អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាន​«ពិភាក្សាគ្នា​ប្រកប​ដោយ​កិច្ច​ស្ថាបនា» ជាមួយ​អាជ្ញាធរ​អ៊ីរ៉ង់

ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ​បញ្ជាក់​ថា​បាន«ពិភាក្សាគ្នាប្រកបដោយកិច្ចស្ថាបនា»ជាមួយអាជ្ញាធរអ៊ីរ៉ង់ ហើយ​អាច​នឹង​នាំឲ្យ​មាន«​កិច្ចព្រមព្រៀង​សំខាន់»​នៅ​ពេល​ខាងមុខ​​។ ​នេះជាការ​លើកឡើង​របស់​មន្ទ្រី​អង្គការ​សហប្រជាជាតិ​អន្តរជាតិ ​​​បន្ទាប់ពីបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២ថ្ងៃនៅ​ប្រទេស​អ៊ីរ៉ង់។ ​ដំណើរ​ទស្សនកិច្ចជាបន្ទាន់នេះ​ គឺ​បន្ទាប់ពី​ ​មាន​របាយការណ៍សម្ងាត់​មួយ បញ្ជាក់ថា​ បានរកឃើញ​សារធាតុ​អ៊ុយរ៉ាញ៉ូម​​បន្សុទ្ធ​ រហូតដល់​ទៅ ៨៣,៧% ​គឺ​ជិតស្មើ​នឹង ៩០% ដែល​​​អាច​​ផលិត​ជា​អាវុធបរមាណូ​​បាន។ សារធាតុ​អ៊ុយរ៉ាញ៉ូម​នេះ​ ​រកឃើញ នៅឯ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្រោមដី​​មួយ រយៈ​ចម្ងាយ​ប្រមាណ​​១០០គីឡូម៉ែត្រ​ ពី​រដ្ឋធានី​តេហេរ៉ង់​​។​ ​

រមុខទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ លោក រ៉ាហ្វាអែល ក្រូស៊ី (Rafael Mariano Grossi) បាន​ជួប​​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតីអ៊ីរ៉ង់ ​អេប្រាហ៊ីម រ៉ៃស៊ី នៅអ៊ីរ៉ង់។
រមុខទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ លោក រ៉ាហ្វាអែល ក្រូស៊ី (Rafael Mariano Grossi) បាន​ជួប​​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតីអ៊ីរ៉ង់ ​អេប្រាហ៊ីម រ៉ៃស៊ី នៅអ៊ីរ៉ង់។ via REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ប្រមុខទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ លោក រ៉ាហ្វាអែល ក្រូស៊ី (Rafael Mariano Grossi) បាន​ជួប​​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតីអ៊ីរ៉ង់ ​អេប្រាហ៊ីម រ៉ៃស៊ី​ និងជួប​​លោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​ ព្រមទាំង ​មន្ត្រីជាន់​ខ្ពស់​អ៊ីរ៉ង់​ទទួល​បន្ទុក​ផ្នែក​ថាមពល​ ជាដើម។​

កិច្ច​ពិភាក្សាជាមួយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ទាំងនេះ​ គឺ​ឋិត​​ក្នុង​បរិយាកាស«​​ស្មោះត្រង់​និង​គួរ​ឲ្យ​សហការ»​។ នេះបើតាម​ការ​គូស​បញ្ជាក់​​ជាសាធារណៈរបស់​ ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅកាត់​តាមភាសាបារាំង​ថា AIEA ក្នុង​​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគីអ៊ីរ៉ង់ មុន​នឹង​លោក រ៉ាហ្វាអែល ក្រូស៊ី ​អញ្ជើញ​​ធ្វើ​ដំណើរ​ហោះហើរទៅកាន់​ស្នាក់​របស់ខ្លួន​វិញ នៅទីក្រុង​វីយ៉ែន។​ វីយ៉ែន ជាទី​ដែល​លោក​នឹង​ធ្វើ​សន្និសីទសារព័ត៌មា​នមួយ​ទៀត ហើយ​ក៏​នឹ​ង​ធ្វើ​របាយការណ៍​បន្ថែម​ប្រាប់ទៅ​ក្រុម​ប្រឹក្សា​ភិបាល ​AIEA នៅ​សប្តាហ៍​ខាងមុខ។​

អ្វីដែល​កាន់តែ​សំខាន់គួរឲ្យ​កត់​សម្គាល់​ពេល​នេះ គឺ​លោក រ៉ាហ្វាអែល ក្រូស៊ី បាន​ផ្សាយ​ក្តីសង្ឃឹម ​នៅ​ថ្ងៃ​សៅរ៍ ​ថា តាម​រយៈ​«កិច្ច​សន្ទនាប្រកបដោយ​ការ​ស្ថាប័នា» អាច​នឹង​បើកផ្លូវ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ នៅពេល​ខាងមុខ ជុំវិញ​សំណុំ​រឿង​នុយក្លេអ៊ែរ៉ង់។​

អ្វីដែល​ចម្លែក​ គឺ​ ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​ មិនបញ្ជាក់ថា អាជ្ញាធរ​អ៊ីរ៉ង់ អនុញ្ញាត​ឲ្យរូប​​លោក​ទៅមើល​ដោយ​ផ្ទាល់​ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្រោមដី​​មួយ ​ចម្ងាយ​១០០គីឡូម៉ែត្រ​ពី​រដ្ឋធានី​តេហេរ៉ង់ ដែល​ល្បីថា​បាន​ចម្រាញ់បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ាញ៉ូម​​ ​ ​រហូតដល់​ទៅ ៨៣,៧% នោះ​ឬទេ។ ការ​បន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូម  នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរក្រោមដីនោះហើយ ដែល​ជាបុព្វហេតុ​ជំរុញ​ដំណើរ​យ៉ាងបន្ទាន់​របស់រូប​លោក​ទៅ​អ៊ីរ៉ង់​​។​

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ៉ង់ បាន​ចុះ​ហត្ថលេខា​យល់ព្រមគ្នានៅឆ្នាំ​២០១៥។ កាលណោះ ​អ៊ីរ៉ង់​សន្យាយល់​ព្រម​បោះចោល​គម្រោង​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម ដើម្បី​ផលិត​គ្រាប់បែក​ប្រល័យ​លោក ជាថ្នូ​រ​នឹង​ការ​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក​ ក្រោម​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ គឺ​បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ព្រោះ​អាមេរិក​យល់ថា​អ៊ីរ៉ង់​មិន​បំពេញ​កាតព្វកិច្ច​។ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំមក​នេះ អ្នក​ជំនាញ​​សង្កេត​ឃើញថា អ៊ីរ៉ង់ បាន​ប្រឹង​ប្រែង​ចម្រាញ់​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ាញ៉ូម កាន់តែ​ច្រើន​​។ ឆ្នាំទៅមិញ គេ​រកឃើញ​ថា កន្លែង​ស្នាមដាន​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម ចំនួន​ ៣ ទីតាំង ដែល ​អាជ្ញាធរអ៊ីរ៉ង់ ​ពុំ​បាន​ប្រកាសតម្លាភាព​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ