អានតួអត្ថបទ
អ៊ីស្រាអែល ប៉ាឡេស្ទីន

សហភាពអឺរ៉ុប ​អំពាវនាវឲ្យរដ្ឋាភិបាលថ្មី​អ៊ីស្រាអែល បោះបង់​ចោល​គម្រោង​យកដី​ប៉ាឡេស្ទីន

រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល​ ទើបតែបានស្បថចូលកាន់តំណែង កាលពីថ្ងៃអាទិត្យទី​១៧ឧសភា ក្រោយឆ្លងកាត់វិបត្តិនយោបាយ អស់រយៈពេលមួយឆ្នាំកន្លះ។ ថ្ងៃអង្គារ​ទី១៩ ឧសភា សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍​មួយ ដោយបានអំពាវនាវ សុំឲ្យ​រដ្ឋាភិបាលថ្មីអ៊ីស្រាអែល​នេះ បោះបង់ចោលគម្រោងការ កាត់យកដីរបស់ប៉ាឡេស្ទីន មកក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ទង្វើនេះ សហភាពអឺរ៉ុបចាត់ទុកថាជាអំពើបំពាននឹងច្បាប់អន្តរជាតិ។

ប្រជាជនប៉ាឡេស្ទីន ធ្វើបាតុុកម្ម​ប្រឆាំងនឹងគម្រោងកាត់យកដីនៅតំបន់ស៊ីហ្សកដានី ធ្វើជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។ ភូមិ Sawiya ជិត Nablus ថ្ងៃទី​១៥ ឧសភា​២០២០។
ប្រជាជនប៉ាឡេស្ទីន ធ្វើបាតុុកម្ម​ប្រឆាំងនឹងគម្រោងកាត់យកដីនៅតំបន់ស៊ីហ្សកដានី ធ្វើជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។ ភូមិ Sawiya ជិត Nablus ថ្ងៃទី​១៥ ឧសភា​២០២០។ REUTERS - Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

លោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ ចុះហត្ថលេខាដោយប្រទេសសមាជិកចំនួន​២៥ប្រទេស ដោយបានអំពាវនាវ ឲ្យរដ្ឋាភិបាលអ៊ីស្រាអែល​ ដែលទើបតែកកើតថ្មីនេះ ត្រូវបោះបង់ចោលនូវគម្រោងកាត់យកដីប៉ាឡេស្ទីន​ ក្នុងតំបន់ស៊ីហ្សកដានី និងតំបន់វាលទំនាបទន្លេហ្សកដង់ មកធ្វើជារបស់ខ្លួន។ ទទ្វើប្រកាសអធិបតេយ្យភាព​ដោយអត្តនោម័ត ទៅលើដែនដីប៉ាឡេស្ទីន គឺជាទង្វើបំពាននឹងច្បាប់អន្តរជាតិ។

លោក Peter Stano អ្នកនាំពាក្យប្រមុខការទូតអឺរ៉ុ​ប បានលើកឡើងថា តាមរយៈសេចក្តីថ្លែងការណ៍នេះ​ សហភាពអឺរ៉ុបចង់បញ្ជាក់អំពីភាពជាធំមិនអាចបំពានបាន នៃច្បាប់អន្តរជាតិជាធរមាន ព្រមទាំងគោលជំហររបស់​របស់សហភាពអឺរ៉ុប ក្នុងការ​ទទួលស្គាល់ប៉ាឡេស្ទីន​ និងអ៊ីស្រាអែល ជា​រដ្ឋពីរឯករាជ្យស្មើភាពគ្នា។ អ្នកនាំពាក្យរូបនេះ បន្តថា នេះគឺជាដំណោះស្រាយតែមួយគត់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែង។ ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ សហភាពអឺរ៉ុបត្រៀមខ្លួនជានឹច្ច នឹងធ្វើការជាមួយរដ្ឋាភិបាលថ្មី របស់អ៊ីស្រាអែល។

យ៉ាងណាមិញ លោក Jean Asselborn រដ្ឋមន្ត្រីការបរទេសលុចហ្សំបួរ បានលើកឡើងថា សេចក្តី​ថ្លែងការណ៍​នេះ គ្មានលក្ខណៈវាយប្រហារទៅលើអ៊ីស្រាអែលទេ ព្រោះសហភាពអឺរ៉ុប មិនបានលើកឡើង​អំពីការដាក់ទណ្ឌកម្មអ្វីណាមួយ ទៅលើអ៊ីស្រាអែល​ឡើយ។ សហភាពអឺរ៉ុបចង់ទុកពេល២ខែ ដើម្បីធ្វើយ៉ាងណាឲ្យ​អ៊ីស្រាអែលប្តូរគោលជំហរ។ តែលោក​ប្រមុខការទូតរូបនេះ សង្កត់ធ្ងន់ថា ក៏ប៉ុន្តែបើសិនជាអ៊ីស្រាអែលនៅតែរឹងរូស កាត់យកដីប៉ាឡេស្ទីនមកធ្វើជារបស់ខ្លួន នោះគឺវាមិនខុស ពីការដែលរុស្ស៊ីចូលទៅទន្ទ្រាន ប្លន់យកតំបន់គ្រីម៉េពីអ៊ុយក្រែននោះទេ។

សូមបញ្ជាក់ថា យោងតាមផែនការសន្តិភាព ពុះចែកព្រំដែនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំបានគូសវាស គឺអ៊ីស្រាអែលអាចមានសិទ្ធិច្បាមយកតំបន់អាណានិគមជនជាតិជ្​វីហ្វ ចំនួនជាង១៣០ទីតាំង នៅក្នុងដែន​ដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន មកធ្វើជាដីរបស់អ៊ីស្រាអែលជាផ្លូវការ។ អ៊ីស្រាអែល ក៏អាចច្បាមយកទឹកដីតាមតំបន់វាលទំនាប​ តាមបណ្តោយ​ទន្លេហ្សកដង់ មកជារបស់ខ្លួនដែរ។

កាលពីថ្ងៃអាទិត្យទី​១៧ឧសភា នៅចំពោះមុខសភា ក្នុងពេលស្បថចូលកាន់មុខតំណែង លោកណេតាន់យ៉ាហ៊ូ ដែលនឹងត្រូវចែករំលែកកៅអីនាយករដ្ឋមន្ត្រីជាមួយលោកប៊ែននី ហ្កាន់ស៍ បានលើកឡើងថា វាដល់ពេលហើយ ដែលអ៊ីស្រាអែលត្រូវប្រើច្បាប់អធិបតេយ្យរបស់អ៊ីស្រាអែល ទៅលើតំបន់ស៊ីហ្សកដានី។ ចំណែកលោក ប៊ែននី ហ្កាន់ស៍ ថ្វីបើមិនបាននិយាយអំពីចំណុចនេះមែន តែលោកបានអបអរចំពោះ​ផែនការរបស់លោកដូណាល់ត្រាំ។ លោក Gabi Ashkenazi​រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីស្រាអែល​ បានប្រកាសថា ផែនការសន្តិសភាពគូសវាស​ដោយលោកដូណាល់ ត្រាំ គឺជាឱកាសជាប្រវត្តិសាស្ត្រ ហុចឲ្យ​អ៊ីស្រាអែល ដើម្បីកសាងចាក់គ្រិះរដ្ឋអ៊ីស្រាអែល​ ទៅថ្ងៃអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ