អានតួអត្ថបទ
អេមីរ៉ាតអារ៉ាប់រួម-អ៊ីស្រាអែល

អ៊ីស្រាអែលបើកសម្ពោធ​ស្ថានទូតលើកដំបូង​បង្អស់របស់ខ្លួន​នៅអេមីរ៉ាតអារ៉ាប់រួម

៩ខែក្រោយចុះកិច្ចព្រមព្រៀង ចងស្ពានមេត្រីជាប្រវត្តិសាស្រ្តជាមួយ​អេមីរ៉ាតអារ៉ាប់រួម អ៊ីស្រាអែល​បាន​សម្ពោធ​បើកស្ថានទូតលើកដំបូងបង្អស់របស់ខ្លួន នៅប្រទេស​អារ៉ាប់ ក្នុង​ឈូងសមុទ្រពែរ្ស៍មួយនេះ។ ស្ថានទូតអ៊ីស្រាអែលនៅ​ទីក្រុង​អាប៊ូដាប៊ី ត្រូវ​បើកសម្ពោធ​ជាផ្លូវការ ដោយ​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក​យាអ៊ៀ ឡាពីដ ដែលបានធ្វើដំណើរ​ទស្សនកិច្ច​ជាផ្លូវការ ទៅ​អេមីរ៉ាតអារ៉ាប់រួម កាលពី​ថ្ងៃ​អង្គារ​ទី ២៩ មិថុនា។

លោករដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក​យាអៀរ ឡាពីដ (ទី២​ពីខាងឆ្វេង) បើកសម្ពោធ​ស្ថានទូតអ៊ីស្រាអែល នៅទីក្រុង​អាប៊ូដាប៊ី នៅថ្ងៃ​អង្គារទី ២៩​មិថុនា ២០២១
លោករដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក​យាអៀរ ឡាពីដ (ទី២​ពីខាងឆ្វេង) បើកសម្ពោធ​ស្ថានទូតអ៊ីស្រាអែល នៅទីក្រុង​អាប៊ូដាប៊ី នៅថ្ងៃ​អង្គារទី ២៩​មិថុនា ២០២១ AP - Shlomi Amsalem
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​មានកិច្ចព្រមព្រៀង ភ្ជាប់ទំនាក់ទំនង​ប្រក្រតីរវាង​អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម ក្រោមការផ្ចុងផ្តើមរបស់​អាមេរិក កាលពី​ខែកញ្ញា ឆ្នាំមុន លោក​យាអៀរ ឡាពីដ​ជា​រដ្ឋមន្រ្តីជាន់ខ្ពស់​អ៊ីស្រាអែល​លើកដំបូងគេ ដែល​ធ្វើដំណើរ​ទស្សនកិច្ច​នៅប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

នៅថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោកយាអៀរ ឡាពីដ​​បាន​ជួបពិភាក្សាជាមួយ​សមភាគីអេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពី​បាន​កាត់ខ្សែបូ បើកសម្ពោធ​សា្ថនទូត​លើកដំបូងបង្អស់របស់អ៊ីស្រាអែល​នៅ​ទីក្រុង​អាប៊ូដាប៊ី។

បើកសម្ពោធ​ស្ថានទូតអ៊ីស្រាអែល​នៅអេមីរ៉ាតអារ៉ាប់រួម​ ជាផ្នែកមួយ​នៃការចងស្ពានមេត្រី​ ភ្ជាប់ការទូត​ រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​កិច្ចព្រមព្រៀងជាច្រើន ដែលមានតាំង​ពីការភ្ជាប់ជើងហោះហើរ វិស័យទេសចរណ៍ និង​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​។ កាលពី​ខែ មីនា​កន្លងទៅ អេមីរ៉ាតអារ៉ាប់រួម​បាន​ប្រកាស​បង្កើត​មូលនិធិ​វិនិយោគតម្លៃ ៣០ពាន់លាន​ដុល្លារសម្រាប់​វិស័យជា​យុទ្ធសាស្រ្ត​ក្នុង​ទឹកដី​អ៊ីស្រាអែល។

នៅក្នុង​ពិធីសម្ពោធ​បើក​ស្ថានទូត​អ៊ីស្រាអែល នៅទីក្រុង​អាប៊ូដាប៊ី រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល​បាន​ថ្លែងថា អ៊ីស្រាអែល​ និង​អេមីរ៉ាតអារ៉ាប់រួម ត្រូវ​ចងភ្ជាប់ទំនាក់ទំនងគ្នា និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់ប្រទេស​ទាំងពីររីកចម្រើនឡើង។ “អ៊ីស្រាអែល ចង់បាន​សន្តិភាពជាមួយ ប្រទេស​ជិតខាង​ទាំងអស់។ អ៊ីស្រាអែលមិនទៅណាទេ។ ដើមបូព៌ា​ជាផ្ទះ​របស់​អ៊ីស្រាអែល។ យើងនឹងនៅទីនេះ​ មិនទៅណាទេ។ យើងអំពាវនាវ​ឲ្យ​ប្រទេស​ដទៃ​ក្នុង​តំបន់​ ទទួលស្គាល់​រឿងនេះ"។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក​យាអៀរ ឡាពីដ។

តាំង​ពី​រដ្ឋ​ជ្វីហ្វ​ អ៊ីស្រាអែល ​បាន​ចាប់​កំណើត​ក្នុង​ថ្ងៃទី១៥ ឧសភា ឆ្នាំ ១៩៤៨​ មានប្រទេស​អារ៉ាប់​មិនច្រើន​ទេ ដែលបាន​ទទួលស្គាល់​រដ្ឋអ៊ីស្រាអែល។ បន្ទាប់ពី អេហ្ស៊ីប និង​ហ្សកដានីដែល​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាពជាមួយអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​អារ៉ាប់​៣ទៀត ទើបបាន​ចុះកិច្ចព្រមព្រៀង ភ្ជាប់ទំនាក់ទំនង​ធម្មតាជាមួយ​អ៊ីស្រាអែល។

​ ការភ្ជាប់ទំនាក់ទំនង​ប្រក្រតី ដែលមានន័យស្មើ​ទទួលរដ្ឋ​​អ៊ីស្រាអែល ត្រូវ​បាន​ប្រជាជន​ប៉ាឡេស្ទីន​ចាត់ទុក​ជាទង្វើក្បត់ និង​ខុសផ្ទុយស្រឡះ​ពីគោលនយោបាយ​របស់​សម្ព័ន្ធ​អារ៉ាប់​ដែលថា នឹង​គ្មានទេ ទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ីស្រាអែល បើសិន អ៊ីស្រាអែល​មិន​ទាន់​ចុះកិច្ចព្រមព្រៀង​សន្តិភាពជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។

ដំណើរការចរចាស្វែងរក​សន្តិភាព​អ៊ីស្រាអែល ប៉ាឡេស្ទីន​បានជាប់គាំង គ្មានច្រកចេញសោះឡើយ។ អ៊ីស្រាអែល​កំពុងត្រូវ​បណ្តាសា​ពីប្រជាជនប៉ាឡេស្ទីន និងការរិះគន់ ពីសហគមន៍​អន្តរជាតិ ក្នុងរឿងដែល​អ៊ីស្រាអែលចូលឈ្លានពាន ​ពង្រីក​ដែនអាណានិគមកិច្ច​ខុសច្បាប់​ទៅក្នុង​ដែនដី​របស់​​ប្រជាជនប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ