អានតួអត្ថបទ
អ៊ីស្រាអែល-បារាំង

នៅពេល​ប៉ូលិស​អ៊ីស្រាអែល​ប្រើកម្មវិធី Pegasus​ដើម្បី​លួចស្តាប់​ពលរដ្ឋ​​របស់ខ្លួន

រឿងអាស្រូវ​ប្រើប្រាស់​​កម្មវិធី​Pegasusដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែលដើម្បីលួចស្តាប់​ ឈ្លប​យកការណ៍សម្ងាត់​ បានបែកខ្ចរខ្ចាយ​សាជាថ្មី ដោយ​លើកនេះ កើត​មាន​ផ្ទាល់​នៅទឹកដី​អ៊ីស្រាអែល។ នៅ​ថ្ងៃ​ចន្ទ ទី ៧​កុម្ភៈ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ណាតាលី បេននែត​បាន​សន្យា​ចាត់វិធានការ នៅក្រោយ​កាសែត​ក្នុងស្រុក​ចុះផ្សាយ​ថា ប៉ូលិស​អ៊ីស្រាអែល បាន​ប្រើ​កម្មវិធី​Pegasus ដើម្បី​លួច​ស្តាប់ ឈ្លបយកការណ៍សម្ងាត់​ពី​ជនជាតិ​អ៊ីស្រាអែល។

រូបស្លាកសញ្ញា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​ដែលផលិត​កម្មវិធី Pegasus ដែលគេ​ប្រើ​សម្រាប់លួចស្តាប់​យកការណ៍ពី​មេដឹកនាំបរទេស
រូបស្លាកសញ្ញា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​ដែលផលិត​កម្មវិធី Pegasus ដែលគេ​ប្រើ​សម្រាប់លួចស្តាប់​យកការណ៍ពី​មេដឹកនាំបរទេស AP - Sebastian Scheiner
ផ្សាយពាណិជ្ជកម្ម

កាំបិត​ចងដង​ឯង។ កម្មវិធី​Pegasus ដែលផលិត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យាអ៊ីស្រាអែល NSO Groupរួមជាមួយ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល  មិនត្រឹមតែ​ត្រូវ​គេ​ប្រើ​សម្រាប់​លួចស្តាប់ យកការណ៍​សម្ងាត់​មេដឹកនាំបរទេស អ្នកកាសែត នៅ​ទឹកដី​បរទេស​តែប៉ុណ្ណោះទេ ប៉ុន្តែ Pegasus ត្រូវ​បាន​គេ​ប្រើ​ផងដែរ​សម្រាប់​លួចស្តាប់ ឈ្លបយកការណ៍​ជនជាតិ​អ៊ីស្រាអែល នៅទឹកដី​អ៊ីស្រាអែល។

តាមកាសែត​សេដ្ឋកិច្ច​អ៊ីស្រាអែលCalcalist ចុះផ្សាយ​កាលពីថ្ងៃ​ចន្ទថា ប៉ូលិស​អ៊ីស្រាអែល​បាន​ប្រើ​កម្មវិធី Pegasus ដោយ​គ្មានការសុំអនុញ្ញាត​ពីតុលាការ ដើម្បី​លួចស្តាប់ ឥស្សរជន អ្នកកាសែត និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស នៅប្រទេស​អ៊ីស្រាអែល។ នៅ​ខែ​មករា កន្លងទៅ កាសែតCalcalist ដដែល​បាន​ចុះផ្សាយថា ប៉ូលិស​អ៊ីស្រាអែល​បាន​ទទួលស្គាល់ថា ខ្លួន​បាន​ប្រើ​បច្ចេកវិទ្យា ដើម្បី​ស៊ើបការណ៍សម្ងាត់ ដោយ​ខុសច្បាប់ ប៉ុន្តែ មិន​បាន​បញ្ជាក់​ឈ្មោះ​កម្មវិធី​Pegasus។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​អ៊ីស្រាអែល ឥស្សរជន​ដែល​ត្រូវ​បាន​ប៉ូលិស​ប្រើ​កម្មវិធី​Pegasus ចូល​លួចស្តាប់​តាមដាន មាន​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ទីប្រឹក្សា​ព័ត៌មាន​របស់​លោក អ្នកកាសែត និង​ចៅហ្វាយក្រុង​ជាច្រើនរូប​ផ្សេងទៀត។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ណាតាលី បេននែត​បាន​អះអាងថា បើសិន​ការចុះផ្សាយ​របស់​កាសែត​ជា​ការពិត នោះ រដ្ឋាភិបាល​នឹង​មិន​បណ្តោយ​ឲ្យ​កន្លងផុត​ទៅដោយ​ងាយស្រួលនោះទេ។

សម្រាប់នាយក​រដ្ឋមន្រ្តីអ៊ីស្រាអែល កម្មវិធី Pegasus និង​កម្មវិធីជាច្រើន​ផ្សេងទៀត ជាឧបករណ៍​ដ៏សំខាន់​ចាំបាច់ សម្រាប់​ប្រើ​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម និង​បណ្តាញ​ឧក្រិដ្ឋជន​ធំៗ ពោល​គឺ​គ្មាន​គោលដៅ ប្រើសម្រាប់​យុទ្ធនាការ​ប្រឆាំង​ជនជាតិ​អ៊ីស្រាអែល ឬ​អ្នកទទួលខុសត្រូវ​នោះទេ។ ប្រតិកម្ម​ទៅនឹង​ព័ត៌មាន​លេចធ្លាយ​ស្តីពីការប្រើប្រាស់​កម្មវិធី Pegasus ទៅលើ​ប្រជាជន​អ៊ីស្រាអែល រដ្ឋមន្រ្តី​ក្រសួងសន្តិសុខ​សាធារណៈ​បាន​អំពាវនាវ​ឲ្យគេ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រដ្ឋាភិបាល ដើម្បី បំបែកសំណុំរឿង​អាស្រូវមួយនេះ។

ក្រុមហ៊ុនNSO Groupe​ដែលជា​អ្នកផលិត​កម្មវិធីPegasus មិន​បាន​បដិសេធ ហើយ​ក៏​មិន​បាន​ទទួលស្គាល់​ពីរឿង​លក់កម្មវិធី Pegasus ទៅ​ឲ្យ​ប៉ូលិស​អ៊ីស្រាអែល។ ក្រុមហ៊ុន​គ្រាន់​តែ​អះអាង​ថា ខ្លួន​គ្មានជាប់​ពាក់ព័ន្ធ និង​ដឹង​រឿងអ្វី​ទៀតឡើយ  នៅក្រោយ​ការចុះកិច្ចសន្យា​លក់​កម្មវិធី​Pegasus ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ