អានតួអត្ថបទ
ភូមា

ប៉ូលិស​ភូមា​រឹបអូស​បាន​គ្រឿងញឿន​តម្លៃ​៣០លាន​ដុល្លារ

ប៉ូលិស​ភូមា​បាន​រឹបអូស​គ្រឿងញឿន​គ្រប់ប្រភេទ ក្នុង​តម្លៃ​ជា​ទឹកប្រាក់​រហូតដល់​ទៅ​ជាង ៣០លាន​ដុល្លារ។ នេះ​បើ​យោងតាម​​មន្រ្តីជាន់ខ្ពស់​នៃ​ប៉ូលិស​ភូមា ដែល​​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ អាអែហ្វប៉េ នៅថ្ងៃ​អាទិត្យ​នេះ​។ ការរឹបអូស​គ្រឿងញឿន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ភូមា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​បង្ហាញ​ឲ្យឃើញ​ផងដែរ​ថា ភូមា​នៅតែ​ជា​សម្បុក​ដ៏​ធំមួយ នៃ​បណ្តាញ​ផលិត និង​ជួញដូរ​គ្រឿងញៀន​។

ប៉ូលិស​ភូមា​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​រឹបអូសបាន កាល​ពី​ឆ្នាំ​ទៅមិញ (រូបថតឯកសារ)
ប៉ូលិស​ភូមា​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​រឹបអូសបាន កាល​ពី​ឆ្នាំ​ទៅមិញ (រូបថតឯកសារ) AFP PHOTO / YE AUNG THU
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការ​អះអាង​របស់​មន្រ្តី​ប៉ូលិស​ភូមា គ្រឿងញឿន​ដែល​គេ​រឹបអូស​បាន​នេះ រួមមាន​ហេរ៉ូអ៊ីន ២៤គីឡូក្រាម អាភៀន ១៥គីឡូក្រាម មេតំហ្វេតាមីន ៨២គីឡូ ព្រមទាំង​ថ្នាំញៀន​សំយោគ​រាប់ម៉ឺនគ្រាប់ផ្សេងទៀត ដែល​មាន​តម្លៃ​ជាទឹកប្រាក់​សរុប​ប្រមាណ​ជា ៣០លាន​ដុល្លារ។ គ្រឿងញៀន​ទាំងនេះ​ត្រូវ​បាន​ប៉ូលិស​ឆែករកឃើញ​នៅ​ក្នុង​រថយន្តកុងតឺន័រ​មួយគ្រឿង នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​​មួយ ក៏ប៉ុន្តែ រហូតមកទល់នឹង​ពេលនេះ ជនសង្ស័យ​ដែល​ជាមេខ្លោង​ជួញដូរ​គ្រឿងញៀន​នេះ នៅមិនទាន់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅឡើយទេ។

 

មន្រ្តី​ប៉ូលិស​ភូមា​ក៏​បានលើកឡើង​ផងដែរ អំពី​ក្តីបារម្ភ ដោយមើលឃើញ​ពី​ការរីកដុះដាល​យ៉ាងខ្លាំង​នៃ​បណ្តាញ​ជួញដូរ​គ្រឿងញៀន នៅ​ទូទាំង​ប្រទេស​ភូមា​ទាំងមូល។ គេ​នៅចាំបាន​ថា កាល​ពីខែ​កក្កដា​ឆ្នាំទៅមិញ ភូមា​​ក៏​ធ្លាប់​​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ក្នុង​រថយន្តកុងតឺន័រ​ឯកជន​​ម្តងដែរ នៅ​ខាងជើង​​ទីក្រុង​រ៉ង់ហ្គូន ដោយ​គ្រឿងញឿន​ទាំងនោះ​មាន​តម្លៃ​គិតជាទឹកប្រាក់​សរុប​រហូតដល់​ទៅ ១០០លាន​ដុល្លារ​អាមេរិក។

 

គួរបញ្ជាក់ថា ភូមា​ស្ថិត​នៅ​ក្នុង​តំបន់​ដ៏ល្បីឈ្មោះ​លើ​ពិភពលោក​ខាង​សម្បុកគ្រឿងញៀន គឺ​ “តំបន់​ត្រីកោណមាស” ដែល​ជា​ចំណុច​ប្រសព្វ​រវាង​៣ប្រទេស គឺ​ភូមា ឡាវ និង​ថៃ។ អស់រយៈពេល​ជាច្រើន​សិបឆ្នាំមកហើយ​ភូមា​ល្បីឈ្មោះ​ថា​ជា​ប្រទេស​ផលិត​គ្រឿងញៀន​ដ៏ធំមួយ ក្នុងការ​នាំចេញ​យក​ទៅលក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

 

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ បើទោះបី​ជា​មាន​ការ​ធ្វើ​កំណែទម្រង់​យ៉ាងច្រើន​​របស់​រដ្ឋាភិបាល​លោក​ថេន សេន ក៏ប៉ុន្តែ ភូមា​នៅតែជា​ប្រទេស​ផលិត​អាភៀន​ដ៏ធំជាងគេ​លំដាប់ទី២ នៅលើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។ ក្នុងពេល​ជាមួយគ្នា ប្រជាជន​ក្រីក្រ​ភូមា​ជាច្រើន​ ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល បាននាំគ្នា​លើកឡើង​ថា​ ពួកគេ​មិនមាន​មុខរបរ​អ្វីផ្សេង ​ដើម្បី​ចិញ្ចឹម​ជីវិត​នោះទេ ក្រៅពី​ការ​ដាំអាភៀន។

 

កាល​ពីពេលថ្មីៗ​នេះ ការប៉ះទង្គិចគ្នា​ដោយ​អំពើ​ហិង្សា​បាន​កើតមានឡើង នៅ​តំបន់​ដាច់ស្រយាល​មួយ ក្នុង​រដ្ឋ​កាឈីន នៅ​ពេល​ដែល​ក្រុមគ្រិស្តសាសនិកជន​ប្រឆាំង​នឹង​គ្រឿងញៀន បាន​នាំគ្នា​ព្យាយាម​ចូល​ទៅ​បំផ្លាញ​ចម្ការ​អាភៀន​ ប៉ុន្តែ ត្រូវ​ទទួលរង​ការ​វាយប្រហារ​ពី​សំណាក់​ប្រជាជន​នៅ​ទីនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ