អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ កងទ័ព​អ៊ីស្រាអែល បាញ់​សម្លាប់​ចំណាប់ខ្មាំង​​៣នាក់ ដោយច្រឡំ

ល្ងាចថ្ងៃសុក្រ​ ទី១៥ធ្នូ កងទ័ពអ៊ីស្រាអែល បាន​ប្រកាសព័ត៌មានឲ្យដឹងថា ខ្លួនបានច្រឡំដៃ ​បាញ់​សម្លាប់ ចំណាប់ខ្មាំងចំនួន​​៣នាក់ នៅភាគខាងជើងតំបន់ហ្កាហ្សា។ ជាការបាញ់សម្លាប់ បន្ទាប់​ពី​កងទ័ពអ៊ីស្រាអែល​ បានភ័ន្តច្រឡំ ថាចំណាប់ខ្មាំងទាំង​៣នាក់នោះ អាចជា​ការគំរាម​មកលើកងកម្លាំងអ៊ីស្រាអែល​ ដែលកំពុងតែធ្វើ​ប្រតិបត្តិការ​ នៅតំបន់ Choujaiya ភាគជាជើងតំបន់ហ្កាហ្សា​។ ដំណឹងនេះ បានធ្វើ​ឲ្យ​ប្រជាជនអ៊ីស្រាអែល មានការរំជួលចិត្តជាខ្លាំង និងបានទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ ត្រូវតែចរចាដើម្បីរំដោះ​ចំណាប់ខ្មាំងពីដៃក្រុមហាម៉ាសមកវិញ​។

ប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្ម​នៅខាងមុខក្រសួងការពារជាតិអ៊ីស្រាអែល ទាមទារឲ្យចរចាជាបន្ទាន់ ដើម្បីរំដោះចំណាប់ខ្មាំងមកវិញ ពីដៃក្រុមហាម៉ាស។ ក្រុងទែលអាវីវ ថ្ងៃទី១៥ ធ្នូ ២០២៣
ប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្ម​នៅខាងមុខក្រសួងការពារជាតិអ៊ីស្រាអែល ទាមទារឲ្យចរចាជាបន្ទាន់ ដើម្បីរំដោះចំណាប់ខ្មាំងមកវិញ ពីដៃក្រុមហាម៉ាស។ ក្រុងទែលអាវីវ ថ្ងៃទី១៥ ធ្នូ ២០២៣ REUTERS - VIOLETA SANTOS MOURA
ផ្សាយពាណិជ្ជកម្ម

ចំណាប់ខ្មាំងទាំង៣នាក់ ដែលត្រូវកងទ័ពអ៊ីស្រាអែល​សម្លាប់ដោយ​ច្រឡំ សុទ្ធតែភេទប្រុស ម្នាក់ឈ្មោះ Yotam Haïm អាយុ​២៨ឆ្នាំ ម្នាក់ទៀតឈ្មោះ​​ Alon Lulu Shamriz  អាយុ ២៦ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ Samer al Talalqa អាយុ​២៥ឆ្នាំ។ លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាងហ៊ូ បានថ្លែងសារ​សំដែងការសោកស្តាយ ដោយ​បានចាត់ទុកករណីនេះ ជា​សោកនាដកម្ម​ដែល​មិនអាចអត់ទ្រាំបាន​។

គួរកត់សំគាល់ថា បន្ទាប់ពីបាន​ទទួលដំណឹងនេះភ្លាម ក្រុមគ្រួសារចំណាប់ខ្មាំង ព្រមទាំង​ប្រជាជនអ៊ីស្រាអែលជាច្រើនរយនាក់ បាននាំគ្នា​ ចុះផ្លូវធ្វើ​បាតកម្មទាំងយប់ ​នៅខាងមុខ​ក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងក្រុងទែល​អាវីវ។ ជាមួយ​នឹងផ្ទាំងបដា​ព្រោងព្រាត ក្រុមបាតុករបានស្រែកទាមទារ​ ឲ្យអាជ្ញាធរអ៊ីស្រាអែល ត្រូវតែចរចា​ជាបន្ទាន់ ដើម្បីរំដោះចំណាប់ខ្មាំងទាំងអស់មកវិញ។ សមាជិក​ក្រុមគ្រួសារចំណាប់ខ្មាំង បាន​លើកឡើងថា ការចរចារំដោះចំណាប់​ខ្មាំងគឺជាជម្រើសតែមួយគត់ ពុំនោះទេចំណាប់ខ្មាំង​ទាំងអស់ នឹងប្រាកដជាស្លាប់ បើ​មិនដោយសារក្រុមហាម៉ាសសម្លាប់ ក៏ដោយសារ​ការវាយ​ប្រយុទ្ធរបស់​កងទ័ពអ៊ីស្រាអែលដែរ​។

សូមរំលឹកថា នៅថ្ងៃដែលក្រុមភេរវកម្ម​ហាម៉ាស បាន​មកវាយ​ប្រហារក្នុងទឹកដី​អ៊ីស្រាអែល ថ្ងៃទី​៧តុលា ក្រុមហាម៉ាស បានសម្លាប់មនុស្សចំនួន​ប្រមាណ​១២០០នាក់ និង​បាន​​ចាប់ចំណាប់ខ្មាំងយកទៅ​ហ្កាហ្សា ចំនួន​ប្រមាណ​២៥០នាក់។ គិតមកត្រឹមពេលនេះ មានចំណាប់ខ្មាំង​ចំនួន ១១០នាក់ ត្រូវបានរំដោះបាន និង​២២នាក់ ត្រូវបាន​ភាគីអ៊ីស្រាអែល​ប្រកាសថាបានស្លាប់។ ផ្អែកតាម​អាជ្ញាធរអ៊ីស្រាអែល បច្ចុប្បន្នអាចនៅមានចំណាប់ខ្មាំង ចំនួន​១២៩នាក់ ដែល​កំពុងស្ថិតក្នុងដៃក្រុមហាម៉ាស​ តែដោយ​គ្មានដំណឹងជាក់ច្បាស់ថានៅរស់ប៉ុន្មាន ស្លាប់​ប៉ុន្មាននោះទេ។

ក្រោយការប្រកាសដំណឹង ស្តីពីការបាញ់សម្លាប់ចំណាប់ខ្មាំង​៣នាក់​ដោយ​ច្រឡំនេះ​ គេហទំព័រ​ Axios បានចុះផ្សាយថា លោក David Barnea មេ​ក្រុម​ Mossad ដែលជា​ទីភ្នាក់ងារចារកិច្ច​របស់អ៊ីស្រាអែល នឹងទៅ​ជួបជាមួយ​នាយករដ្ឋមន្ត្រី​កាតា Mohammed Ben Abdelrahmane al-Thani នៅអឺរ៉ុប​។ ដោយ​មិនបញ្ជាក់ថាការប្រជុំនេះធ្វើឡើងនៅទីក្រុងណា ប្រទេសណា គេហទំព័រ Axios បានត្រឹមអះអាងថា ជំនួប​នេះនឹងធ្វើឡើងក្នុងរវាង​ចុងសប្តាហ៍នេះ ដើម្បី​និយាយ​ចរចា អំពីការរំដោះចំណាប់ខ្មាំង។

ដោយឡែក ទាក់ទិននឹងស្ថានការណ៍​មនុស្សធម៌នៅហ្កាហ្សាវិញ កាលពីថ្ងៃសុក្រទី​១៥ធ្នូ អាជ្ញាធរអ៊ីស្រាអែល បានសម្រេច​បើកច្រកថ្មីមួយទៀត នៅចំណុច Keram Shalom។ អាជ្ញាធរ​អ៊ីស្រាអែល​អះអាងថា ជាការបើក​ជាបណ្តោះអាសន្ន ដើម្បី​សម្រាល​ការកកស្ទះនៅច្រករ៉ាហ្វា ហើយ​ដើម្បី​អនុញ្ញាតឲ្យ​​រថយន្តដឹកស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយ​មនុស្សធម៌ទាំងអស់ អាចចូលទៅ​ជួយប្រជាជនហ្កាហ្សា​ ឲ្យ​បានរហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ