អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ស្លាប់​​មនុស្ស​យ៉ាង​ហោច​​១០នាក់ នៅក្នុង​​ប្រតិបត្តិការ​បង្ក្រាប​​របស់​​កម្លាំង​អ៊ីស្រាអែល នៅ​តំបន់​ស៊ីហ្សកដានី

កាលពីថ្ងៃទី​២២កុម្ភៈ កងកម្លាំងអ៊ីស្រាអែល បានបើក​ប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ដើម្បី​​តាម​ចាប់ក្រុម​ជនប្រដាប់អាវុធជ្រុលនិយមប៉ាឡេស្ទីន នៅឯតំបន់ស៊ីហ្សកដានីដែនដីប៉ាឡេស្ទីន។ យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន​១០នាក់ នៅក្នុងប្រតិបត្តិការនេះ។ ក្នុងចំណោម​អ្នកស្លាប់ មាន​២នាក់ជាសមាជិក​នៃចលនា ជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលអ៊ីស្រាអែល ចាត់ទុកថាជាក្រុមភេរវកម្ម​។

ក្រុមយុវជនប៉ាឡេស្ទីន វាយបំផ្លាញនិងដុតរថយន្តកងកម្លាំងអ៊ីស្រាអែល ដែលចុះទៅបើក​ប្រតិបត្តិការ​បង្ក្រាប​ នៅក្រុងណាព្លូស តំបន់ស៊ីហ្សកដានី ថ្ងៃទី ២២ កុម្ភៈ ២០២៣
ក្រុមយុវជនប៉ាឡេស្ទីន វាយបំផ្លាញនិងដុតរថយន្តកងកម្លាំងអ៊ីស្រាអែល ដែលចុះទៅបើក​ប្រតិបត្តិការ​បង្ក្រាប​ នៅក្រុងណាព្លូស តំបន់ស៊ីហ្សកដានី ថ្ងៃទី ២២ កុម្ភៈ ២០២៣ AP - Majdi Mohammed
ផ្សាយពាណិជ្ជកម្ម

បើគិតពីឆ្នាំ​២០០៥មក លើកនេះគឺជាប្រតិបត្តិការ​ចុះបង្ក្រាប​ ដ៏​កាចសាហាវបំផុត របស់​កម្លាំងអ៊ីស្រាអែល នៅក្នុងទឹកដី​ប៉ាឡេស្ទីន តំបន់​ស៊ីហ្សកដានី។ ថ្ងៃទី​២២កុម្ភៈ កងកម្លាំងអ៊ីស្រាអែល បានចុះទៅដល់​ក្រុងណាព្លូស ភាគខាងជើង​តំបន់ស៊ីហ្សកដានី ដើម្បីឡោមព័ទ្ធចាប់​សមាជិក​ក្រុមជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីន។

ការបាញ់រះ​គ្រាប់កាំភ្លើង បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​យ៉ាងហោច១០នាក់ ក្នុងនោះមាន​ក្មេងជំទង់ អាយុ​១៦ឆ្នាំម្នាក់ និង​បុរសប៉ាឡេស្ទីន​វ័យ​ជាង​៧០ឆ្នាំម្នាក់ផង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ប៉ាឡេស្ទីន បានបញ្ជាក់ថា ក្រៅពីនេះ មាន​មនុស្សរងរបួសដោយគ្រាប់កាំភ្លើង ចំនួន​ជាង​៨០នាក់ទៀត ដែលខ្លះរងរបួសធ្ងន់ កំពុងទទួលបាន​ការសង្គ្រោះ​នៅតាមមន្ទីរពេទ្យ។

ឆ្លើយតបទៅនឹងការជជីកសួររបស់អ្នកកាសែត តំណាងកងទ័ពអ៊ីស្រាអែល មិនបានបញ្ជាក់លំអិតអំពីចំនួន​មនុស្សស្លាប់ ដោយប្រតិបត្តិការរបស់ខ្លួនទេ គ្មានតែបាន​បញ្ជាក់ថា កងទ័ពអ៊ីស្រាអែល ពិតជាបាន​បើក​ប្រតិបត្តិការបង្ក្រាប​នៅក្រុងណាព្លូសពិតមែន ដើម្បីតាមចាប់ក្រុមជីហាតភេរវកម្ម​អ៊ីស្លាមប៉ាឡេស្ទីន។​ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលជាក្រុមប្រដាប់អាវុធដ៏សកម្មមួយនៅតំបន់ស៊ីហ្សកដានី បានអះអាងថា មានសមាជិក​ក្រុមខ្លួនចំនួន​២នាក់ បានស្លាប់​នៅក្នុងប្រតិបត្តិការបង្ក្រាបរបស់​អ៊ីស្រាអែលនេះ​។

យោងតាមអ្នកកាសែតបារាំង AFP នៅទីកន្លែងផ្ទាល់ គេឃើញ​កងទ័ពអ៊ីស្រាអែល បានប្រើ​​​គ្រាប់បែកផ្សែង ដើម្បី​បំបែក​ក្រុមយុវជនក្មេងៗប៉ាឡេស្ទីន ដែលនាំគ្នា​យកដុំថ្មគុបទៅ​លើ​រថពាលដែក​របស់​ទាហានអ៊ីស្រាអែល។ ក្នុងចំណោមអ្នករបួសដោយ​គ្រាប់កាំភ្លើង គឺមាន​អ្នកកាសែតធ្វើឲ្យ​ទូរទស្សន៍​ Palestine TV ម្នាក់​ផងដែរ​។​

គួរកត់សំគាល់ថា ប៉ុន្មានខែមកនេះ ភាពហឹង្សាបាន​ផ្ទុះឡើងកាន់តែខ្លាំង រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ កាលពីចុងខែមករាថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានបើក​ប្រតិបត្តិការផ្លូវអាកាស តាមចាប់ក្រុមជីហាតភេវកម្ម នៅឯជំរុំជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ Jénine។ គិតពីដើមឆ្នាំ​២០២៣នេះមក យ៉ាងហោចណាស់ មានប្រជាជនប៉ាគេស្ទីន ចំនួន​៥៨នាក់ បានស្លាប់ ដោយសារ​​ប្រតិបត្តិការបង្ក្រាប​របស់​កងកម្លាំងអ៊ីស្រាអែល ដែលក្នុងចំណោមនោះ មានទាំង​សមាជិក​ក្រុមប្រដាប់អាវុធជីហាត​ និងជនស៊ីវីល​ប៉ាឡេស្ទីន​​។​ ដោយឡែកខាងអ៊ីស្រាអែលវិញ​ មានស្លាប់ជនស៊ីវីលចំនួន​៩នាក់​ និងអ្នកទេសចរណ៍​ជនជាតិអ៊ុយក្រែនម្នាក់ផង ដោយការវាយ​ប្រហារភេរវកម្ម​។ លោក Tor Wennesland តំណាងក្រុមការងារសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ដើមបូព៌ា​ បាន​លើកឡើង កាលពីថ្ងៃចន្ទថា ការងារដែលត្រូវធ្វើបន្ទាន់នាពេលនេះ គឺត្រូវកាត់បន្ថយ​ការផ្ទុះឡើងនូវអំពើហិង្សា​រវាងភាគីទាំង​២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ