អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន​

UNផ្សាយឈ្មោះ​ក្រុមហ៊ុន​​រកស៊ី​​បំពាន​ច្បាប់​​អន្តរជាតិ នៅ​​តំបន់​​អាណានិគម​​អ៊ីស្រាអែល​ក្នុង​ទឹកដី​​ប៉ាឡេស្ទីន

កាលពីថ្ងៃពុធ ទី​១២កុម្ភៈ អង្គការសហប្រជាជាតិ បានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុន​ចំនួន១១២ ដែលរកស៊ីដោយបំពានច្បាប់អន្តរជាតិ នៅតាមតំបន់អាណានិគមអ៊ីស្រាអែល ក្នុងទឹកដីប៉ាឡេស្ទីន។ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលជាអ្នកធ្វើកិច្ចការនេះ បានអះអាងថា តារាងបញ្ជីឈ្មោះក្រុមហ៊ុននេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងអស់ គិតគូរ​ឲ្យបានវែងឆ្ងាយ មុននឹងទៅ​ធ្វើជំនួញ​​នៅក្នុងដែនដី ដែលអ៊ីស្រាអែល ដាក់អាណានិគមក្នុងទឹកដី​​ប៉ាឡេស្ទីនដោយខុសច្បាប់។

នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ប្រមុខដឹកនាំប៉ាឡេស្ទីន លោកម៉ាសមូដ អាបាស លើក​ផែន​ទី​​បង្ហាញ ​ផ្ទៃដី​​ប៉ាឡេស្ទីន​​ដែល​រួម​តូច​ទៅៗ។ ថ្ងៃទី​ ១១ កុម្ភៈ ២០២០
នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ប្រមុខដឹកនាំប៉ាឡេស្ទីន លោកម៉ាសមូដ អាបាស លើក​ផែន​ទី​​បង្ហាញ ​ផ្ទៃដី​​ប៉ាឡេស្ទីន​​ដែល​រួម​តូច​ទៅៗ។ ថ្ងៃទី​ ១១ កុម្ភៈ ២០២០ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមក្រុមហ៊ុនចំនួន​១១២ ដែលជាប់ក្នុងបញ្ជី ក្នុងនោះមាន​៩៤ ជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាល​​​នៅអ៊ីស្រាអែល មានទាំងធនាគារ ក្រុមហ៊ុនហិរញ្ញវត្ថុ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនទូរគមនាគមន៍ និងសហគ្រាសកសិកម្ម​ផងដែរ។ ចំណែកក្រុមហ៊ុន ១៨ផ្សេងទៀត ជាក្រុមហ៊ុនបរទេស ដែលក្នុងនោះមានក្រុមហ៊ុនអន្តរជាតិធំៗក្នុងវិស័យទេសចរណ៍ ដូចជាក្រុមហ៊ុន Airbnb TripAdvisor Booking និង Expedia។

លោកស្រី Micelle Bachelet ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស ​នៃអង្គការ​​សហប្រជាជាតិ បាន​ទទួល​ស្គាល់​ថា ការធ្វើ​តារាង​បញ្ជី​នេះ មិនមែន​ជា​ការ​ងាយទេ តែ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ចង់បញ្ជាក់ប្រាប់ថា បញ្ហានេះគឺជាបញ្ហាសំខាន់ ព្រោះការរកស៊ី​នៅក្នុង​តំបន់​ដែនដី​អាណានិគមអ៊ីស្រាអែល​ ក្នុងទឹកដីប៉ាឡេស្ទីន​ គឺជារឿងខុសច្បាប់អន្តរជាតិ។

បញ្ជីឈ្មោះក្រុមហ៊ុន ដែលឧត្តមស្នងការសិទិ្ធមនុស្ស បានចេញផ្សាយនេះ គឺជាការបន្តការងារ ឆ្លើយតបទៅនឹងអ្វី ដែលមានកំណត់ក្នុងសេចក្តីសម្រេចចិត្ត របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​​នៃអង្គការ​សហប្រជាជាតិ កាល​ពីឆ្នាំ​២០១៦ ដែល​បានទាមទារ​ឲ្យមាន​ទិន្នន័យលំអិត ស្តីពី​ក្រុមហ៊ុនសហគ្រាសទាំងអស់ ដែលធ្វើជំនួញក្នុងតំបន់​អាណានិគមអ៊ីស្រាអែល​លើ​ទឹកដី​ប៉ាឡេស្ទីន។

ប្រធានកិច្ចការបរទេសរបស់ប៉ាឡេស្ទីន បានថ្លែងអបអរចំពោះតារាងបញ្ជីឈ្មោះនេះ ថាគឺជាជោគជ័យមួយ ក្នុងការ​​​ទប់ស្កាត់​សកម្មភាព​វាទទី ទន្ទ្រានយកទឹកដីប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល។ លោក Bruno Stagno តំណាងអង្គការ Human Rights Watch បាន​បញ្ជាក់ថា ការ​ចេញផ្សាយ​តារាងបញ្ជី​ឈ្មោះ​ក្រុមហ៊ុន​នេះ គឺជា​ការ​​ទាញសញ្ញាអាសន្ន ប្រាប់​ទៅ​ក្រុមហ៊ុន​សហគ្រាស​ទាំងអស់ឲ្យដឹងថា ការធ្វើ​ជំនួញនៅ​ក្នុង​ដែនដី​​អាណានិគម​ខុសច្បាប់ ​គឺជា​ការ​ចូលរួម​ជួយប្រព្រឹត្តិ​​សកម្មភាព​​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ដោយឡែក រដ្ឋាភិបាលអ៊ីស្រាអែល បានច្រានចោល​ តារាងបញ្ជីឈ្មោះក្រុមហ៊ុនទាំង១១២ ដែលអង្គការសហប្រជាជាតិ​​បានចេញផ្សាយនេះ។ លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ចោទថា បញ្ជី​ឈ្មោះនេះ ជាបញ្ជីដែលមានលក្ខណៈរើសអើង បង្កាច់បង្ខូចអ៊ីស្រាអែល ហើយមានទំនោរចង់ឲ្យ​គេឯង ធ្វើពហិការ ប្រឆាំងអ៊ីស្រាអែល និងក្រុមហ៊ុន​ទាំងអស់នេះ។ លោកណេតាន់យ៉ាហ៊ូ ប្រកាសទៀតថា “នរណាហ៊ានធ្វើពហិកាដាក់អ៊ីស្រាអែល អ៊ីស្រាអែលនឹងធ្វើពហិកាដាក់វិញ”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ