អានតួអត្ថបទ
អ៊ីរ៉ង់-សិទ្ធិសេរីភាព-អឺរ៉ុប

សហភាពអឺរ៉ុប​​ដាក់​​ទណ្ឌកម្ម​ លើ​មន្ត្រី​អ៊ីរ៉ង់ ដែល​ទទួល​ខុសត្រូវ​លើ​ការ​បង្ក្រាប​បាតុកម្ម

អស់រយៈពេល​១ខែមកហើយ ដែល​ប្រជាជនអ៊ីរ៉ង់ ជាពិសេសយុវជន សិស្សនិស្សិត បានធ្វើបាតុកម្ម នៅតាមទីក្រុង​ធំៗ ដើម្បីតវ៉ាប្រឆាំងនឹង ការដឹកនាំ​កៀបសង្កត់នៃរបបអ៊ីស្លាម​ផ្តាច់ការអ៊ីរ៉ង់។ បាតុកម្ម​ដែល​បាន​ផ្ទុះឡើង ក្រោយ​ការស្លាប់របស់​ស្ត្រីឈ្មោះ Mahsa Amini បន្ទាប់ពីត្រូវនគរបាល​សីលធម៌អ៊ីរ៉ង់ ចាប់ឃាត់ខ្លួន​ ដោយចោទថាមិនបានស្លៀក​ពាក់​និងទទូឡក្រណាត់​ឲ្យ​ជិតខ្លួន។ គិតត្រឹមពេលនេះ ការបង្រ្កាបបាតុកម្ម​ បានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​២រយនាក់។ ដើម្បីជាការថ្កោលទោសចំពោះការបង្រ្កាប​បំបិទសិទ្ធិសេរីភាពនេះ កាលពីថ្ងៃចន្ទម្សិលមិញ សហភាពអឺរ៉ុបបានសម្រេចវិធានការទណ្ឌកម្ម ដាក់ទៅលើ​មន្ត្រីរបស់អ៊ីរ៉ង់ ដែលក្នុងនោះគឺមាន​មេនគរបាលសីលធម៌អ៊ីរ៉ង់។

ក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ នៅក្រុងតេហេរ៉ង់ ថ្ងៃទី ២៤ កញ្ញា ២០២២
ក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ នៅក្រុងតេហេរ៉ង់ ថ្ងៃទី ២៤ កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបញ្ជីទណ្ឌកម្ម​ថ្មីដាក់ទៅលើអ៊ីរ៉ង់​ ដែលរដ្ឋមន្ត្រីការបរទេសនៃសមាជិក​សហភាពអឺរ៉ុបបានសម្រេច គឺមាន​មន្ត្រីអ៊ីរ៉ង់ ចំនួន​១១នាក់។ ក្នុងនោះមាន លោក Issa Zarepour រដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងទូរគមនាគមន៍អ៊ីរ៉ង់ លោក Mohammad Rostami Cheshmeh Gachi មេនគរបាលសីលធម៌​អ៊ីរ៉ង់ រួមទាំងមេដឹកនាំស្ថាប័ន​៣ផ្សេងទៀតនៃអំណាចនយោបាយ-សន្តិសុខអ៊ីរ៉ង់។ ជនដែលជាប់ទណ្ឌកម្ម​របស់អ៊ឺរ៉ុប នឹងត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ទទួល​បាន​ទិដ្ឋាការចូលជាន់ដីអឺរ៉ុប។ ប្រាក់សន្សំ និង​វិនិយោគ ព្រមទាំង​ភាគហ៊ុនផ្សេងៗ ដែលជនទាំងនោះមាននៅក្នុងស្ថាប័នអឺរ៉ុប ក៏នឹងត្រូវបង្កកទុកផងដែរ។​

លោកស្រី Anna Baerbock រដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់ បាន​លើកឡើងថា តាមពិតទៅពាក្យ​ថា “នគរបាលសីលធម៌អ៊ីរ៉ង់” នោះ វាត្រូវបាន​ប្រើប្រាស់ដោយ​មិនត្រឹមត្រូវទេ ព្រោះថាធាតុពិត សមត្ថកិច្ចនគរបាលនេះ គឺជា​នគរបាល​ដែល​បង្កឧក្រិដ្ឋកម្ម បង្ក្រាប សម្លាប់បាតុការ ជាច្រើនរយនាក់។ លោក​ស្រីបានបន្តថា អឺរ៉ុប​មិនអាច​ឈរឱបដៃ មើល​យុវជនជាពិសេសស្ត្រីអ៊ីរ៉ង់​វ័យក្មេងៗ សិស្សនិស្សិត ដែលធ្វើបាតុកម្ម​ដោយសន្តិវិធី ហើយ​ត្រូវសមត្ថកិច្ចនគរបាល​អ៊ីរ៉ង់ បង្ក្រាបវាយ​ដំរហូតស្លាប់ ឬរបួស បាន​នោះឡើយ​។ លោកស្រី Anne Linde រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានបញ្ជាក់ថា ទណ្ឌកម្ម​ដែលអឺរ៉ុបបាន​សម្រេចដាក់ទៅលើអ៊ីរ៉ង់នេះ គឺសំដៅ​វាយ​ឲ្យចំ​ទៅលើ​មន្ត្រី​អ៊ីរ៉ង់ ដែលជាអ្នកទទួលខុសត្រូវ លើ​ការបង្ក្រាបដោយ​ហិង្សាបំផុត ទៅលើក្រុមបាតុករ និងជាពិសេសស្ត្រីអ៊ីរ៉ង់ ដែលបាន​តវ៉ាទាមទារសិទ្ធិសេរីភាពដោយ​សន្តិវិធី។

គួរបញ្ជាក់ថា ក្រៅពី​សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងអង់គ្លេស បាន​ប្រកាសជាបន្តបន្ទាប់​នូវទណ្ឌកម្ម​ ទៅលើមន្ត្រីអាជ្ញាធារ​អ៊ីរ៉ង់ ដែលបានចេញបញ្ជា បង្ក្រាប​យ៉ាងសាហាវទៅលើ​ក្រុមបាតុករ។ បាតុកម្មដែលបានផុសផុល​អស់​មួយខែមកនេះ បន្ទាប់ពីករណីស្លាប់ស្ត្រីឈ្មោះ Mahsa Amini។ យោងតាម​តួលេខរបស់អង្គការ​ Iran Human Rights មានបាតុករយ៉ាងហោចជាង២០០នាក់​បានស្លាប់។ រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានចោទថា ចលនាបាតុកម្ម​ដ៏ខ្លាំងក្លានេះ គឺមកពីអាមេរិកជាអ្នកអុជអាល៕

សូមបញ្ជាក់ដែរថា កាលពី​ថ្ងៃអាទិត្យទី១៦តុលា មានករណី​អគ្គីភ័យឆេះមន្ទីរឃុំឃាំងដ៏ធំមួយ ឈ្មោះ Evine ស្ថិតនៅរដ្ឋធានីតេហេរ៉ង់។ មន្ទីរឃុំឃាំងនេះ​ ត្រូវគេដឹងថា ជា​កន្លែងដែលរបបផ្តាច់ការអ៊ីរ៉ង់ បង្ឃាំងអ្នកទោសនយោបាយ និងបាតុករជាច្រើននាក់។ យ៉ាងហោចណាស់ មានមនុស្សស្លាប់​៨នាក់ និងរបួសជាច្រើននាក់ ក្នុងករណីអគ្គីភ័យនេះ។ អាជ្ញាធរអ៊ីរ៉ង់បានចោទថា គឺ “ក្រុមយុវជនអន្ធពាល” ដែល​បានបង្កអគ្គីភ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ