អានតួអត្ថបទ

អ៊ីរ៉ង់ ទំនងជាបានជួយចលនាហាម៉ាសក្នុងការវាយប្រហារអ៊ីស្រាអែល

ចលនា​ហាម៉ាស​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង? បើ​តាម​សារព័ត៌មាន​អាមេរិក The Wall Street Journal អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​អ៊ីរ៉ង់​ទំនង​ជា​បាន​ជួយ​រៀបចំ​ផែនការ​ឱ្យ​ចលនា​ហាម៉ាស់ឆ្មក់​វាយប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​៧​តុលា​២០២៣។

អ៊ីរ៉ង់បានជួយចលនាហាម៉ាសក្នុងការវាយប្រហារអ៊ីស្រាអែល?
អ៊ីរ៉ង់បានជួយចលនាហាម៉ាសក្នុងការវាយប្រហារអ៊ីស្រាអែល? AFP - -
ផ្សាយពាណិជ្ជកម្ម

តើចលនា​ហាម៉ាស​បាន​បញ្ចេញ​សកម្មភាព​វាយប្រហារ​អ៊ីស្រាអែល​តែ​ម្នាក់​ឯង ឬ​ក៏​មាន​អ្នក​ជួយ​នៅពី​​ក្រោយខ្នង? កាលពី​ថ្ងៃ​សៅរ៍​ ក្រោយ​ហេតុការណ៍​ភ្លាម អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក​យល់​ថាគ្មាន​អ្វី​គួរ​សង្ស័យ​ឡើយ​ជុំ​វិញ​ការ​ពាក់​ព័ន្ធ​របស់​អ៊ីរ៉ង់​ក្នុង​ការ​វាយប្រហារ​នេះ ព្រោះ​​អ៊ីរ៉ង់​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​និង​យោធា​ដល់​ចលនា​ហាម៉ាស់។ តែថា តើ​ការ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ពីសំណាក់​​​អ៊ីរ៉ង់ មានដល់កម្រិតណា គឺស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

បើ​តាម​កាសែត​អាមេរិក​The Wall Street Journal អ្នក​ទទួល​ខុស​ត្រូវ​អ៊ីរ៉ង់​ផ្នែក​សន្តិសុខ​ ទំនង​ជា​បាន​ជួយ​រៀប​ផែនការ​វាយប្រហារលើ​​​អ៊ីស្រាអែល និងបើក​ភ្លើង​ខៀវ​​ឱ្យ​ចលនា​ហាម៉ាស់ធ្វើ​ប្រតិបត្តិការ​ នៅ​ក្នុង​ជំនួប​​ប្រជុំ​មួយនៅ​ទីក្រុង​បេរ៉ូត​​របស់​​សកម្មជន​មួយ​ក្រុម​ផ្សេង​ទៀត​គាំទ្រ​ដោយ​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន។

សម្ព័ន្ធនេះ​បាន​កំណត់កិច្ច​​ព្រមព្រៀង​​​តាំង​ពី​ខែ​សីហា​មក រៀប​ចំ​ផែនការ​វាយប្រហារ​តាម​ផ្លូវអាកាស តាម​ផ្លូវ​គោក និង​ផ្លូវ​ទឹក។ ដើម្បី​សម្រេច​សម្រួចប្រតិបត្តិការ​​វាយប្រហារ​នេះ ពួក​គេទំនង​ជា​បាន​រៀប​ចំ​ជំនួប​ប្រជុំ​ជា​ច្រើន​លើក​នៅក្រុង​បេរ៉ូត​ ដោយ​មាន​ភ្នាក់ងារ​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​​ចូល​រួម​ជា​និច្ច។ តែសម្រាប់​ពេល​នេះ​ ​អាមេរិក​គ្មាន​ព័ត៌មាន​សម្រាប់​ចង់ភ្ជាប់​ហេតុ​និង​ផល​ឱ្យ​ចេញ​ជា​​សេចក្តី​សន្និដ្ឋាន​​ទេ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់អ្នក​ទទួល​ខុសត្រូវ​អាមេរិក​​ជុំ​វិញ​ជំនួប​ប្រជុំ​របស់​ក្រុម​ចលនា​ហាម៉ាស ហេស្បូឡា​និង​អ៊ីរ៉ង់។

ប៉ុន្តែ​អ្នក​ទទួលខុស​ត្រូវ​ហាម៉ាសឈ្មោះ Mahmoud Mirdawi បាន​ប្រកាស​ថា​ចលនាហាម៉ាស់​បាន​រៀប​ចំ​ផែនការ​វាយប្រហារ​លើ​អ៊ីស្រាអែល​ដោយ​ខ្លួន​ឯង។ នេអជា​សេចក្តី​សម្រេច​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​និង​ចលនា​ហាម៉ាស។ អ៊ីរ៉ង់​គ្មាន​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​ប៉ាឡេស្ទីន​ទេ​ ព្រោះ​ជា​សេចក្តី​សម្រេច​របស់​ប៉ាឡេស្ទីន​តែមួយ​គត់។ នេះ​ជាការ​អះអាង​របស់​អ្នក​នាំពាក្យ​​អ៊ីរ៉ង់​នៅ​អង្គការ​សហប្រជាជាតិ។

​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​​ប៉ាឡេស្ទីន អ៊ីរ៉ង់​ជា​ប្រទេស​ដំបូង​គេ​មួយ​ដែល​បានចេញ​មុខ​​អបអរ​ស្វាគមន៍​ការ​វាយប្រហារ​របស់​ចលនា​ហាម៉ាស​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​តុលា។ “អ៊ីរ៉ង់​គាំទ្រ​សិទ្ធិការពារ​ខ្លួន​របស់​ជាតិ​ប៉ាឡេស្ទីន។ អ៊ីស្រាអែលជា​អ្នក​​ទទួល​ខុស​ត្រូវ​ក្នុងការ​វាយប្រហារ​នេះ។” នេះ​ជា​​​សារ​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក រ៉ៃស៊ី ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៨​តុលា។ ប្រមុខ​ដឹកនាំអ៊ីរ៉ង់​បាន​​បញ្ចប់សារ​ដោយលើក​​សរសើរគ្រប់​​ចលនាតស៊ូ​ មាន​ជា​អាទិ៍​ ចលនា​​ហាម៉ាស់ ចលនា​ជីហាត​អ៊ីស្លាម ចលនា​តស៊ូរបស់​ប៉ាឡេស្ទីន​នៅ​លីបង់ ស៊ីរី អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និង​យេម៉ែន​ ​ព្រមទាំង​វីរភាព​តស៊ូ​របស់​តំបន់ហ្កា​ហ្សា។

នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍​ទី ៧​តុលា ចលនា​ហាម៉ាស​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើ​ល​និង​ក្នុង​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន​លើ​អ៊ីស្រាអែល​ ដោយ​បាន​បាញ់​រ៉ុកែត​រាប់​ពាន់​គ្រាប់​និង​បញ្ជូន​កង​យុទ្ធជន​ប្រដាប់​អាវុធ​ឱ្យ​ជ្រៀត​ចូល​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ហើយ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​។ ​ទីប្រឹក្សារបស់​អគ្គមគ្គុទេសក៍​​អ៊ីរ៉ង់​ទស្សន៍​ទាយ​ថាជោគជ័យនៃ​​ប្រតិបត្តិការរបស់​ចលនា​ហាម៉ាស​​នឹង​​ពន្លឿន​ការ​ដួល​រលំ​របប​អ៊ីស្រាអែល។

សម្រាប់​​អ្នក​វិភាគជំនាញ​តំបន់​ដើម​បូព៌ា​ អ៊ីរ៉ង់​បាន​ផ្ទេរ​សព្វាវុធ​ ចំណេះ​ធ្វើ​មក​ឱ្យ​ចលនា​ហាម៉ាស​ក្នុង​ការ​ផលិត​មីស៊ីល​ក្នុង​ស្រុក ហើយ​បើ​គ្មាន​ការ​ធានា​និង​ការគាំទ្រ​ពីសំណាក់ចលនា​ហេស្បូឡា​និង​អ៊ីរ៉ង់​ទេ ហាម៉ាស​ពិត​ជា​មិនហ៊ាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​អ៊ីស្រាអែល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ