អានតួអត្ថបទ

សាក្សីថា​ប៉ូលិស​ភូមា​ជា​អ្នករៀបចំល្បិច​ដើម្បី​ទម្លាក់កំហុស​លើ​អ្នកកាសែត​រ៉យទ័រ

មន្រ្តី​ជាន់ខ្ពស់​ប៉ូលិស​ភូមា​គឺ​​​ជា​អ្នក​បញ្ជា​ឲ្យ​ប៉ូលិស​ថ្នាក់ក្រោម​រៀបចំ​ល្បិច ដើម្បី​ដាក់អន្ទាក់ ទម្លាក់​កំហុស​ និង​ចាប់ខ្លួន​អ្ន​ក​រាយការណ៍​ព័ត៌មាន​រ៉យទ័រ​ពីររូប ដែល​បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​នឹង​តុលាការ​ពីបទ​រំលោភលើ​ការណ៍​សម្ងាត់​រដ្ឋ។ នេះ​បើ​យោងតាម​ការអះអាង​របស់​សាក្សី​មួយ​រូប ដែល​ជា​មន្រ្តី​ប៉ូលិស​ដូចគ្នា នៅ​ក្នុង​អង្គសវនាការ កាល​ពីថ្ងៃ​សុក្រ ដោយ​បាន​បញ្ជាក់​ច្បាស់ៗ ពី​អត្តសញ្ញាណ​របស់​មន្រ្តី​ប៉ូលិសដែល​ជា​អ្ន​កបញ្ជា។

Detained Reuters journalist Wa Lone is escorted by police before a court hearing in Yangon, Myanmar April 20, 2018.
Detained Reuters journalist Wa Lone is escorted by police before a court hearing in Yangon, Myanmar April 20, 2018. REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

លោក ម៉ូ យ៉ានណាំង មន្រ្តី​ប៉ូលិស ដែល​តាមការពិត​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​មក​ឲ្យ​ធ្វើ​ជា​សាក្សី​ដាក់​បន្ទុក​លើ​អ្នក​រាយការណ៍​ព័ត៌មាន​រ៉យទ័រ តែ​ទីបំផុត​ទៅ​បាន​ក្លាយ​ទៅជា​សាក្សី​ដាក់បន្ទុក​លើ​ប៉ូលិស​ខ្លួនឯង​ទៅវិញ។

នៅ​ក្នុង​សវនាការ​នៅថ្ងៃ​សុក្រ លោក ម៉ូ យ៉ានណាំង បាន​រៀបរាប់​ប្រាប់​ចៅក្រម​ថា មន្រ្តីប៉ូលិស​ជាន់ខ្ពស់​មួយរូប គឺ​​ឧត្តមសេនីយ៍ ទីន កូកូ ដែល​ជា​អ្នកទទួលបន្ទុក​ខាង​ស៊ើបអង្កេត​ផ្ទៃក្នុង ជា​អ្នក​បាន​ផ្តល់​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​មន្រ្តី​ប៉ូលិស​ថ្នាក់​ក្រោម ហើយ​បញ្ជា​ឲ្យ​ទៅ​ណាត់ជួប​​ និង​ប្រគល់​ឯកសារ​សម្ងាត់​នេះ​ទៅ​ឲ្យ​អ្នក​រាយការណ៍​ព័ត៌មាន​រ៉យទ័រ។ ក្នុងពេល​ជាមួយគ្នា ​កម្លាំង​ប៉ូលិសមួយក្រុម​ផ្សេងទៀត​ត្រូវ​នៅ​រង់ចាំជា​ស្រេច ដើម្បី​ស្ទាក់ចាប់​អ្នកកាសែត​ទាំងពីរ​រូប​ភ្លាមៗ នៅ​ពេល​ដែល​ពួកគេកំពុងមាន​​ឯកសារ​សម្ងាត់​នៅ​ក្នុងដៃ ដើម្បី​ចោទប្រកាន់​ពួកគេ​ពីបទ​រំលោភ​ការណ៍សម្ងាត់របស់រដ្ឋ។

គួររំឭកឡើងវិញ​ថា អ្នករាយការណ៍​ព័ត៌មាន​រ៉យទ័រទាំងពីរ​រូប​ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន តាំង​ពីថ្ងៃទី១២​ខែធ្នូ​ឆ្នាំទៅមិញ ក្នុងពេល​ដែល​ពួកគេ​កំពុង​ធ្វើការ​ស៊ើបអង្កេត​ករណី​សម្លាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែលគេ​សង្ស័យថា​ជា​ស្នាដៃ​របស់​កងទ័ព។ លោក​ ម៉ូ យ៉ានណាំង បាន​ឲ្យដឹង​ថា រូបលោក​ផ្ទាល់​ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ ហើយ​ត្រូវ​ជាប់ឃុំ​តាំង​ពីពេលនោះមក មុននឹង​ត្រូវ​​គេ​បញ្ជូន​ឲ្យ​មក​ធ្វើ​សាក្សី​​នៅពេលនេះ ដោយ​ប្រាប់​ឲ្យ​លោក​ឆ្លើយ​ទម្លាក់​កំហុស​ទៅលើ​អ្នក​កាសែត​ទាំងពីររូប។

ក៏ប៉ុន្តែ នៅ​ពេល​មក​ដល់​តុលាការ នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ លោក ម៉ូ យ៉ានណាំង បាន​ឆ្លៀត​ប្រាប់​ដោយខ្លី​ទៅ​អ្ន​កយក​ព័ត៌មាន​របស់​អាអែហ្វប៉េ​ថា លោក​នឹង​​បញ្ចេញ​ការពិតទាំងអស់ នៅ​ក្នុង​អង្គសវនាការ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ឲ្យដឹង​ថា ខ្លួន​បាន​ព្យាយាម​ទាក់ទង​ទៅ​ឧត្តមសេនីយ៍ ទីន កូកូ ដែល​រង​ការ​ចោទប្រកាន់​ថា​ជា​អ្ន​ករៀបចំ​អន្ទាក់​ចាប់​អ្ន​កកាសែត​រ៉យទ័រ​នេះ តែ​ទាក់ទង​មិនបាន។ ចំណែក​ឯ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ភូមាវិញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ជុំវិញ​បញ្ហា​នេះ ដោយ​លើក​ឡើង​ថា វា​ជា​សំណុំរឿង​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ