អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល ប្រកាសគម្រោង​សាងសង់​លំនៅឋាន​ក្នុង​ដែនដី​ប៉ាឡេស្ទីន

​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី ​ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី​ Naftali Bennett បាន​ប្រកាស​បើក​គម្រោង​សាងសង់​លំនៅឋាន​ជាង​មួយ​ពាន់​ខ្នង ក្នុង​តំបន់​ស៊ីហ្សកដានី ដែល​ជា​ដែនដី​ប៉ាឡេស្ទីន​ ក្រោម​អាណានិគម​អ៊ីស្រាអែល។ សេចក្តីប្រកាស​របស់​រ​ដ្ឋាភិបាល​អ៊ីស្រាអែល​ បាន​រងការ​រិះគន់​យ៉ាង​ខ្លាំង​និង​ភ្លាម​មួយ​រំពេច​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន និង​អាច​ធ្វើ​ឱ្យ​រដ្ឋបាល​អាមេរិក​របស់​លោក​ចូបៃដិន ខឹង​សម្បារ​ផង។

បាតុកម្មប្រឆាំង​នឹង​ការ​សាងសង់​លំនៅឋាន​របស់​អ៊ីស្រាអែល​ក្នុង​ដែនដី​ប៉ាឡេស្ទីន
បាតុកម្មប្រឆាំង​នឹង​ការ​សាងសង់​លំនៅឋាន​របស់​អ៊ីស្រាអែល​ក្នុង​ដែនដី​ប៉ាឡេស្ទីន REUTERS - MUSSA ISSA QAWASMA
ផ្សាយពាណិជ្ជកម្ម

ជា​សរុប​លំនៅឋាន​ថ្មី​ចំនួន ១៣៣៥​ខ្នង ​នឹង​ត្រូវ​សាង​សង់​ នៅក្នុង​ក្រុង​ចំនួន​៧​ ផ្សេងៗគ្នា នៃ​​​តំបន់​ក្រោម​អាណានិគមកិច្ច​ស៊ីហ្សកដានី​ ដែលជា​ដែនដី​របស់​ប៉ាឡេស្ទីន និង​ដែល​មាន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រស់​នៅ​ជាង​២លាន៨សែន​នាក់។ ក្នុង​ក្រុង​ Ariel ដែល​ជា​ក្រុង​ក្រោម​អាណានិគម​ធំ​ជាង​គេ រដ្ឋាភិបាល​អ៊ីស្រាអែល​គ្រោង​សង់​លំនៅឋាន​ដល់​ទៅ ៧២៩ខ្នង។

ក្រសួង​សំណង់​អ៊ីស្រាអែល​បាន​ប្រកាសចេតនា​ចង់​​បង្កើន​ទ្វេដង​វត្តមាន​​ពលរដ្ឋ​អ៊ីស្រាអែល នៅ​តំបន់​ជ្រលង​ភ្នំJourdain ដោយ​ដាក់​លក់​អចលនទ្រព្យ​ ចំនួន​១៥០០​លំនៅឋាន នៅ​តំបន់​នេះ ឱ្យ​បាន​យ៉ាង​យូរ​នៅ​ឆ្នាំ​២០២៦។ “បង្កើន​វត្តមានអ៊ីស្រាអែល​ទៅ​កាន់​តំបន់​អាណានិគម​ ជា​ទស្សនវិស័យ​របស់​អ៊ីស្រាអែល”។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សំណង់ Zeev Elkin។

មិនតែប៉ុណ្ណោះ នៅ​ថ្ងៃពុធ​ទី ២៧​តុលា គណៈកម្មការនៃ​ក្រសួង​ការពារ​ជាតិ​ត្រូវ​ផ្តល់​សេចក្តី សម្រេច​ចុងក្រោយ​ អនុញ្ញាត​ឱ្យ​សាងសង់​លំនៅឋាន​លើសពី​៣០០០​ខ្នង នៅ​តំបន់​ស៊ីហ្សកដានី។

​ប៉ុន្តែទន្ទឹម​នឹង​សេចក្តី​ប្រកាស​នេះ ដោយ​មិន​ពាក់ព័ន្ធ​​នឹង​ផែនការ​សន្តិភាព​ នៅពីរបី​ថ្ងៃ​ខាង​មុខ​ទៀត គណៈកម្មការ​អ៊ីស្រាអែល​ដដែល​ ​នឹង​អនុម័ត​ជា​លើក​ទី​មួយ ការ​សាងសង់លំនៅឋាន​​១៣០០ខ្នង​ សម្រាប់ពលរដ្ឋ​ប៉ាឡេស្ទីន នៅ​តំបន់​C។ តំបន់​ដែលអ៊ីស្រាអែល​​ត្រួត​ត្រានិង​គ្រប់​គ្រង​ទាំង​ផ្នែក​​រដ្ឋបាលនិង​សន្តិសុខ​ ស្រប​តាមកិច្ចព្រមព្រៀង​អូស្លូ។

គម្រោង​សាងសង់​លំនៅ​ឋាន​​នេះ​អាច​នឹង​ធ្វើ​ ក្រុមឆ្វេង​និយមក្នុង​ជួរ​រដ្ឋាភិបាលអ៊ីស្រាអែល​ចម្រុះផ្ទាល់ និង​ជាពិសេសរដ្ឋបាល​​អាមេរិក មិន​ពេញ​ចិត្តផង  ​ឬ ​ខឹង​សម្បារផង។

ចំណែកខាង​​ប៉ាឡេស្ទីនវិញ ​ដោយ​គ្មាន​បង្អង់ ​អាជ្ញាធរបាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ​សហគមន៍​អន្តរជាតិ​ត្រូវ​តែឱ្យ​​អ៊ីស្រាអែល​សងនូវ​ទង្វើ​ឈ្លានពាន​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​ដែនដី​ប៉ាឡេស្ទីន​។ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ ! នេះ​ជាការ​បរិហារ​របស់​​ប្រទេស​ហ្សកដានី ដោយបន្ថែម​ថា នយោបាយ​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល​លើ​តំបន់​ស៊ីហ្សកដានី ជា​​ទង្វើ​ខុសច្បាប់​និង​បំផ្លាញ​ផែន​សន្តិភាព​អ៊ីស្រាអែល​-ប៉ាឡេស្ទីន។

តាមច្បាប់​អន្តរជាតិ​ អ៊ីស្រាអែល​គ្មាន​សិទ្ធិ​ធ្វើ​អាណានិគម​លើ​តំបន់​ស៊ីហ្សកដានី​និង​ក្រុងហ្សេរុយសាឡិម​ខាង​កើត​ទេ ប៉ុន្តែ​តាំងពី​ឆ្នាំ ១៩៦៧មក រដ្ឋាភិបាល​អ៊ីស្រាអែល​បន្ត​សាង​សង់​លំនៅឋាន​លើ​តំបន់​អាណានិគមកិច្ច​ និង​បង្កើន​សកម្មភាពកាន់​តែ​ខ្លាំង​ ក្រោម​អាណត្តិ​របស់​លោក​នេតាន់យ៉ាហ៊ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ