ចាត់​ទុក​ទង្វើ​របៀប​នេះ​ជា​ការ​លេងសើច​ដែរ។ កន្លង​មក លោក​ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​បាន​ព្រមាន​ពី​ការ​លក់​មូលប័ត្របំណុល​រដ្ឋ​ទាំង​អស់​នៅ​អាមេរិក​ដែល​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ជា ៧៥០ ០០០លានដុល្លារ ព្រម​ទំាំង​អចលនទ្រព្យ​ផ្សេង​ទៀត​របស់​អារ៉ាប៊ីសាអូឌីត​នៅ​លើ​ទឹកដី​អាមេរិកាំង។
 
ដូច្នេះ​ឃើញ​ថា ច្បាប់​មួយ​កំពុង​ចូល​ទៅ​បំពុល​ទំនាក់ទំនង​អាមេរិក អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​តានតឹង​ស្រាប់​ឲ្យ​កាន់​តែ​ឡើង​កម្តៅ​មួយ​កម្រិត​ទៀត។ តាម​ពិត​ទៅ អារ៉ាប៊ីសាអូឌីត​មិនមែន​ទើប​តែ​ក្តៅក្រហាយ​នឹង​អាមេរិក​នៅ​ក្នុង​ច្បាប់​មួយ​នេះ​ទេ តែ​ក្តៅ​នឹង​អាមេរិក​ដែល​បាន​ទៅ​ល្អូកល្អឺន​ជាមួយ​អ្នក​ផ្សេង ពិសេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ីសាច់ហុត​ឈាម​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ តែ​អាមេរិក និង​អារ៉ាប៊ិសាអូឌីត​បាន​យល់​ដូច​គ្នា​ថា មិត្ត​នៅ​ជា​មិត្ត​ដែល​តែងតែ​មាន​ភាព​រកាំរកូស​ខ្លះ​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ