អានតួអត្ថបទ
សហរដ្ឋអាមេរិក-អេមីរ៉ាតអារ៉ាប់រួម

អាមេរិកសម្រេចលក់យន្តហោះចម្បាំង F-៣៥ ឲ្យអេមីរ៉ាតអារ៉ាប់រួមក្នុងទឹកប្រាក់ជាង ១០ ៤០០លានដុល្លារ

សហរដ្ឋអាមេរិក​បាន​សម្រេច​លក់​យន្តហោះចម្បាំង​ប្រភេទ F-៣៥ ទៅ​ឲ្យ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ជា​ផ្លូវការ គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​យន្តហោះចម្បាំង F-៣៥ ដែល​អាមេរិក​សម្រេច​លក់​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​ទេ។ តែ​អ្នក​ជំនួយការ​សភា​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មាន​ចំនួន ៥០គ្រឿង​ដែល​មាន​គិត​ជា​ទឹកប្រាក់​សរុប​មាន​ប្រមាណ ១០ ៤០០លានដុល្លារ។ សេចក្តីសម្រេច​របស់​អាមេរិក​ពេល​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អេមីរ៉ាតអារ៉ាប់រួម​បាន​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ដោយ​មាន​អាមេរិក​ជួយ​ជ្រោមជ្រែង។

យន្តហោះចម្បាំងអាមេរិក F-៣៥
យន្តហោះចម្បាំងអាមេរិក F-៣៥ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​លក់​យន្តហោះចម្បាំង F-៣៥ ទៅ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មការ​កិច្ចការបរទេស​នៅ​សភា និង​ព្រឹទ្ធសភា​អាមេរិក។ នេះ​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ព្រោះ​តាម​ទម្លាប់ គឺ​ក្រសួង​ការបរទេស​ទេ​ដែល​ជា​អ្នក​ប្រកាស​ដំណឹង​ស្តីពី​ការ​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​ណា​មួយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​ការបរទេស​មិន​បាន​បដិសេធ​លើ​ព័ត៌មាន​នេះ​ដោយ​គូសបញ្ជាក់​ថា ក្រសួង​នឹង​ធ្វើ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្រោយ​ការ​អនុម័ត​ពី​សភា​ទាំង​ពីរ។

យ៉ាង​ណា​ក៏​ដោយ នេះ​ពិត​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អេមីរ៉ាតអារ៉ាប់រួម ព្រោះ​អស់​ពេល​ជា​យូរ​មក​ហើយ​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​ចង់​បាន​យន្តហោះចម្បាំង F-៣៥ របស់​អាមេរិក។ សូម​បញ្ជាក់​ថា​ជា​ប្រវតិ្តសាស្រ្ត ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក​បាន​ប្រឆាំង និង​រារាំង​មិន​ឲ្យ​អាមេរិក​លក់​យន្តហោះចម្បាំង F-៣៥ ទៅ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទេ រួម​ទាំង​ប្រទេស​ហ្សកដានី និង​អេហ្ស៊ីប​ដែល​អ៊ីស្រាអែល​មាន​កិច្ចព្រមព្រៀងសន្តិភាព។ មូលហេតុ គឺ​អ៊ីស្រាអែល​ចង់​បន្ត​រក្សា​ឧត្តមភាព​បច្ចេកវិទ្យា​ខាង​យន្តហោះចម្បាំង​ប្រភេទ F-៣៥។

តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​ដែល​អាមេរិក​សម្រេច​លក់​យន្តហោះចម្បាំង F-៣៥​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ប្រទេស​អារ៉ាប់​មួយ​នេះ​បាន​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ ម្យ៉ាង​ទៀត សេចក្តីសម្រេច​របស់​អាមេរិក​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Mark Esper បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​ក្នុង​ទឹកដី​អ៊ីស្រាអែល​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​ជជែក​ពី​ការ​បង្កើន​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ លោក Esper មិន​បាន​និយាយ​ពី​ការ​លក់​យន្តហោះចម្បាំង F-៣៥ ទៅ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​ទេ។

អ៊ីស្រាអែល​បាន​បញ្ជាក់​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថា ខ្លួន​​មិន​ជំទាស់​នឹង​ការ​លក់​យន្តហោះចម្បាំង F-៣៥ របស់​អាមេរិក​ទៅ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​ទេ ក្រោយ​ពី​ទទួល​បាន​ការ​ធានា​ពី​លោក Esper។ លោក Eliot Engel សមាជិក​សភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ព្រមាន​ថា ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​របស់​ប្រទេស​អារ៉ាប់​ជាមួយ​អ៊ីស្រាអែល​អាច​បង្ក​ឲ្យ​មាន​ការ​ប្រណាំងប្រជែង​សព្វាវុធ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ក៏​ចង់​បាន​យន្តហោះចម្បាំង F-៣៥ ដែរ ពិសេស​កាតារ និង​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ