អានតួអត្ថបទ

ក្មួយ​ស្រី​នៃ​ប្រមុខ​សាសនា​អ៊ីរ៉ង់​ ត្រូវ​ចាប់​ខ្លួន និង​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​១៥ឆ្នាំ

នៅអ៊ីរ៉ង់ បាតុកម្ម​​ចេះតែបន្ត​អូស​បន្លាយ​ ​រយៈ​ជិត ៣ ខែហើយ​។ ការ​ចាប់ឃុំ​​ខ្លួន​និង​កាត់​ទោស​អ្នក​ប្រឆាំង​ ក៏​ចេះតែបន្ត។ នៅ​ថ្ងៃ​ម្សិលមិញនេះ ព័ត៌មាន​ច្បាស់​ការមួយ​ ​បញ្ជាក់ថា ក្មួយស្រីនៃប្រមុខសាសនាអ៊ីរ៉ង់ ត្រូវចាប់ខ្លួន ព្រោះតែ​បាន​បញ្ចេញ​វីដេអូ និយាយ​រិះគន់​រដ្ឋអំណាច​អ៊ីរ៉ង់ ហើយ​ថែមទាំង​បាន​ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​រដ្ឋាភិបាល​បរទេស ផ្តាច់​ទំនាក់​ទំនង​​ការទូត​ជាមួយ​ អ៊ីរ៉ង់ ទៀត​ផង។ ​

នាង ហ្វារីដេហ មូរាកខានី ​​​​ធ្វើ​ការ​វិស័យ​​សិទ្ធិមនុស្ស និងសកម្ម​ខ្លាំង​ខាង​ប្រឆាំង​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត។
នាង ហ្វារីដេហ មូរាកខានី ​​​​ធ្វើ​ការ​វិស័យ​​សិទ្ធិមនុស្ស និងសកម្ម​ខ្លាំង​ខាង​ប្រឆាំង​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត។ © DR
ផ្សាយពាណិជ្ជកម្ម

​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្ន​កស្រី​ ហ្វារីដេហ មូរាកខានី (​Farideh Moradkhani ) ត្រូវ​រដ្ឋអាជ្ញា​ក្រុង​តេហេរ៉ង់ កោះ​ហៅ​ឡើង​តុលាការ នៅ​ថ្ងៃ​ទី​២៣វិច្ឆិកា ហើយ​ក៏បាត់​​ខ្លួន ​ស្ងាត់​ដំណឹង​ឈឹង។ ទើបតែ​ថ្ងៃ​សៅរ៍ បងប្រុស​របស់​នាង​ ដែល​កំពុង​តែ​ភៀសខ្លួន​នៅស្រុក​បារាំង បាន​ប្រកាស​ប្រាប់សារព័ត៌មានថា ប្អូនស្រី​ត្រូវ​រដ្ឋអំណាច​អ៊ីរ៉ង់​ចាប់​ឃុំ​ខ្លួន​ហើយ។ ម្តាយ​របស់​នាង​ ទើប​ស្លាប់ពីពេល​ថ្មី​ៗ​ គឺជា​​​ប្អូន​ស្រី​របស់​ប្រមុខ​ដឹកនាំ​សាសនាអ៊ីរ៉ង់ ដ៏មាន​ឥទ្ធិពល​ អាលី ខាមេនៃ​ (Ali Khamenei)។ ម្តាយ​នាង​ភៀសខ្លួន​នៅក្រៅប្រទេស ព្រោះ​តែ​មិន​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​រដ្ឋ​អ៊ីរ៉ង់​។

នាង ហ្វារីដេហ មូរាកខានី ​តែងតែរិះគន់​ថ្កោលទោស​រដ្ឋអំណាច​អ៊ីរ៉ង់ ដ្បិត​ថា​នាង​​ធ្វើ​ការ​វិស័យ​​សិទ្ធិមនុស្ស និងសកម្ម​ខ្លាំង​ខាង​ប្រឆាំង​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត។ កាលពី​ដើម​ឆ្នាំ​នេះ​ នាង​ធ្លាប់​ត្រូវក្រសួង​ស៊ើប​ការណ៍​​សម្ងាត់ ចាប់​ឃាត់ខ្លួន​​​ម្តង​​ហើយ តែក្រោយ​មក ត្រូវ​ដោះលែង​ទៅ​វិញ ដោយ​មាន​លក្ខខណ្ឌ ឋិត​ក្រោម​ការ​ត្រួតពិនិត្យ​។ ការ​ចាប់ខ្លួន​ជាថ្មី ​គឺសកម្មជន​នារី​រូបនេះ អាច​នឹង​ត្រូវ​រងទោសទណ្ឌក្រោយ​ចម្រឹង​ដែក ប្រមាណ​ ១៥ ឆ្នាំ។ នេះបើយោង​តាម​អង្គការ​សិទ្ធិមនុស្ស ហ្រាណា​ Hrana មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក។

តាមទិន្នន័យ​របស់​អង្គការ​ដដែល គិត​ត្រឹម​ថ្ងៃទី​២៦វិច្ឆិកា កម្លាំង​សមត្ថកិច្ច​អ៊ីរ៉ង់​បាន​ចាប់ខ្លួន​ បាតុករ​ ប្រមាណ ១ម៉ឺន​ ៨ពាន់នាក់ (អង្គការ​សហប្រជាជាតិ ថា ១ម៉ឺន​៤ពាន់នាក់)។ ក្នុងរយៈ​ពេល​ជាង ២ ខែ​មកនេះ កង​កម្លាំង​​រដ្ឋអំណាច​អ៊ីរ៉ង់ បាន​សម្លាប់​បាតុករ​ អ្នក​តវ៉ា ប្រមាណ​ជាង​ ៤៥០ នាក់ ​​​ក្នុង​នោះ ជាង​៦០នាក់ ជា​ក្មេងៗ។​ មន្ត្រីនគរវិញ ក៏​មាន​ស្លាប់​ដែរ ចំនួន​ប្រហែល​ ៦០ នាក់​។

មកទល់​នឹង​ពេល​នេះ តុលាការ​អ៊ីរ៉ង់​ បាន​សម្រេច​​កាត់ទោស​ប្រហារ​ជីវិត ៦ ករណី​ហើយ បន្ទាប់ពី​ផ្ទុះ​ចលនា​បាតុកម្ម​ ជាប់ៗគ្នា​ ១១ សប្តាហ៍។ ក្នុង​នោះ​ តារា​ចម្រៀង​ញាក់​កន្ត្រាក់​ រ៉ែប ១រូប​ ឈ្មោះ ធូមាជ សាលេហី (Toomaj Salehi) ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​ ព្រោះតែ​បាន​«​ឃោសនា​ប្រឆាំង​នឹង​រដ្ឋអំណាច» ហើយ​ត្រូវ​រង​ការ​ចោទប្រកាន់​ថា «ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សន្តិសុខជាតិ»។ សេចក្តីសម្រេច​កាត់ទោស​ផ្តាច់​​ជីវិត​នេះ ត្រូវ​រដ្ឋអាជ្ញាអ៊ីរ៉ង់​ ផ្សាយ​ពីថ្ងៃអាទិត្យ​ ទី​២៧វិច្ឆិកា។​ មុនពេល​ចាប់ខ្លួន តារា​ចម្រៀង​រ៉ែប​នេះ បាន​បង្ហោះ​វីដេអូ​ចម្រៀង​រិះគន់​​ និង​អំពាវនាវ​ឲ្យ​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។

​​​កាលពីថ្ងៃព្រហស្បតិ៍ ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ នៃអង្គការ​សហប្រជាជាតិ បាន​សម្រេ​ច​ ​បើកការ​ស៊ើប​អង្កេត​ឯករាជ្យ​ ចំពោះ​ការ​បង្ក្រាប​បង្ហូរឈាម​ពី​សំណាក់​រដ្ឋ​អំណាច​អ៊ីរ៉ង់ ទៅលើ​ក្រុម​បាតុករ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ