អានតួអត្ថបទ
អ៊ីរ៉ង់

អ្នកជំនាញ៖របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គ្មានថ្ងៃគេចផុតពីការដួលរលំដោយចលនាបាតុកម្មមហាជន

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃ​សុក្រ ទី១៦ ធ្នូ​ជា​ថ្ងៃ​គម្រប់ ៣ខែ​នៃ​ក្បួន​បាតុកម្ម​របស់​មហាជន​ដែល​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង។ ក្នុង​រយៈពេល ៣ខែ​កន្លង​ទៅ បាតុកម្ម កូដកម្ម និង​ការ​ប្រឆាំង​តវ៉ា​ផ្សេងៗ​មាន​កម្មវត្ថុ​តែ​មួយ​ដូច​គ្នា គឺ​ទម្លាក់​រដ្ឋាភិបាល​សព្វថ្ងៃ។ គួរ​រម្លឹក​ថា បាតុកម្ម​មួយ​នេះ​បាន​ចាប់​ផ្តើម​ពី​ការ​ស្លាប់​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ម៉ាសា អាមីនី​កាល​ពី​ថ្ងៃទី១៦ កញ្ញា។ មាន​អាយុ ២២ឆ្នាំ នារី​ម៉ាសា អាមីនី​ត្រូវ​បាន​ប៉ូលិស​សីលធម៌​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី ១៣ កញ្ញា​ក្រោម​បទ​ចោទប្រកាន់​ពី​ការ​ស្លៀកពាក់​មិនសមរម្យ​តាម​ច្បាប់​សាសនា​អ៊ីស្លាម។ ប្រឈម​នឹង​ចលនា​ប្រឆាំង​របស់​ប្រជាជន រដ្ឋាភិបាល​មិន​ញញើត​ប្រើ​កម្លាំង​ទ័ព និង​ប៉ូលិស​វាយ​បង្រ្កាប​យ៉ាង​ហិង្សា។ យោង​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស នៅ​អ៊ីរ៉ង់​ឈ្មោះ Iran Human Rights មាន​មនុស្ស​ជាង ៤៥០នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ក្បួន​បាតុកម្ម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកប្រវត្តិសាស្រ្ត​អ៊ីរ៉ង់ និង​ជា​អ្នកជំនាញ​លោក​ទូរ៉ា អាតាបាគី​បាន​មើល​ឃើញ​ថា របប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​មិន​អាច​គេច​ផុត​ពី​ការ​ដួល​រលំ​ដោយ​ចលនា​មហាជន​ពេល​នេះ​ទេ។

អ្នកជំនាញថា របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គ្មានថ្ងៃគេចផុតពីការដួលរលំដោយចលនាបាតុកម្មមហាជន។
អ្នកជំនាញថា របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គ្មានថ្ងៃគេចផុតពីការដួលរលំដោយចលនាបាតុកម្មមហាជន។ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

« ផ្លូវ​កំពុង​ពោរពេញ​ដោយ​អន្ទាក់​ស្អេកស្កះ។ គ្មាន​ការ​ងឿង​ឆ្ងល់​ទេ​ថា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ខ្លួន ចលនា​បាតុកម្ម​មួយ​នេះ​ត្រូវ​តែ​ឆ្លង​កាត់​ផ្លូវ​ឡើង និង​ផ្លូវ​ចុះ។ តែ​ខ្ញុំ​គ្មាន​មន្ទិល​ទេ​ថា យើង​កំពុង​ស្ថិត​នៅ​ចំណុច​ដើម​នៃ​ការ​បញ្ចប់​របប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ ក្រោម​ហេតុផល​ប្រវត្តិសាស្រ្ត ប្រជាសាស្រ្ត សន្តិសុខ និង​សង្គមវិជ្ជា របប​នេះ​គ្មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​ដោះស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ ដូច​ជា​បរិស្ថាន សេដ្ឋកិច្ច នយោបាយ និង​សង្គម​ទេ។

ទោះ​បី​ជា​មាន​ការ​ប្រាថ្នា និង​ការ​ប្រកាស​ពី​ភាព​ជោគជ័យ​ក៏​ដោយ​ក៏​របប​នេះ​គ្មាន​អនាគត ហើយ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ឃើញ​មាន​អ្នក​គាំទ្រ​របប​នេះ​កាន់​តែ​ច្រើន​ឡើងៗ​បាន​នាំ​គ្នា​ដក​ខ្លួន​ថយ និង​បោះបង់​ចោល​របប​នេះ​តែ​ម្តង។ យើង​បាន​ឮ​ការ​រអ៊ូរទាំ​ពី​មនុស្ស​ជិតស្និទ្ធ​នឹង​របប​នេះរួច​ហើយ ដូច​ជា​មន្រ្តី​សាសនា​អ៊ីស្លាម កងទ័ព ឬ​មន្រ្តី​តុលាការ​ដែល​មិន​សប្បាយចិត្ត​នឹង​ការ​កាច់​ចង្កូត​នាវា​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​អាលី ខាមេណី។

ក្រោម​ភ្នែក​របស់​ពួក​គេ នាវា​កំពុង​លិច​ទឹក ហើយ​ពួក​គេ​កំពុង​ព្យាយាម​លោត​ចេញ​ពី​នាវា មុន​នឹង​នាវា​នេះ​លិច​ចូល​ក្នុង​ទឹក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ