អានតួអត្ថបទ
អ៊ីស្រាអែល-កូវីដ១៩

កូ​វីដ១៩៖ ឆ្លងរាលដាល​លឿនពេក អ៊ីស្រាអែល​បិទខ្ទប់​ប្រទេស​ទាំងស្រុង សា​ជាថ្មី ​៣សប្តាហ៍

នៅអ៊ីស្រាអែល ការឆ្លងរាលដាល មេរោគកូរ៉ូណាវីរុសថ្មី មានសន្ទុះខ្លាំងបំផុត ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើប្រៀបធៀបទៅនឹងចំនួន​ប្រជាជនប្រមាណតែ៩លាននាក់ អ៊ីស្រាអែល ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេលំដាប់ទី២ ពោលគឺប្រមាណជាង ១៥៥០០០នាក់។ ​ដោយសារតែ​ពិធីបុណ្យចូលឆ្នាំ និងបុណ្យផ្សេងៗនៃប្រពៃណីសាសនាជ្វីហ្វ កាន់តែខិតជិត​មកដល់ ដែលជាឱកាស ដែល​ប្រជាជនអ៊ីស្រាអែល ត្រូវជួបជុំគ្នាច្រើន រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចនៅថ្ងៃទី​១៤កញ្ញានេះ បិទខ្ទប់ប្រទេសទាំងស្រុងឡើងវិញ ក្នុងរយៈពេល​៣សប្តាហ៍។

លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ Beit Shemesh ថ្ងៃទី​៨ កញ្ញា ២០២០
លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ Beit Shemesh ថ្ងៃទី​៨ កញ្ញា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

មានប្រជាជន៩លាននាក់ អ៊ីស្រាអែល មានអ្នកផ្ទុកកូវីដ១៩ ចំនួន ១៥៥៦០៤នាក់ ដែលក្នុងនេះ មានស្លាប់១១១៩នាក់ គិតត្រឹមថ្ងៃទី​១៤កញ្ញា។ នេះគឺជាកម្រិតឆ្លងរាលដាល ខ្ពស់បំផុតលំដាប់ទី២ បើប្រៀបធៀបទៅនឹងប្រទេសដ៏ទៃ ទូទាំងពិភពលោក។

គិតពីចុងខែ​សីហាមក ដែលសាលារៀនបានបើកទ្វារឡើងវិញនៅអ៊ីស្រាអែល ហើយ​កម្មវិធីបុណ្យ ឬមង្គលការ បានប្រារព្ធធ្វើយ៉ាងព្រោងព្រាត វាបានធ្វើឲ្យ​សន្ទុះនៃការឆ្លងរាលដាក នូវកូវីដ១៩ បាន​ផ្ទុះឡើងខ្លាំងណាស់។ ប្រឈមនឹងបញ្ហានេះ កាលពីសប្តាហ៍មុន​ អាជ្ញាធរអ៊ីស្រាអែល បានព្យាយាម ចេញវិធានការ ហាមឃាត់ការធ្វើដំណើរ នៅតាមទីក្រុងនិងឃុំជាង​៤០ ទូទាំងប្រទេស។ ក៏ប៉ុន្តែ នៅតែមិនអាចទប់ការឆ្លងរាលដាលកូវីដ១៩ បានដដែល។

ប៉ុន្មានថ្ងៃមកហើយ ដែល​នៅក្នុងរដ្ឋាភិបាល មានការជជែកដេញដោល ប្រកែកគ្នា ដោយមួយក្រុមទាមទារឲ្យ​បិទខ្ទប់ប្រទេសទាំងស្រុងឡើងវិញ ឲ្យ​តឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងមួយក្រុមទៀត បានលើកឡើងថា ត្រូវបិទដោយផ្នែក និងតាមទីតាំង ដើម្បីកុំឲ្យ​សេដ្ឋកិច្ចត្រូវរាំងស្ទះ។​ ទីបំផុត លោកណេតាន់យ៉ាហ៊ូ បានសម្រេចជ្រើសយក​វិធានការខ្លាំង គឺបិទខ្ទប់ទាំងស្រុងឡើងវិញ រយៈពេល៣សប្តាហ៍។

ការបិទខ្ទប់ នឹងចូលជាធរមានទូទាំងប្រទេស ចាប់ពីថ្ងៃទី​សុក្រទី ១៩កញ្ញា រហូតដល់ថ្ងៃទី​៩ ខែតុលា។ ក្នុងអំឡុងពេលនេះ គឺស្ថិតចំពេល​នៃបុណ្យប្រពៃណីសាសនាជ្វីហ្វ ដូចជាបុណ្យ Rosh Hashana ដែល​ជាប​ុណ្យ​ចូលឆ្នាំថ្មីជ្វីហ្វ បន្ទាប់មកបុណ្យបួស Yom Kippour និងបុណ្យ Soukkot។ ក្នុងអំឡុងពេល​៣សប្តាហ៍នេះ ការជួបជុំមិនថាក្នុងរង្វង់គ្រួសារ ឬការសូត្រធម៌នៅតាមវិហារ Synagogues មិនអាចអោយលើសពី​១០នាក់បានទេ បើសិនជាកន្លែងបិទជិត និង២០នាក់ នៅកន្លែងហាលវាលបើកចំហរ។ 

លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា ឆ្នាំនេះមិនអាចដូចឆ្នាំមុនៗឡើយ ហើយ​ប្រជាជនត្រូវតែខិតខំ​អត់ធ្មត់ ព្រោះកម្មវត្ថុរបស់រដ្ឋាភិបាល​ គឺដើម្បីតែការពារសុខភាព​របស់​ប្រជាជនតែប៉ុណ្ណោះ។ ដោយឡែក នៅមុនការប្រកាសបិទខ្ទប់ប្រទេសទាំងស្រុងឡើងវិញនេះ លោក Yaacov Litzman ប្រធានបក្ស​អ៊ុលត្រាអកតូដុកជ្វីហ្វ ដែលជាដៃគូ ក្នុងរដ្ឋាភិបាល​លោកណេតាន់យ៉ាហ៊ូ បានសម្រេច​ដើរចេញពីរដ្ឋាភិបាល ដើម្បីបញ្ជាក់ពីការជំទាស់ ក្នុងបិទខ្ទប់ប្រទេសទាំងស្រុងនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ