អានតួអត្ថបទ
ប្រេងកាត

ក្រុមប្រទេស​ផលិត​ប្រេង ព្រមបង្កើន​បរិមាណ​​​បូមប្រេង​ តែ​ដោយ​សន្សឹម​បំផុត

ក្រុមប្រទេសនាំ​ចេញ​​ប្រេង ចំនួន២៣​ប្រទេស​ ដែលហៅ​កាត់​ថា OPEP+ បានព្រមព្រៀងគ្នា​នៅ​ល្ងាចថ្ងៃអង្គារម្សិលមិញ បង្កើន​បរិមាណ​ផលិតប្រេង បន្តិច ចាប់​ពី​ខែ​កុម្ភៈ​២០២២​ទៅ ដើម្បី​ឆ្លើយ​តបទៅ​នឹងសេចក្តី​ត្រូវ​ការ​របស់​ទីផ្សារ​អន្តរជាតិ ដែល​ហាក់ដូច​ជា​រង​ឥទ្ធិពល​តិច​តួច​ណាស់​ពី​អូមីក្រុង។ សេចក្តី​សម្រេចបែប​នេះ មិន​បានធ្វើ​ឱ្យ​តម្លៃ​ប្រេងនៅលើ​ទីផ្សារ​​ធ្លាក់​ចុះទេ។

ក្រុមប្រទេស​ផលិត​ប្រេង ព្រមបង្កើន​បរិមាណ​​​បូមប្រេង​ តែ​ដោយ​សន្សឹម​បំផុត
ក្រុមប្រទេស​ផលិត​ប្រេង ព្រមបង្កើន​បរិមាណ​​​បូមប្រេង​ តែ​ដោយ​សន្សឹម​បំផុត © REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ដោយ​គ្មានការ​ភ្ញាក់ផ្អើល សមាជិក​អង្គការ​ប្រទេសនាំ​ចេញ​ប្រេង​ចំនួន ១៣ និង​សម្ព័ន្ធ​មិត្ត​១០​ប្រទេស​ផ្សេងទៀត ដែលហៅ​ថា​ Opep+ បានព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​អង្គារ​ទី ៤​មករា២០២២ បង្កើន​ការ​ផលិត​កម្មបូមប្រេង​ឱ្យ​ឡើង​ដល់​ ៤សែន​ធុង​បារីល ក្នុង​មួយ​ថ្ងៃ នៅខែ​កុម្ភៈ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ទីផ្សារ​អន្តរជាតិ។ បើ​តាម​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​ទទួលបន្ទុក​កិច្ចការ​ថាមពល ដោយ​សារ​តែ​ ​ទីផ្សារមិនសូវ​រំជើបរំជួល​នឹង​អូមីក្រុង ទើប​​ក្រុមOpep+ ​ចាំបាច់​ត្រូវបំពេញ​កាតព្វកិច្ច​​បង្កើន​ផលិតផល​ប្រេង។  ​

ប៉ុន្តែ​ជា​ការ​បង្កើន​ដ៏​តិច​តួច និង​ដោយ​សន្សឹម​បំផុត។ ពោល​គឺ​ក្រុមOpep+ ​ នៅ​តែ​បន្ត​ប្រើ​​​យុទ្ធសាស្ត្រ​​​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ នៅ​ចំពោះ​ការ​រើប​ឡើង​វិញ​នៃ​​​សេដ្ឋកិច្ច​ក្រោយ​​វិបត្តិ​កូវីដ​១៩  ដូច​ដែល​ពួក​គេ​បាន​ប្រកាន់​យក​តាំង​ពី​ខែ​ឧសភា​ឆ្នាំ២០២១មក។

ដូច្នេះ​​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ច្បាស់​ជា​មិន​អាចចុះថ្លៃ​បានទេ។ អ្នកវិភាគ​ជា​ច្រើន ប្រមើល​ឃើញ​ថាទោះ​មានឬ​ គ្មាន អូមីក្រុង​ ​ក៏​ដោយ​ ក៏នៅ​ឆ្នាំ​២០២២​ តម្លៃ​ប្រេង​ឆៅ​នៅ​តែ​ខ្ពស់ត្រដែត​ដដែល។

កំណត់​កម្មវត្ថុ​បង្កើន​ការ​បូមប្រេងទាប​​ពេក សមាជិក​ខ្លះ​គ្មានលទ្ធភាព​​បង្កើន​ផលិតផល​របស់​ខ្លួន​បាន​គេ នៅ​ពេលអនុវត្ត​ដោយ​ជាក់ស្តែង។ ជាមួយ​នឹងសេចក្តី​សម្រេចបង្កើន​ការ​បូម​ប្រេង ដោយ​សន្សឹមៗត្រឹម​៤សែន​ធុងមួយ​ថ្ងៃ ជា​រៀង​រាល់​​មួយ​ខែម្តង នៅ​ខែ​កុម្ភៈ​ខាង​មុខ បរិមាណ​បូមប្រេង​ប្រចាំ​ថ្ងៃនឹង​ឡើង​ដល់ ១,៧លាន​ធុង​ក្នុង​មួយ​ថ្ងៃ ដែល​ស្មើនឹង​៨៥%​នៃ​សកម្មភាព​ផលិតប្រេង​កាលពីមុន​វិបត្តិ (២លាន​ធុង​ក្នុង​មួយ​ថ្ងៃ) តែប៉ុណ្ណោះ​។ តែ​សេដ្ឋកិច្ច​ចាប់​មានទស្សនៈ​វិស័យ​វិជ្ជមាន​ផង ផលវិបាកបង្ក​ឡើង​ដោយ​អូមីក្រុងមាន​តិច​តួច​ទៀត។ ភាព​មិនច្បាស់​លាស់​ដ៏​ធំមួយ​ទៀត សម្រាប់​ឆ្នាំ​២០២២ គឺវិបត្តិ​​អ៊ីរ៉ង់។ អ៊ីរ៉ង់​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ដ៏​ធំ កំពុងជាប់​ទណ្ឌកម្មអាមេរិក។ បើ​ការ​ចរចា​ដែល​កំពុង​ចាប់​ផ្តើម​ជា​ថ្មី ត្រូវ​បរាជ័យ​ នោះ​អ៊ីរ៉ង់​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ផង ភាព​តាន​តឹង​ក្នុង​តំបន់ដើមបូព៌ា​និង​ឈូង​សមុទ្ទ​ពែក្ស ​ក៏​កើន​ឡើង​ផង នោះ​តម្លៃ​ប្រេង​ត្រូវ​តែ​ឡើង​​ដោយ​ចៀសមិន​រួចឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ