អានតួអត្ថបទ

លោក​ម៉ាក្រុង​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង​ពី​ចលនា​ប្រឆាំង​ដែល​ប្រកាស​រួមដៃគ្នា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ត្រូវ​ប្រឈមមុខ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​ដ៏ធំមួយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​​សហជីព​និយោជិតមក​ពី​វិស័យផ្សេងៗគ្នា​ប្រកាស​ធ្វើ​បាតុកម្ម​រួមគ្នា​ ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​របស់​លោក​ម៉ាក្រុង។ ក៏ប៉ុន្តែ គេ​នៅតែ​មិនទាន់​ប្រាកដ​នៅឡើយទេ​ថា តើ​គម្រោង​ធ្វើ​សកម្មភាព​ប្រឆាំង​រួមគ្នា​នេះ​អាច​នឹង​ធ្វើ​ទៅបាន​ត្រឹមកម្រិតណា?

សហជីព CGT គ្រោង​រៀបចំ​ធ្វើ​បាតុកម្ម​ចំនួន ១៣០កន្លែង នៅ​ទូទាំង​ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី១៩ មេសា ២០១៨​នេះ
សហជីព CGT គ្រោង​រៀបចំ​ធ្វើ​បាតុកម្ម​ចំនួន ១៣០កន្លែង នៅ​ទូទាំង​ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី១៩ មេសា ២០១៨​នេះ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

គេសង្កេតឃើញ​ថា អស់រយៈពេល​ជាច្រើន​ខែមកហើយ ដែល​និយោជិត​មក​ពី​វិស័យ​ផ្សេងៗគ្នា តែងតែ​បាន​នាំគ្នា​ធ្វើ​កូដកម្ម ឬ​បាតុកម្ម ប្រឆាំង​នឹង​កំណែទម្រង់​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង។ មន្រ្តីរដ្ឋការ​នាំគ្នា​ប្រឆាំង​នឹង​កំណែទម្រង់​ក្នុង​មុខងារ​សាធារណៈ។ និស្សិតនាំគ្នា​ប្រឆាំង​នឹង​កំណែទម្រង់​ទៅលើ​នីតិវិធី​នៃ​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន​ថ្នាក់​ឧត្តមសិក្សា។ បុគ្គលិក​ក្រុមហ៊ុនផ្លូវដែក ដែល​ជា​សហគ្រាស​រដ្ឋ នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​កំណែទម្រង់ទៅលើ​លក្ខន្តិកៈក្រុមហ៊ុន និង​ក្របខ័ណ្ឌ​បុគ្គលិក ។ល។ និង ។ល។

ក៏ប៉ុន្តែ​កន្លងមក សកម្មភាព​ប្រឆាំង​អស់ទាំងនេះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដាច់ដោយឡែក​ពី​គ្នា ទៅ​តាម​វិស័យ​រៀងៗខ្លួន។ ទើបតែ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​គេ​គ្រោង​ធ្វើ​សកម្មភាព​រួមគ្នា​ក្នុង​គ្រប់វិស័យ​ទាំងអស់ តាមរយៈ​បាតុកម្ម ដែល​​គេ​គ្រោង​ធ្វើ​នៅ​ទូទាំង​ប្រទេស​ ដោយ​​ក្នុងនោះ ក្បួនបាតុកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃ​រសៀល (ត្រូវនឹង​ពេល​យប់​នៅ​ក្នុង​ប្រទេស​កម្ពុជា)។

ការធ្វើ​សកម្មភាព​ប្រឆាំង​រួមគ្នា​នេះ ត្រូវ​បាន​ធ្វើឡើង​ទៅតាម​ការអំពាវនាវ​របស់​សហជីព​ថ្នាក់ជាតិ​ដ៏ធំមួយ ឈ្មោះថា CGT ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​នេះ​​ក៏​មិនបាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​គ្រប់​សហជីព​ទាំងអស់​នោះដែរ ដោយ​សហជីព​ខ្លះយល់ថា វិស័យ​នីមួយៗ​ត្រូវ​ប្រឈមមុខ​នឹង​កំណែទម្រង់​ខុសៗគ្នា ហើយ​ពួកគេ​មាន​ការ​ទាមទារ​ខុសៗគ្នា ដូច្នេះ គួរតែ​ធ្វើ​សកម្មភាព​ទៅតាម​វិស័យ​នីមួយៗ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ពួកគេ​រៀងៗខ្លួន។

សម្រាប់​លោក​អេម៉ានុយអែល ម៉ាក្រុង សន្ទុះនៃ​ចលនា​បាតុកម្ម​រួមគ្នា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​ជា​តម្រ៉ុយ​ដ៏សំខាន់​មួយ ដែល​បង្ហាញ​ពី​តុល្យភាព​នៃ​កម្លាំង​របស់​ក្រុម​ប្រឆាំង។ លោក​ម៉ាក្រុង​ធ្លាប់​បាន​អះអាង នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​កាល​ពីចុងសប្តាហ៍កន្លងទៅនេះថា លោក​នឹង​ដាក់ចេញ​នូវ​នយោបាយ​ដែល​លោក​ធ្លាប់​បាន​ស​ន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​មិន​ចុះញ៉ម​ចលនា​បាតុកម្ម​ប្រឆាំង​នោះទេ។

ការស្ទាបស្ទង់​មតិ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​បារាំង​រហូតដល់​ទៅ ៥៨% បាន​សម្តែង​ការ​មិនពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ម៉ាក្រុង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​បារាំង​ក៏​ប្រហែល​ជា​អាច​មាន​សុទិដ្ឋិនិយម​ខ្លះ​ដែរ ដោយ​មើល​ឃើញ​ថា ចលនា​កូដកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​របស់​លោក ជាពិសេស កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ផ្លូវដែក និង​កូដកម្ម​របស់​និស្សិត ដែល​កាល​ពី​ដំបូងឡើយ​មាន​សន្ទុះខ្លាំង ចាប់ផ្តើម​​​​មាន​ការ​ថយចុះ​មកវិញ​ច្រើន​កាល​ពី​ប៉ុន្មានថ្ងៃ​កន្លងទៅ ពោលគឺ នៅមុនពេល​មាន​ចលនាបាតុកម្ម​រួមគ្នា​ថ្នាក់ជាតិ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ