អានតួអត្ថបទ

សំំណុំរឿង​បរិហារកេរ្តិ៍៖ ​សាលក្រម​ដែល​នាំឲ្យ​លោក​សម រង្ស៊ី ​និង​លោកហោ ណាំហុង ​អះអាង​ថា​ជា​អ្នកឈ្នះ​រៀងៗ​ខ្លួន

សង្រ្គាមប៉ាកា​បាន​ផ្ទុះឡើង​សាជាថ្មី រវាង​លោក​សម រង្ស៊ី និង​លោក​ហោ ណាំហុង ទាក់ទង​នឹង​រឿង​ចោទប្រកាន់​ពី​បទបរិហារកេរ្តិ៍​ រហូត​មាន​ការ​ប្តឹងផ្តល់គ្នា​ដល់​តុលាការ​បារាំង ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​អំពី​តួនាទី​របស់​លោក​ហោ ណាំហុង នៅ​គុកបឹងត្របែក ក្នុង​សម័យ​ខ្មែរក្រហម។ ក៏ប៉ុន្តែ តាមការពិត​ទៅ នេះ​គឺ​ជា​សំណុំរឿង​ចាស់​តាំង​ពី​១០ឆ្នាំ​មុន​មកម៉្លេះ។ តើ​តុលាការ​បារាំង​បាន​ធ្វើ​ការ​សម្រេច​យ៉ាង​ដូចម្តេច​ខ្លះ​បាន​ជា​ភាគី​ម្ខាងៗ​សុទ្ធតែ​នាំគ្នា​អះអាង​ថា​ខ្លួន​ឈ្នះ​រៀងៗខ្លួន​បែបនេះ ?

លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា (រូបថតឯកសារ)
លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា (រូបថតឯកសារ) © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ក្តីក្តាំ រវាង​លោក​​ សម រង្ស៊ី និង​លោក​​ហោ ណាំហុង គឺ​កើតចេញ​ពី​ការ​ចេញផ្សាយ​សៀវភៅ​របស់​លោក​​សម រង្ស៊ី ជា​ភាសា​បារាំង ដែល​មាន​ចំណងជើង​ថា "Des racines dans la pierre" (Calmann-Lévy, 2008) ដោយ​នៅ​ក្នុង​សៀវភៅ​នេះ លោក​ សម រង្ស៊ី មាន​សរសេរ​អំពី​តួនាទី​របស់​​លោក​ហោ ណាំហុង នៅ​គុកបឹងត្របែក ក្នុង​សម័យ​ខ្មែរក្រហម។ លោក ហោ ណាំហុង ក៏​បាន​ប្តឹង​ទៅ​តុលាការ​បារាំង ដោយ​ចោទ​លោក​​សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍។

ក្នុង​សំណុំរឿង​នេះ សាលាដំបូង​​ក្រុង​ប៉ារីស (សាលក្រម​ឆ្នាំ២០០៩, TGI Paris 27 janvier 2009) និង​សាលាឧទ្ធរណ៍ (សាលក្រម​ឆ្នាំ២០១០, Cour d'Appel de Paris 20 mai 2010) សុទ្ធតែ​បាន​កាត់ក្តី​ឲ្យ​លោក​ហោ ណាំហុង ឈ្នះក្តី ដោយ​បាន​លើកឡើង​ថា អ្វី​ដែល​លោក​សម រង្ស៊ី​​សរសេរ​នោះ គឺ​ពិត​ជា​មាន​លក្ខណៈ​ជា​ការ​បរិហារកេរ្តិ៍​ពិតប្រាកដ​មែន ដោយ​បាន​កាត់ទោស​ឲ្យ​លោក សម រង្ស៊ី ព្រមទាំង​គ្រឹស្ថានបោះពុម្ពផ្សាយ​សៀវភៅ​របស់​លោក​សងជំងឺចិត្តជនរងគ្រោះ និង​បង់ប្រាក់ពិន័យម្នាក់ៗ ១០០០​អឺរ៉ូ។

ក៏ប៉ុន្តែ សេចក្តីសម្រេច​នេះ​ត្រូវ​បាន​តុលាការ​កំពូល​បារាំង​​ច្រានចោល​ទៅវិញ ក្រោយ​ពី​មាន​បណ្តឹង​សាទុក្ខ​របស់​លោក​សម រង្ស៊ី។

តាមការពិត​ទៅ នៅ​ក្នុង​សាលដីកា​ឆ្នាំ២០១១ (Cour de Cassation 27 avril 2011) ​តុលាការ​កំពូល​បារាំង​បាន​យល់ស្រប​តាម​តុលាការ​ជាន់ទាប​ថា អ្វីដែល​លោក សម រង្ស៊ី សរសេរ​នៅ​ក្នុង​សៀវភៅ​ខាងលើ​នេះ គឺ​ពិតជា​មាន​លក្ខណៈ​ជា​ការ​បរិហារកេរ្តិ៍ទៅលើ​លោក ហោ ណាំហុង ពិតប្រាកដ​មែន។ ក៏ប៉ុន្តែ តុលាការ​កំពូល​មិនយល់ស្រប​នឹង​សាលាឧទ្ធរណ៍​ដែល​ថា មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​លោក​សម រង្ស៊ី ​ទទួល​បាន​នូវ​ការ​លើកលែង​ពី​ទោសបរិហារកេរ្តិ៍ ទៅតាម​គោលការណ៍​ ដែល​គេ​ហៅ​​តាមភាសា​បារាំងគេហៅ​ថា « Exception de bonne fois »។

គួរបញ្ជាក់ថា នៅ​ក្នុង​ប្រទេស​បារាំង អ្នកជាប់ចោទ​ពីបទបរិហារកេរ្តិ៍​អាច​ការពារខ្លួន​នៅ​ចំពោះ​មុខតុលាការ​បាន តាមរយៈការ​បង្ហាញ​ពី​ភស្តុតាង​បញ្ជាក់​ថា​អ្វីដែលខ្លួន​និយាយ​គឺ​ជា​ការពិត (Exception de vérité) ឬ​លើកឡើង​អំពី​ “ភាពសុទ្ធចិត្ត” របស់ខ្លួន (Exception de la bonne fois) ដើម្បី​អាច​រួចផុត​ពី​ការ​ដាក់ទោស។ ចំណុច​ទីពីរ​នេះហើយ ដែល​ត្រូវ​បានលើកឡើង នៅ​ក្នុង​សំណុំរឿង​បរិហាកេរ្តិ៍ រវាង​លោកសម រង្ស៊ី និង​លោក​ហោ ណាំហុង។

យោងតាម​គោលការណ៍ « Exception de bonne fois » នេះ អ្នក​ដែល​​បរិហារកេរ្តិ៍​ទៅលើ​អ្នកដទៃ អាច​នឹង​ត្រូវ​លើកលែង​ដោយមិន​ត្រូវ​ទទួល​ទោស ប្រសិន​បើ​មានលក្ខខណ្ឌ​ចំនួន ៤៖

១-ពាក្យសម្តី​ដែល​លើកឡើង ហើយ​ដែល​នាំ​ទៅ​ដល់​ការ​បរិហារកេរ្តិ៍​នេះ​ត្រូវ​បាន​ធ្វើឡើង មិនមែន​ក្នុងគោលដៅ​ ដើម្បី​តែ​បរិហារកេរ្តិ៍ ក៏ប៉ុន្តែ ក្នុងគោលដៅ​មួយ​ដែល​ស្រប​ទៅនឹង​​​ផលប្រយោជន៍​សាធារណៈ

២-គ្មាន​ភាព​ជា​សត្រូវ​ផ្ទាល់​ខ្លួន​នឹងគ្នា រវាង​អ្នក​បរិហារកេរ្តិ៍ និង​ជនដែល​ត្រូវ​គេ​បរិហារកេរ្តិ៍

៣-ពាក្យសម្តី​ដែល​នាំ​ទៅ​ដល់​ការ​បរិហារកេរ្តិ៍​នេះ ត្រូវ​បាន​លើកឡើង ដោយ​មាន​ការ​ប្រយ័ត្នប្រយែង និង​​គ្មានការ​បំផ្លើស ឬ​បំភ្លៃ

៤-មាន​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ម៉ត់ចត់ ព្រមទាំង​ការ​ពិនិត្យ​ពិច័យ​ទៅលើ​ប្រភព​ច្បាស់លាស់​មុននឹង​និយាយ ពោលគឺ មិនមែន​​ចេះតែ​និយាយ​ឲ្យ​រួចពីមាត់, មិនមែន​​ជាការ​ប្រឌិតឡើង​ទាំងស្រុង និង​មិនមែន​ជាការ​ភូតកុហក​ដោយ​ចេតនា

តុលាការ​កំពូល​បារាំង​បាន​ធ្វើការ​កត់សម្គាល់​ជា​ពិសេស​ថា ពាក្យសម្តី​ដែល​លោកសម រង្ស៊ី បាន​លើកឡើង ហើយ​ដែល​មាន​លក្ខណៈ​ជា​ការ​បរិហារកេរ្តិ៍​លោក​ហោ ណាំហុង​នោះ គឺ​ជា​លើកឡើង​ដើម្បី​រៀបរាប់​អំពី​ប្រវត្តិសាស្រ្ត​ និង​សោកនាដកម្ម ដែល​កម្ពុជា​បាន​ឆ្លងកាត់​​កាល​ពី​ពេលថ្មីៗ​កន្លងទៅ ពោលគឺ​ជា​ការ​ធ្វើឡើង នៅ​ក្នុងគោលដៅ​ដែល​ស្រប​ទៅនឹង​ផលប្រយោជន៍​សាធារណៈ ហើយ​វា​ក៏​មិនបាន​ធ្វើឡើង​ដោយ​ហួសហេតុ ហួស​ពី​ដែន​កំណត់​នៃ​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស​នោះដែរ។

នៅ​ក្នុងហេតុផល​នេះ​ហើយ​បាន​ជា​តុលាការ​កំពូល​ ថ្វីដ្បិត​តែ​បាន​ទទួលស្គាល់​ថា អ្វី​ដែល​លោក​សម រង្ស៊ី​លើកឡើង​ក្នុង​សៀវភៅ​របស់​លោក​នោះ ពិត​ជា​មាន​លក្ខណៈ​​ជា​ការ​បរិហារកេរ្តិ៍​លោក​ហោ ណាំហុង​ក៏ពិតមែន ក៏ប៉ុន្តែ លោក​សម រង្ស៊ី មិន​ត្រូវ​ទទួល​នូវ​ការ​ដាក់ទោស ​ដូចអ្វី​ដែល​តុលាការ​ជាន់ទាប​បាន​សម្រេច​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ